សម័យនេះហើយ តើនៅមានអ្នកសន្សំលុយ ទុកនៅក្រោមខ្នើយទៀតដែរ ឬអត់ណ៎?

សេដ្ឋកិច្ច របស់ប្រទេសនីមួយៗ ក្នុងពិភពលោក តែងតែចង់បានការអភិវឌ្ឍន៍ ក៏ដូចជាភាពរីកចម្រើនឲ្យខ្លាំងក្លានៅគ្រប់វិស័យ។ ជាការពិតណាស់ វិស័យហិរញ្ញវត្ថុ ជាវិស័យដែលសំខាន់បំផុតរបស់ប្រទេស។ ក្នុងនោះធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា គឺជាសរសៃឈាម ដ៏សំខាន់ មិនអាចខ្វះបានឡើយ។ ហេតុនេះទើបរដ្ឋាភិបាល តែងតែជម្រុញឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈ ងាកមកប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ដើម្បីឲ្យប្រទេសជាតិយើង អាចរីកចម្រើនទៅមុខបានរហ័ស។

ស្ថាប័នហិរញ្ញវត្ថុ អាចដំណើរការទៅបាន ក៏ដោយសារតែ ប្រាក់បញ្ញើររបស់អតិថិជន។ អ្វីដែលជាបញ្ហានោះគឺ ប្រជាជនខ្មែរមួយចំនួន នៅតែមិនព្រមតម្កល់ប្រាក់សន្សំតាមរយៈធនាគារឡើយ ពីព្រោះតែហេតុផលមួយចំនួនរៀងៗខ្លួន។ 

ហេតុនេះ Khmerload បានធ្វើការសាកសួរមនុស្សមួយចំនួន ថាតើពួកគេរក្សា និងធ្វើការសន្សំលុយ របស់ខ្លួននៅឯផ្ទះ ឬបានដាក់បញ្ញើរក្នុងធានាគារអស់ហើយ? ចង់ដឹងយ៉ាងណានោះ ទៅតាមដានទាំងអស់គ្នា ៖

ចំពោះបុរសមុខស្រស់ មាឌមាំ ម្នាក់ឈ្មោះ “វ៉ាន់ដា” ដែលសព្វថ្ងៃ ជាបុគ្គលិកនៅក្រុមហ៊ុនលក់រថយន្តមួយកន្លែង ក្នុងរាជធានីភ្នំពេញបានបង្ហាញពីគំនិតផ្តាល់ខ្លួនរបស់លោកថា ៖ “ចំពោះប្រាក់ដែលនៅសល់ពីការចំណាយ គឺភាគច្រើនខ្ញុំរក្សាទុក នៅក្នុងធនាគារ។ ខ្ញុំគិតថាវាសុវត្ថិភាព ហើយជាពិសេស កាត់បន្ថយការចំណាយទៀតផង ព្រោះនៅពេលដែលយើងកាន់លុយច្រើន នៅក្នុងដៃ យើងក៏អាចនឹងចាយច្រើន ទៅតាមហ្នឹងដែរ។ ជាក់ស្តែង មិនត្រឹមតែសុវត្ថិភាពប៉ុណ្ណោះទេ យើងអាចដកសាច់ប្រាក់តាមតម្រូវការបានផងដែរ។” 

លោកបានរៀបរាប់បន្តថា “ខ្ញុំទុកលុយនៅផ្ទះខ្លះដែរ តែមិនច្រើនទេ។ លុយដែលមានក្នុងផ្ទះ ទុកសម្រាប់តែចំនាយប្រចាំថ្ងៃ ឬសម្រាប់ចាយវាយ បន្តិចបន្តួចប៉ុណ្ណោះ។ កាលពីមុនខ្ញុំនៅក្មេងជាងនេះ ខ្ញុំតែងតែមានការបារម្ភថា ធនាគារខ្លះគាត់អាចរត់។ ប៉ុន្តែឥលូវនេះ ដោយសាររដ្ឋាភិបាល មានស្តង់ដារត្រឹមត្រូវ ហើយគ្រប់ធនាគារទាំងអស់ សុទ្ធតែមានការចុះឈ្មោះពីធនាគារជាតិ និងក្រសួងដែលពាក់ព័ន្ធ។ ហេតុនេះ យើងគ្មានការបារម្ភអ្វីទៀតទេ ហើយសំខាន់បំផុតគឺសុវត្ថិភាពនោះឯង។ ខ្ញុំក៏ចង់ផ្តល់ជាអនុសាសន៍ទៅអ្នកដែលមានលុយច្រើន ហើយទុកនៅផ្ទះនោះ ពួកគាត់គួរតែ យកលុយទាំងនោះទៅដាក់ធនាគារវិញ ព្រោះមានសុវត្ថិភាពនិងទទួលបានការប្រាក់ទៀតផង ឬក៏យកទៅវិនិយោគលើអ្វីមួយផ្សេងក៏បាន”។

បែរមក លោក “ជឿង សឹង” ដែលធ្លាប់ធ្វើការក្នុងស្ថាប័នរដ្ឋ សព្វថ្ងៃនេះមានវ័យ ៧១ ឆ្នាំទៅហើយនោះ ក៏បានបង្ហាញពីផ្នត់គំនិតរបស់ គាត់ផងដែរថា ៖ “ក្នុងមួយខែៗ យើងទទួលបានប្រាក់អាត្រែត (ប្រាក់ចូលនិវត្តន៍) ប្រហែល ៤០ ម៉ឺនរៀល ដែលគេបានវេរតាម សេវាធនាគារមក។ ប៉ុន្តែ មិនដែលទុកក្នុងធនាគារទេ គឺដកមកអស់អស់។ ហេតុផល គឺយើងគ្មានលុយច្រើនផង លុយត្រឹមជាង ១០០ដុល្លារ ចឹងនោះ។ បើទុកនៅផ្ទះ ស្រួលប្រើ ពេលទៅស៊ីការ ត្រូវការចាយខ្លួនឯង គឺវាស្រួលជាង។ បើទុកនៅផ្ទះក៏មិនបាត់ទៅណាដែរ ព្រោះលុយវាតិច។ បើទុកធនាគារ ត្រូវការចាយអី ពិបាកទៅដកណាស់ មិនដូចមាននៅនឹងខ្លួនស្រួល”។

អ្នកស្រី “លី” ដែលជាស្រ្តីវ័យពាក់កណ្តាលជីវិតទៅហើយ ក៏បង្ហាញពីមតិយោបល់ស្រដៀងគ្នានេះ ដែរថា ៖ “អ៊ំមានលុយ ក៏អ៊ំទុកនៅផ្ទះដាក់ក្នុងទូដែកដែរ ព្រោះវាស្រួលសម្រាប់ការប្រើប្រាស់ មិនទៅពិបាកដក ព្រោះលុយផ្ញើតាមឡាន ទៅខេត្តអស់អស់ ចឹងហើយទុកនៅដៃប្រសើរជាង។ វាស្រួលពេលត្រូវចាយ ទិញនេះ ទិញនោះ។ ហើយលុយតិចតួច ដាក់ធ្វើអី នាំតែពិបាកទៅដក។ មួយទៀតគឺ ពេលមានអាសន្ន ពិបាកដកណាស់ ដូចកាលពីពេលបោះឆ្នោតចឹង!”

ជាការពិតណាស់ មនុស្សដែលមានវ័យចំណាស់ ភាគច្រើន មិនចូលចិត្តការដាក់ប្រាក់តម្កល់ ក្នុងស្ថាប័នហិរញ្ញវត្ថុឡើយ បើទោះបីជាប្រើប្រាស់សេវា ក៏នៅតែដកប្រាក់ចេញអស់ មកទុកនៅក្នុងដៃទៅវិញ។ ផ្ទុយមកវិញ ពួកគាត់ខុសពី មនុស្សជំនាន់ក្រោយៗដែល គិតថាការតម្កល់ប្រាក់ក្នុងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាសុវត្ថិភាពសាច់ប្រាក់ និងធ្វើឲ្យលុយកើតកូន កើតចៅផងដែរ។ មិនតែប៉ុណ្ណោះ វាជួយជាសរសៃឈាមហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ច ឲ្យកាន់តែមានភាពរីកចម្រើន ប្រកបទៅដោយផ្លែផ្កាទៀតផង។ 

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ? 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សម័យនេះហើយ តើនៅមានអ្នកសន្សំលុយ ទុកនៅក្រោមខ្នើយទៀតដែរ ឬអត់ណ៎?

សម័យនេះហើយ តើនៅមានអ្នកសន្សំលុយ ទុកនៅក្រោមខ្នើយទៀតដែរ ឬអត់ណ៎?

សម័យនេះហើយ តើនៅមានអ្នកសន្សំលុយ ទុកនៅក្រោមខ្នើយទៀតដែរ ឬអត់ណ៎?

សម័យនេះហើយ តើនៅមានអ្នកសន្សំលុយ ទុកនៅក្រោមខ្នើយទៀតដែរ ឬអត់ណ៎?