កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ របស់ភីអិនអិន បាត់បង់បេក្ខជនជាលើកទីបី

ភ្នំពេញ៖ «មុខរបរខ្ញុំ» រដូវកាលទីពីរ ឬ My Place ជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុងម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ PNN បានបាត់បង់បេក្ខជនជាលើកទីបី កាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា ក្រោយពីត្រូវបេក្ខជន រួមក្រុមបោះឆ្នោតទម្លាក់។

បេក្ខនារី ឡេង រដ្ឋា បានចាកចេញពីកម្មវិធីបន្ទាប់ពី ត្រូវបានបោះឆ្នោតទម្លាក់ ដោយបេក្ខជនរួមក្រុម។

អាជីវករ វ័យ២៣ឆ្នាំរូបនេះ ត្រូវបានសមាជិកក្នុងក្រុម នៃកម្មវិធីមុខរបរខ្ញុំ សម្រេចបោះឆ្នោតទម្លាក់ចេញពីកម្មវិធី ដោយនាងគិតថាជា ការបោះឆ្នោតដោយកំហឹងបុគ្គល ជាជាង ការវាយតម្លៃសមត្ថភាពរបស់នាង។

បេក្ខនារីមកពីខេត្តត្បូងឃ្មុំរូបនេះ បាននិយាយថា៖ «ខ្ញុំដឹងថាសមាជិកក្រុមរូបណា ដែលបានគុំមកលើរូបខ្ញុំ ហើយក៏មិនមែនសំដៅមក លើសមត្ថភាពរបស់ខ្ញុំ គឺគាត់មានកំហឹងនៅក្នុង ខ្លួនជាមួយខ្ញុំ»។

កម្មវិធី «មុខរបរខ្ញុំ» នៅរៀងរាល់សប្ដាហ៍ នឹងមានបេក្ខជនម្នាក់ធ្លាក់ចេញ ពីកម្មវិធីដែលការសម្រេចនឹងត្រូវធ្វើឡើង តាមរយៈការបោះឆ្នោតរបស់បេក្ខជន ចូលរួមក្នុងកម្មវិធី រហូតដល់ សប្ដាហ៍ទី៩ទើបរកឃើញជ័យលាភី។

កាលពីសប្តាហ៍មុន បេក្ខជនទាំង៨រូប បានធ្វើដំណើរទៅខេត្តកំពង់ចាម ដើម្បីស្វែងយល់ពី របៀបធ្វើកន្ទេលកក់របស់អ្នកស្រុក ដែលប្រកបរបរធ្វើកន្ទេលនេះតាំងពីដូនតាមក។ ពួកគេទាំងពីរក្រុម ដោយក្នុងមួយក្រុមមាន សមាជិក៤នាក់ដូចគ្នា បានប្រកួតប្រជែងលើការលក់កន្ទេលកក់ នៅផ្សារទំនើបសូរិយា ក្នុងតម្លៃដូចគ្នា និងទីតាំងលក់ជាប់គ្នា។

នៅសប្តាហ៍នេះវិញ បេក្ខជនដែលនៅសល់ទាំង៧ រូបនឹងធ្វើដំណើរទៅកាន់ខេត្តព្រៃវែងវិញម្តង ដើម្បីស្វែងយល់ពីការដាំស្លឹកគ្រៃ របស់ប្រជាជនក្នុងភូមិ។ បេក្ខជននឹងធ្វើការជាក្រុមម្តងទៀត តែនឹងប្រកួតប្រជែងលើវិញ្ញាសាថ្មី គឺការធ្វើបទបង្ហាញពីស្លឹកគ្រៃទៅដល់វាគ្មិន និងអ្នកភូមិ ក្រោមប្រធានបទ៖ «ហេតុអ្វីស្លឹកគ្រៃត្រូវបាននាំចូលពីក្រៅប្រទេស? តើគួរធ្វើយ៉ាងណា ដើម្បីលើកទឹកចិត្តកសិករ ឲ្យផលិតស្លឹកគ្រៃដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុកបានគ្រប់គ្រាន់»?

ក្រុមដែលទទួលបានពិន្ទុខ្ពស់លើការវាយតម្លៃឯកសារស្រាវជ្រាវ និងការធ្វើបទបង្ហាញ  នឹងទទួលបានជោគជ័យ ក្នុងវគ្គនេះ។

«មុខរបរខ្ញុំ» ចាប់ផ្តើមចាក់ផ្សាយជាលើកដំបូងកាលពីថ្ងៃច័ន្ទទី០៤ កក្កដា ដោយផ្សាយជូនទស្សនា ជារៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង៨ ដល់ម៉ោង ៨ និង៣០នាទីយប់ ដោយផ្តោតសំខាន់ ទៅលើការប្រកួតប្រជែងពិត ប្រាកដមួយទៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម។

កម្មវិធីតម្រូវអោយបេក្ខជនចេះធ្វើការជាក្រុម ហើយក៏នឹង មានភ្ញៀវកិត្តិយសមកពីវិស័យខុសៗគ្នា ចូលរួមនិយាយពីបទពិសោធន៍ ជីវិតពិតផងដែរ ខណៈបេក្ខជនទាំងអស់ត្រូវប្រឹងបញ្ចេញសមត្ថភាព ការងារប្រកួតប្រជែងគ្នាដើម្បីឆ្ពោះ ទៅឈ្នះរង្វាន់ទឹកប្រាក់ចំនួន២០លានរៀល៕

ទស្សនាវីដេអូខ្លីនៃការជម្រុះបេក្ខនារី ឡេង រដ្ឋា សូមចុច៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ របស់ភីអិនអិន បាត់បង់បេក្ខជនជាលើកទីបី

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ របស់ភីអិនអិន បាត់បង់បេក្ខជនជាលើកទីបី

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ របស់ភីអិនអិន បាត់បង់បេក្ខជនជាលើកទីបី