លោក ស៊ុន ចាន់ថុល គួរពិនិត្យមើល​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្រុក​បាធាយ ខ្លះ​ផង​

​ក្រុម​ជញ្ជីង​ថឹ្ល​ង​រថយន្ត​នៅ​ស្ថានីយ៍​ថ្នល់កែង ឃុំ​ជាលា ស្រុក​បាធាយ ខេត្តកំពង់ចាម ត្រូវបាន​ម្ចាស់​រថយន្ត​ដឹកទំនិញ​និង​ដឹកអុស​ឆ្លងកាត់​រិះគន់ថា ជា​ក្រុម​ជញ្ជីង​ថឹ្ល​ង​លុយ​ដោយ​ពួកគេ​មិនបាន​អនុវត្តន៍​តាម​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ ប្រជាពលរដ្ឋ​ម្ចាស់​រថយន្ត​ដឹកអុស និង​ដឹកទំនិញ​ផ្សេងៗ​បាន​លើកឡើងថា ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្រុក​បាធាយ បំពេញការងារ​មិន​ត្រឹមត្រូវ​ព្រោះ​រថយន្ត​របស់​ពួកគាត់​មិនបាន​ផ្ទុក​លើស​ទម្ងន់​ទេ ប៉ុន្តែ​គេ​ទាមទារ​ឲ្យ​បង់លុយ​១​លាន​រៀល​ដោយ​ចោទប្រកាន់ថា ដឹកជញ្ជូន​លើស​ទម្ងន់​។ បញ្ហា​នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ចំពោះ​ទង្វើ​មិន​ប្រក្រតី​របស់​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ថ្នល់កែង ស្រុក​បាធាយ ជាបន្ទាន់​ព្រោះ​ក្រុម​នេះ​កំពុង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

តាម​ការអះអាង​របស់​ម្ចាស់​រថយន្ត​យី​ឌុប ឬ​រថយន្ត​ធុន​ធ្ងន់​ដឹកអុស​និង​ដឹកទំនិញ​ផ្សេងៗ​ឆ្លងកាត់​ស្ថានីយ៍​ថ្នល់កែង បាន​ឲ្យ​ដឹងថា​ពួកគាត់​មិន​ហ៊ាន​ផ្ទុក​លើស​ទម្ងន់​ដូច​ការចោទប្រកាន់​រប​ស់​ក្រុមមន្ត្រី​ប្រចាំ​ជញ្ជីង​ថ្លឹង​រថយន្ត​នោះឡើយ ប៉ុន្តែ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​បាន​ចោទប្រកាន់ថា ពួកគាត់​ផ្ទុក​លើស​ទម្ងន់​រហូត​ជិត​១០​តោន​។ ម្ចាស់​រថយន្ត​ដឹកអុស​មួយរូប​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ថ្នល់កែង​បាន​តម្រូវ​ឲ្យ​គាត់​បង់លុយ​ពិន័យ​១​លាន​រៀល បើទោះបី​គាត់​មិនបាន​ផ្ទុក​លើស​ទម្ងន់​ក៏ដោយ​។ ម្ចាស់​រថយន្ត​នោះបាន​ឲ្យ​ដឹងថា ទម្ងន់​ឡាន​និង​អុស​ដែល​ផ្ទុក​មាន​ជាង​៣០​តោន ស្រប​ពេលដែល​ច្បាប់​កំណត់​មិន​ឲ្យ​លើស​៣៥​តោន ប៉ុន្តែ​ក្រុម​ជញ្ជីង​បែរជា​ថ្លឹង​ឃើញ​រហូត​ជិត​៤០​តោន​ទៅវិញ​។

ប្រភពពី​ម្ចាស់​រថយន្ត​ដឹកទំនិញ​ផ្សេងៗ​ឆ្លងកាត់​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់កែង បាន​ឲ្យ​ដឹងថា មន្ត្រី​ប្រចាំ​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង ដោយ​តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​ថ្លៃ​បាយ​ក្នុង​១​ជើង​១០​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល បើ​មិន​ដូច្នេះ​ទេ​ពួកគេ​រករឿង​ចោទប្រកាន់​ដើម្បី​ផាកពិន័យ​ជាមិនខាន​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ថ្នល់កែង ស្រុក​បាធាយ​ផង ព្រោះ​ពួកគេ​តែងតែ​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ដឹកទំនិញ​ឬ​ដឹកអុស​បង់លុយ​ថ្លៃ​បាយ បើទោះបី​រថយន្ត​ទាំងនោះ​មិន​ផ្ទុក​លើស​ទម្ងន់​យ៉ាងណាក៏ដោយ​។ ចំណែក​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន ក៏​គួរពិនិត្យមើល​និង​ស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ថ្នល់កែង ស្រុក​បាធាយ​ផងដែរ កុំ​ឲ្យ​ក្រុម​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

chanthul-620លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន 48550a01-8fe6-448d-8da9-0d25222b606f