ទីបំផុត កង់​ជនជាតិ​ជប៉ុន​ដែល​បាត់ ត្រូវ​បាន​រក​ឃើញ​វិញ​ហើយ

រាជធានី​ភ្នំពេញ ៖ គិត​មក​ត្រឹម​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៦​ កង់​របស់​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​បាន​បាត់​អស់​រយៈពេល​ជាង​១០​ថ្ងៃ​ក្នុង​ទឹកដី​ក្រុងភ្នំពេញ ត្រូវ​បាន​រក​ឃើញ​វិញ​ហើយ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជនជាតិ​ជប៉ុន​ជា​ម្ចាស់​កង់​មានឈ្មោះ Shun Yanagisawa ។ រូប​គាត់​បាន​បាត់​កង់​សំណព្វចិត្ត​តាំងពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦​កន្លង​ទៅ នៅ​ក្នុង​សណ្ឋាគារ អ៊ូ​រ៉ា មា​នទី​តាំងនៅ​ខាងក្រោយ​ព្រះ​បរមរាជវាំង ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ក្រោយ​ពី​គាត់​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ មក​ដល់​ក្រុងភ្នំពេញ ហើយ​ចូល​ទៅ​សម្រាក​ក្នុង​សណ្ឋាគារ​នោះ​ទើបបាន​មួយ​ថ្ងៃ ។

អ្វី​ជា​ការ​កត់សម្គាល់ ក្រោយ​កង់​របស់​គាត់​ត្រូវ​បាន​បាត់ គាត់​បាន​ព្យាយាម​ដើរ​រក​ដោយ​ថ្មើរជើង​នៅ​តាម​ហាង​លក់​កង់​តូច​ធំ​នានា ម្តុំ​ផ្សារ​កណ្តាល ផ្សារ​អូរ​ឫស្សី និង​ផ្សារ​មួយ​ចំនួន​ទៀត​ក្នុង​រាជធានី​ភ្នំពេញ អស់​រយៈពេល​ជាង​១០​ថ្ងៃ បើ​គិត​មក​ត្រឹម​ថ្ងៃ​បាត់​រហូត​ដល់​ថ្ងៃ​៣១​កក្កដា ប៉ុន្តែ​នៅ​តែ​រក​មិនឃើញ​សោះ ។ ទន្ទឹម​នឹង​ការ​បាត់​នោះ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​សបុ​កបាន​នាំ​គ្នា​បង្ហោះ​ព្រោងព្រាត ដោយ​មានការ​អាណិត​បុរស​ជនជាតិ​ជប៉ុន​នោះ​ជា​ខ្លាំង​ទៅ​លើ ដែល​បាន​ខិតខំ​ដើរ​រក​កង់​របស់​ខ្លួន តែ​រក​មិនឃើញ ដែល​កង់​មួយ​នេះ​ទេ អាច​និយាយ​បាន​ថា ជា​កង់​សំណព្វចិត្ត​របស់​គាត់ គ្មាន​អ្វី​ប្រៀ​ម​ផ្ទឹម​បាន​ឡើយ ព្រោះ​វា​បាន​ធ្វើ​ដំណើរ​ជាមួយ​គាត់​ឆ្លងកាត់​អស់​ប្រទេស​ជា​ច្រើន ជាក់ស្តែង​ពេល​នេះ វា​បាន​មក​ដល់​កម្ពុជា ជាមួយ​គាត់​ផង​ដែរ ។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៦​នេះ កង់​របស់​ជនជាតិ​ជប៉ុន​ខាងលើ​ត្រូវ​បាន​លោក​អ៊ុំ​ចំណាស់​ម្នាក់​យក​មក​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ ។ លោក​អ៊ុំ​រូប​នោះ​មានឈ្មោះ លី ងួ​ន ភេទ​ប្រុស អាយុ ៥១​ឆ្នាំ រូប​គាត់​បាន​បញ្ជាក់​ថា កង់​នោះ​គាត់​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ដី​ឡូ​តិ៍​តូច​មួយ​កន្លែង​ក្នុង​ក្រុម​ទី​៤ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ស្រប​ពេល​ដែល​កម្លាំង​នគរបាល​មូលដ្ឋាន​កំពុង​បន្ត​រក​កង់​នោះ​ផង​ដែរ ។ ក្រោយ​ប្រទះ​ឃើញ រូប​គាត់​បាន​រាយការណ៍​ជូន​នគរបាល ទើប​កម្លាំង​នគរបាល​ចុះ​ទៅ​យក​កង់​នោះ​យក​មក​រក្សា​ទុក​នៅ​មូលដ្ឋាន​នគរបាល​ប៉ុស្តិ៍​តែ​ម្តង​ទៅ ។

យ៉ាងណាមិញ គិត​មក​ត្រឹម​វេលា​ម៉ោង​១៣ និង​៣០​នាទី​រសៀល​នេះ កង់​របស់​ជនជាតិ​ជប៉ុន​ខាងលើ ត្រូវ​បាន​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹង​មាន​ជ័យ រង់ចាំ​បុរស​ជា​ជនជាតិ​ជប៉ុន​មក​ទទួលយក​ទៅ​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៦​​ផង​ដែរ ៕