កើតកូន​​នៅ​កណ្ដាល​សមុទ្រ បន្ទាប់​ពី​ឪពុក​ម្ដាយ​ត្រូវ​បាន​ជួយ​សង្គ្រោះ ជា​មួយ​ជន​ភៀស​ខ្លួន​រាប់ពាន់

ទារិកា «Joy Aurora» បានឃើញពន្លឺថ្ងៃ នៅលើនាវាកងទ័ព របស់ប្រទេសអ៊ីតាលី ដែលជានាវា​មួយ ក្នុង​ចំណោម​នាវា​ជា​ច្រើន ដែល​បាន​ចូលរួម​ជួយ​សង្គ្រោះ ជនភៀសខ្លួនតាមកាណូត ពី​កណ្ដាល​មហាសាគរ មេឌីទែរ៉ាណេ។ ការប្រសូត​បុត្រ​​របស់​ជន​ភៀស​ខ្លួន នៅតាមផ្លូវ​រត់​ភៀស​ខ្លួន​ដ៏​មាន​គ្រោះថ្នាក់​នេះ បានកើត​ឡើង​ជាលើកទី៣​ហើយ សម្រាប់​រយៈពេល​១ខែ​ចុង​ក្រោយ។
កើតកូន​​នៅ​កណ្ដាល​សមុទ្រ បន្ទាប់​ពី​ឪពុក​ម្ដាយ​ត្រូវ​បាន​ជួយ​សង្គ្រោះ ជា​មួយ​ជន​ភៀស​ខ្លួន​រាប់ពាន់

ការណូតដែលពេញប្រៀប ដោយជនភៀសខ្លួន បានដឹកចម្លងសមុទ្រ នាំជនទាំងនោះ មកកាន់ទ្វីបអ៊ឺរ៉ុប។ (រូបថតឯកសារ)

នាវាកងទ័ព និងនាវាផ្នែកមនុស្សធម៌ ជាច្រើន បានជួយសង្គ្រោះជនភៀសខ្លួនតាមកាណូត ច្រើនជាង​៣​៤០០ នាក់ កាលពីថ្ងៃសុក្រនេះ ពីកណ្ដាលសមុទ្រមេឌីទែរ៉ាណេ។ ប៉ុន្តែនៅយប់ថ្ងៃសុក្រ ចូលមកថ្ងៃសៅរ៍ ជន​ភៀស​ខ្លួន​ទាំងនោះ បានបន្ថែមសមាជិក​ដ៏តូចមួយរូបទៀត មានឈ្មោះ «Joy Aurora»។ នេះ បើតាម​អ្វី​ដែល​គេ​បាន​ដឹង ពីការអះអាងរបស់កងរក្សាសមុទ្រ របស់ប្រទេសអ៊ីតាលី កាលពីថ្ងៃសៅរ៍។

ឪពុកម្ដាយរបស់ទារិកា ដែលមានសញ្ជាតិកុងហ្គោ (ប្រទេសមួយ ក្នុងទ្វីបអាហ្វ្រិកកណ្ដាល) ត្រូវបាន​ជួយ​សង្គ្រោះ ជាមួយនឹងជនភៀសខ្លួនដទៃទៀត ដោយនាវាសង្គ្រោះមួយ របស់ប្រទេសអៀឡង់ ដែលកំពុង​ដើរ​ល្បាត នៅក្នុងតំបន់នោះ។ ប៉ុន្តែឪពុកម្ដាយរូបនោះ ត្រូវបានបញ្ជូនជាបន្ត ទៅកាន់នាវា «Bettica (នាវា​សង្គ្រោះ​ផ្នែក​សុខភាព របស់ប្រទេសអ៊ីតាលី)» មួយផ្សេងទៀត បន្ទាប់ពីស្ត្រីជាម្ដាយ បានឲ្យសញ្ញាថា ចង់ឈឺពោះ​ជិត​«ឆ្លង​ទន្លេ»។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានឲ្យដឹងថា ទារិកា «Joy Aurora» បានចេញពីផ្ទៃម្ដាយ នៅវេលាម៉ោង​ប្រមាណ​ជាង៥ ព្រឹកថ្ងៃសៅរ៍ ដោយមានជំនួយពី វេជ្ជបណ្ឌិតម្នាក់ ស្ត្រីឆ្មបម្នាក់ និងស្ត្រីគិលានុបដ្ឋាក ចំនួនពីរនាក់។ ក្រុម​គ្រូ​ពេទ្យទាំងនេះ ធ្លាប់បានជួយបង្កើតកូន ឲ្យជនភៀសខ្លួន ចំនួនពីរដងមុននេះរួចហើយ នៅក្នុងរយៈពេល ត្រឹម​តែ​១ខែ​ចុង​ក្រោយ៖ ម្ដង នៅថ្ងៃទី២៧ ខែ​មិថុនា និង​ម្ដង​ទៀត នៅថ្ងៃទី៥ ខែកក្កដា។

ជនភៀសខ្លួនរាប់ពាន់នាក់ ត្រូវបានជួយសង្គ្រោះ ពីកាណូតតូចៗចំនួន៤គ្រឿង ពេញប្រៀបដោយមនុស្ស ដែល​ព្យាយាមឆ្លង ចូលមកកាន់ទ្វីបអ៊ឺរ៉ុប។ ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពមនុស្សម្នាក់ ពីកណ្ដាល​សមុទ្រ។ ប៉ុន្តែសាកសពដ៏ចម្លែកនេះ ត្រូវបានគេអង្កេតដឹងថា មិនមានជាប់ទាក់ទងអ្វី ជាមួយនឹងជនភៀសខ្លួន ឬ​​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ​ខាង​លើ​ឡើយ។

នាវាគាំពារសុខភាព «Bettica» ត្រូវនាំឪពុកម្ដាយកូន «Joy Aurora» ទៅកាន់ក្រុង «Augusta» ដែលស្ថិតនៅ​ភាគ​ខាងកើត នៃឧបទ្វីប​«Sicile» របស់ប្រទេសអ៊ីតាលី ខណៈជនភៀសខ្លួនផ្សេងទៀត ត្រូវនាំយកទៅកាន់ក្រុង «Pozzallo» ដែលស្ថិតនៅភាគខាងត្បូង នៃឧបទ្វីបដដែល។ ប៉ុន្តែប្រតិបត្តិការជួយសង្គ្រោះ នៅកំពុង​បន្ត​ធ្វើ​នៅ​ឡើយ។ នាថ្ងៃសៅរ៍នេះ ជនភៀសខ្លួន​ជាង​៣០០នាក់​ផ្សេង​ទៀត ត្រូវបានស្រង់ចេញពីតំបន់មួយ ដែលជាប់​នឹង​ដែន​សមុទ្រ នៃប្រទេសលីប៊ី។

បើតាមរបាយការណ៍ របស់ស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកខាងជនភៀសខ្លួន ហៅ​កាត់ថា «UNHCR» បានឲ្យដឹងថា តាំងពីដើមឆ្នាំ២០១៦ រហូតមកដល់ពេលនេះ ជនភៀសខ្លួនជាង ៨៩ ០០០​នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនមកដាក់ នៅក្នុងជំរំជនភៀសខ្លួនមួយ នៅលើទឹកដីអ៊ីតាលី៕