មានកូន​អកតញ្ញូ​បែប​នេះ ម្តាយ​ខ្លោចផ្សា​យ៉ាងណា​ទេ?

ខេត្តកណ្តាល ៖ កូនប្រុស​អកតញ្ញូ​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ស្វាយ​ឃាត់ខ្លួន ខណ​បុរស​រូប​នោះ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ និង​វាយ​ម្តាយបង្កើត​ឲ្យ​មាន​របួស​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

កូន​អកតញ្ញូ​​ដែល​វាយ​ម្តាយបង្កើត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ឈ្មោះ កែវ សុខ​កាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មានមុខ​របរ​មិន​ពិតប្រាកដ ។ ចំណែក​ម្តាយ​ដែល​ជា​ស្ត្រី​រង​គ្រោះ​ឈ្មោះ ថុ​ង សុខ​លី អាយុ​៥៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​ជោគ​ជាំ ហើយ​មក​ដល់​ផ្ទះ​រករឿង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ ដូច​ជា​កង្ហារ តុ និង​ទូ ខណៈនោះ​ស្ត្រី​ជា​ម្តាយ​ក៏​បាន​ទៅ​ឃាត់​ជនសង្ស័យ​ដែល​ត្រូវជា​កូនបង្កើត​កុំ​ឲ្យ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​បន្ត​ទៀត ស្រាប់តែ​ជនសង្ស័យ​បាន​ស្ទុះ​មក​ចាប់​ច្របាច់ក និង​វាយ​ម្តាយ​បណ្តាល​ឲ្យ​មាន​របួស ។ ភ្លាម​នោះ​ក៏​ត្រូវ​នគរបាល​ប៉ុស្តិ៍​កំពង់ស្វាយ​ចុះ​មក​អន្តរាគមន៍​ទាន់​ពេលវេលា ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕