បឹងកេត លត់ថាយហ្គឺរ យ៉ាងចាស់ដៃ ឯប៉ូលិស ឈ្នះស៊ីម៉ាក់

ក្រុមបឹងកេតអង្គរ ខិតកាន់តែកៀក ក្នុងការឈ្នះពានរង្វាន់ក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ប្រចាំឆ្នាំ២០១៦នេះ បន្ទាប់ពីពួកគេ បានបន្តយកឈ្នះក្រុមខេមបូឌានថាយហ្គឺរ កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ ឯក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) បានយកឈ្នះមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ក្រុមស៊ីម៉ាក់) ក្នុងលទ្ធផល ១-០។

local1

សម្រាប់ការប្រកួត ដែលធ្វើនៅពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញនោះ ក្រុមប៉ូលិស និងក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ដែលធ្លាប់ស្មើគ្នា ២-២ ក្នុងជើងទី១នោះ បានធ្វើការប្រកួតគ្នាយ៉ាងស្វិតស្វាញបំផុត តែក្រុមទាំង២ រកមិនឃើញគ្រាប់បាល់ដូចគ្នា។ ស៊ីម៉ាក់ ហាក់មានប្រៀបជាងក្រុមប៉ូលិស ខណៈពួកគេព្យាយាមដាក់សម្ពាធជាបន្តបន្ទាប់នោះ ហើយក្រុមប៉ូលិស ក៏បានខំវាយបកផងដែរ។

local2

យ៉ាងណាក៏ដោយ នៅនាទីទី៨៦ខ្សែប្រយុទ្ធ ទិត្យ ឌីណា បានរកឃើញគ្រាប់បាល់ជ័យជម្នះឲ្យក្រុមប៉ូលិស តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អរបស់គេ ហើយលទ្ធផលនេះបានជួយឲ្យក្រុមប៉ូលិស បន្តឈរនៅលេខរៀងទី៧មាន១៤ពិន្ទុ ខណៈក្រុមស៊ីម៉ាក់ នៅតែមាន៨ពិន្ទុ និងឈរនៅលេខរៀងទី៨ដដែល។

local3

ចំណែកក្រុមបឹងកេត ដែលប្រកួតនៅម៉ោងបន្ទាប់នោះ បានលត់ក្រុមខេមបូឌានថាយហ្គឺរ រហូតដល់ ៥-១។ បើទោះបីជា ការជួបគ្នាជើងទី១ បឹងកេត បានវាយបកយកឈ្នះ ខេមបូឌានថាយហ្គឺរ ២-១ ទាំងព្រលឹងចុងសក់ ប៉ុន្តែសម្រាប់ការប្រកួតលើកនេះ បឹងកេត បានបង្ហាញពីការវាយបករកគ្រាប់បាល់យ៉ាងល្អបំផុត ដើម្បីផ្តល់កាដូយ៉ាងខកចិត្តដល់ក្រុមខេមបូឌានថាយហ្គឺរ។

local4

កីឡាករជប៉ុន Kazuki ជាអ្នករកបានគ្រាប់បាល់បើកឆាកឲ្យបឹងកេត នៅនាទីទី១០ មុនពេល Bata បន្ថែម១គ្រាប់ទៀតនៅនាទីទី២០ ដើម្បីនាំមុខ ខេមបូឌានថាយហ្គឺរ ២-០។ នៅក្នុងតង់ទី២ ខ្សែប្រយុទ្ធ Masato បានតែតបាល់បញ្ចូលទី១គ្រាប់ឲ្យក្រុមខេមបូឌានថាយហ្គឺរ នៅនាទីទី៦៧ ប៉ុន្តែខ្សែប្រយុទ្ធ Gbenga បានបន្ថែម២គ្រាប់ទៀតឲ្យបឹងកេត នៅនាទីទី៧៩ និង៨២ ខណៈ ចាន់ វឌ្ឍនាកា បានអូសបាល់ទៅតែម្នាក់ឯង នឹងបានស៊ុតចូលយ៉ាងល្អ នៅនាទីទីបន្ថែម ៩០+៤។

local5

ការបន្តយកឈ្នះលើក្រុមខេមបូឌានថាយហ្គឺរ ៥-១ លើកនេះ វាមិនត្រឹមតែជួយឲ្យបឹងកេត បន្តឈរនៅលើកំពូលតារាងប៉ុណ្ណោះទេ ប៉ុន្តែការមាន៣៧ពិន្ទុ លើសដៃគូប្រកួតក្រសួងការពារជាតិរហូតដល់៦ពិន្ទុនោះ នឹងធ្វើឲ្យបឹងកេត ខិតកាន់តែកៀកក្នុងការឈ្នះពានក្នុងរដូវកាលនេះ ព្រោះពួកគេនៅសល់តែ៤ប្រកួតទៀតប៉ុណ្ណោះ៕

តារាងចំណាត់ថ្នាក់ជាបណ្តោះអាសន្ននៃការប្រកួតក្របខ័ណ្ឌមិត្តហ្វូនខេមបូជានលីក ឆ្នាំ២០១៦

localtable

The post បឹងកេត លត់ថាយហ្គឺរ យ៉ាងចាស់ដៃ ឯប៉ូលិស ឈ្នះស៊ីម៉ាក់ appeared first on CamboSport.