អ្នក​ដឹក​នាំ​រឿង “ស្រទន់​មន្ត​ស្នេហ៍” ធ្លាប់​​ធ្វើ​ការ​ជាមួយ Angelina Jolie

អ្នក​ដឹកនាំ​វ័យ​ក្មេង ជ័យ សម្បត្តិ ទើប​នឹង​ទទួល​ភារកិច្ច​ដឹក​នាំ​វីដេអូ​ភាគ​ដែល​ប្រែ​ក្លាយ​ពី​ប្រលោម​លោក​ពេញ​និយម​​រឿង “ស្រទន់​មន្ត​ស្នេហ៍”។ តាម​សាវតា​របស់​លោក គឺ​លោក​​ធ្លាប់​​បាន​រួម​ការងារ​ជាមួយ​កំពូល​តារា​ហូលីវូដ​ស្រី Angelina Jolie ។

 

អ្នក​ដឹក​នាំ​រឿង “ស្រទន់​មន្ត​ស្នេហ៍” ធ្លាប់​​ធ្វើ​ការ​ជាមួយ Angelina Jolie

 

សម្បត្តិ បាន​រៀបរាប់​បន្ត​ថា​ លោក​គឺជា​អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍ ​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ ២០១០។ តែ​មូលហេតុ​ដែល​ធ្វើឲ្យ​លោក​អាច​​ចាប់​អាជីព​នេះ​ជាប់មក​ដល់​សព្វថ្ងៃ​ ព្រោះ​ស្រលាញ់​ការ​ថតរូប ថត​វីដេអូ ជាដើម។ “ក្រោយ​ចប់​ការ​សិក្សា ​បាន​ចូល​ធ្វើការ​នៅ​អង្គការ BBC Action ជា​ស្ប៉ត​អប់រំ ធ្វើឲ្យ​ខ្ញុំ​កាន់តែ​ស្រលាញ់​ការងារ​នេះ​ថែម​ទៀត​”។

 

បន្ទាប់ពី​បាន​បញ្ចេញ​ស្នាដៃ​អប់រំ​រួច​មក​ លោក​ក៏​មាន​ឱកាស​ដឹកនាំ​រឿង​មួយ​ចំនួន​ ដែល​ប្រិយមិត្ត​ជា​ច្រើន​បាន​ទទួល​ស្គាល់​។ រឿង​ទាំង​នោះ សុទ្ធ​ជា​រឿង​ស្ថិត​ក្នុង​គម្រោង​របស់​អង្គការ BBC Action  ក្នុង​កម្មវិធី “ឡូយ ៩” “ស្នេហ៍៩” និង​ចុងក្រោយ​​គឺ “ក្លាហាន ៩”។ លោក​បន្ត​ថា​ ស្នាដៃ​ដឹកនាំ​របស់​លោក​មួយ​ចំនួន​ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​អប់រំ​ដែល​មាន​គ្រប់​រសជាតិ។

 

 

ចំណែក​ស្នាដៃ​ផ្នែក​រឿង​ភាគ​ដំបូង​របស់​លោក​មាន​ចំណងជើង​ថា​ “កាម៉ុង​កំពត” ។ “មិន​ត្រឹមតែ​ប៉ុណ្ណោះ​ខ្ញុំ​ធ្លាប់​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន ហើយ​ថ្មី​ៗ​នេះ​ខ្ញុំ​ទើប​បញ្ចប់​ការ​ងារ​ជាមួយ​អ្នកស្រី Angelina Jolie ក្នុង​រឿង “ដំបូង​គេ​សម្លាប់​លោក​ប៉ា​របស់​ខ្ញុំ​” ដែល​ខ្ញុំ​ជា​អ្នក​ស្វែង​រក​ទីតាំង​ឲ្យ​សក្តិសម​នឹង​សាច់រឿង​មួយ​នោះ”។

 

ស្នាដៃ​បន្ទាប់​ទៀត​របស់​អ្នក​ដឹកនាំ​ខាង​លើ គឺ​រឿង “ស្រទន់​មន្ត​ស្នេហ៍” ជា​ប្រភេទ​វីដេអូ​ភាគ​ទូរទស្សន៍។ រឿង​នេះ ប្រែ​ក្លាយ​ពី​ប្រលោម​លោក បន្ទាប់​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​លើស​លប់​ពីមហាជន។ បច្ចុប្បន្ន “ស្រទន់​មន្តស្នេហ៍” កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល បើក​ឱកាស​ឲ្យ​ប្រិយមិត្ត ក៏​ដូច​ជា​សិល្បករ ចូល​រួម​​សម្ដែង​សាក​ល្បងសមត្ថភាព(Casting) និង​បន្ត​រហូត​ដំណាច់ខែ​សីហានេះ៕

 

ចង់​ដឹង​ពី​​វិធី​ទទួល​បាន​ឱកាស​ចូល​ទៅ​សម្ដែង​សាក​ល្បង (Casting) សូម​ចុច​ទី​នេះ…!

 

អត្ថបទ៖ទ្រី រ៉ាវី