ញាក់សាច់ ! យាយ​កាប់​តា​១​ពូថៅ តា​កាប់​យាយ​វិញ​២​ពូថៅ

ខេត្តកំពត ៖ ប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយគូ​ដោយសារ​តែ​ទាស់​គ្នា​រឿង​ដាំបាយ បណ្ដាល​ឲ្យ​យាយ​កាប់​តា​១​ពូថៅ​ធ្វើ​ឲ្យ​តា​ខឹង​យ៉ាង​ខ្លាំង​ក៏​ដណ្ដើម​ពូថៅ​ពី​យាយ​រួច​កាប់​យាយ​២​ពូថៅ​ចំ​ក្បាល​វិញ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ នៅផ្ទះ​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​១​គូ​នេះ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។

នគរបាល​ប៉ុស្តិ៍​ដំណាក់​កន្ទួត​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា យាយ​ជា​ប្រពន្ធ​ឈ្មោះ ជិន តាន់ អាយុ​៦៣​ឆ្នាំ ចំណែក​តា​ប្តី​ឈ្មោះ ហ៊ឹ​ម អ៊​ន អាយុ​៦៥​ឆ្នាំ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ ។

នគរបាល​ប៉ុស្តិ៍​ដំណាក់​កន្ទួត​ខាងត្បូង​បាន​ឲ្យ​ដឹង​ទៀត​ថា ទំនាស់​ផ្តើម​ចេញពី​រឿង​តា​ស្តីបន្ទោស​យាយ​រឿង​ដាំបាយ ម្យ៉ាង​យាយ​តា​មួយគូ​នេះ​ផឹកស្រា​ស្រវឹង​រៀង​ៗ​ខ្លួន​ផង ​ពេល​ត្រូវ​តា​ស្តី​បន្ទោស​យាយ​ក៏​ខឹង​ហើយ​បាន​យក​ពូថៅ​កាប់​១​ពូថៅ​ចំ​ក្បាល តែ​ដោយសារ​ពូថៅ​ចាស់​មិន​មុត និង​ដោយសារ​យាយ​ចាស់​ហើយ​គ្មាន​កម្លាំង​កាប់​គឺ​គ្រាន់តែ​បណ្ដាល​ឲ្យ​តា​រង​របួសស្រាល​ប៉ុណ្ណោះ ។ ដោយសារ​តែ​យាយ​កាប់​តា​ធ្វើ​ឲ្យ​តា​ខឹង​យ៉ាង​ខ្លាំង​ក៏​ដណ្ដើម​ពូថៅ​ពី​យាយ​វិញ​ហើយ​កាប់​ក្បាល​យាយ​២​ពូថៅ​វិញ តែ​ដោយសារ​តា​ក៏​ចាស់​ណាស់​ទៅ​ហើយ ហើយ​ស្រវឹងស្រា​ឡើង​ញ័រ​ៗ​ទៅ​ហើយ​នោះ ធ្វើ​ឲ្យ​២​ពូថៅ​របស់​តា​គ្រាន់តែ​ធ្វើ​ឲ្យ​យាយ​របួសស្រាល​ដូច​គ្នា​ប៉ុណ្ណោះ ៕