ផ្អើលភ្លូកទឹកភ្លូកដី ! ​ភ្លើង​ឆេះ​ក្នុងផ្ទះ​​១៥​ថ្ងៃជាប់គ្នា

ខេត្តបាត់ដំបង​ ៖ ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​​ថា កាល​ពី​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ២០១៦​ អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​បាន​នាំ​គ្នា​ធ្វើ​ពិធី​តាម​បែប​សាសនា​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ​នៅផ្ទះ​មួយ​ ស្ថិត​នៅ​ក្នុងភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង ស្រុក​បាណ​ន់ ។

ពិធីបួងសួង​តាម​បែប​សាសនា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​នៅ​ក្នុងផ្ទះ​ដែល​មាន​ម្ចាស់ផ្ទះ​ប្តី​ឈ្មោះ បឿន សា​លឿន អាយុ​៣៧​ឆ្នាំ និង​ប្រ​ព​ន្ឋ​ឈ្មោះ កោប យី អាយុ​៣៨​ឆ្នាំ មានកូន​៣​នាក់​គិត​ទាំង​កូន​ក្នុង​ផ្ទៃ​៨​ខែ បាន​កើត​មាន​ភ្លើង​ឆេះ​ដោយ​មិនដឹង​មូលហេតុ​តាំងពី​ថ្ងៃ​ទី​១៧កក្កដា រហូត​មក​ដល់​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៣០កក្កដា ។

សេចក្តីរាយការណ៍​បាន​ស្រង់​សំដី​ម្ចាស់ផ្ទះ ​និង​អ្នក​ជិតខាង​ ឲ្យ​ដឹង​ថា នៅ​ក្នុងផ្ទះ​ចេះ​តែ​កើត​មាន​ភ្លើង​ឆេះ​រហូត ដោយ​ម្តង​ឆេះ​ខ្នើយ ម្តង​ឆេះ​ជង្រុក​ស្រូវ ឆេះ​កញ្ច្រែង​ដាក់​ឌី​ស​បទ​ចម្រៀង ហើយ​ពេល​ម្ចាស់ផ្ទះ​រើ​អីវ៉ាន់​ចុះ​ក្រោម​អស់​ដាក់​លើ​របង​ក៏​ឆេះ​របងទៀត និយាយ​រួម​ដាក់​អីវ៉ាន់​ត្រង់​ណា​ឆេះ​ត្រង់​ហ្នឹង​ដោយ​មិនដឹង​មូលហេតុ រហូត​អ្នក​ជិតខាង​មិន​ហ៊ាន​ឲ្យ​ផ្ញើ​អីវ៉ាន់​តទៅទៀត ។

ដោយ​កើត​មាន​ភ្លើង​ឆេះ​អីវ៉ាន់​មិន​ចេះ​ចប់ ទើប​ម្ចាស់ផ្ទះ​បាន​ទៅ​រក​ព្រះសង្ឃ​មើល ហើយ​ព្រះសង្ឃ​បាន​មាន​ថេរៈ​ដីកា​តាម​បែប​អបិយ​ជំនឿ​ថា​ ម្ចាស់ផ្ទះ​បាន​យក​របស់​លោហៈធាតុ​អ្វី​ម្យ៉ាង​ដាក់​ក្នុងផ្ទះ​ បណ្តាល​ឲ្យ​កើត​មាន​ភ្លើង​ឆេះបែប​នេះ ។

ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ទៀត​ថា គាត់​បាន​រើស​បាន​លោក​ហៈ​ធាតុ​កញ្ចាំង​(​ស្រ​ដៀង​ម្កុដ​) មាន​ទំហំ​៧​ហ៊ុន​មក​ទុក​លើ​ផ្ទះ ហើយ​ចាប់តាំងពី​ថ្ងៃ​នោះ​មក​ក៏កើត​មាន​ភ្លើង​ឆេះ​ក្នុងផ្ទះ​រហូត ប៉ុន្តែ​អ្វី​ដែល​ជា​ច​ម្ង​ល់​នោះ​ទៀត នៅ​ពេល​ម្ចាស់​បាន​យក​កញ្ចាំង​ពីលើ​ផ្ទះ​ចុះ​ក្រោម ក៏​ភ្លើង​ឆេះ​​នៅ​តែ​កើត​មាន​ដដែល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី៣១​កក្កដា ដោយសារ​មានការ​ឧបត្ថម្ភ​ពី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​-​ស្រុក ក៏​ធ្វើ​ពិធី​រៀបចំ​បួងសួង​សុំ​សេចក្តីសុខ​ដោយ​មាន​ប្រជាពលរដ្ឋ​អ្នក​ភូមិ និង​អាជ្ញាធរ​ចូលរួម​រាប់រយ​នាក់ ៕