ព្រោះតែ​គ្មាន​លទ្ធភាព​ដោះ​បញ្ហា

​រាជ​ធានី​ភ្នំពេញ ៖ ​សេច​ក្តី​រាយការណ៍​បឋមឱ្យ​ដឹងថា បុរស​​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់ ត្រូវគេដឹងថា ​ដោយសារ​​​តែមាន​វិបត្តិ​​​រឿង​​ជីវិត​​របស់​ខ្លួន​ញ៉ាំ​​ញី​​ខ្លាំង បាន​សម្រេចចិត្ត​បញ្ចប់​ ​ដោយ​ចង​.​ក​ជាមួយ​ដើម​អំពិលទឹកសម្លាប់ខ្លួន​ ហើយ​​ត្រូវ​ពលរដ្ឋ​ម្នាក់ ​ទៅ​បត់ជើង​ក្បែរ​នោះ​ប្រទះ​​​ឃើញ​ ក៏​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំងព្រឹក​ កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​​​ថ្ងៃ​ទី​០១ សីហា ២០១៦ នេះ ស្ថិត​នៅ​ក្បែរ​ខ្ទម​ស្នាក់​នៅ​​តាម​ច្រាំង​ទន្លេ​ជ្រោយចង្វារ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​អ៊ួ​ន យូ​សះ អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម និង​ជា​អ្នក​នេសាទ​ត្រី មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ​​ និង​មាន​ប្រពន្ធ​ តែ​មាន​ទំនាស់​គ្នា​​បាន​រត់​ចោល​៧​ខែ​មក​​ហើយ ។

ប្រភព​​បន្ត​ថា រវាង​ទាំង​២​នាក់​ប្តី​-​ប្រពន្ធ​នេះ គេ​មិនដឹង​ថា មាន​ទំនាស់​រឿង​អ្វី​នោះ​ទេ ទើបត្រូវ​ប្រពន្ធ​រត់​ចោល​បែប​​នេះ ។ ហើយ​មុន​កើត​ហេតុ បុរស​រង​គ្រោះ​​បាន​​ទៅ​លេង​ផ្ទះ​​ប្រពន្ធ តែ​ត្រូវ​ម្តាយក្មេក​​មិន​អនុញ្ញាត​​ឱ្យ​​ចូល​ ។ លុះ​មក​ដល់​ផ្ទះវិញ​​ ក៏​មាន​ទំនាស់​ជាមួយ​ឪពុក​​ម្តាយបង្កើត​ទៀត ទើប​ធ្វើ​ឱ្យ​បុរស​នេះ ​ខូចចិត្ត​កាន់តែ​ខ្លាំង រហូត​ជ្រើសរើស​ផ្លូវ​​ស្លាប់​បែប​នេះ ។