គ្រូ​ប៉ូលិស​​​៖ ​ទម្រង់​លេង​​របស់​ប៉ូលិស​ វិល​​​​រក​ភាព​ល្អ​ប្រសើរ​​​​វិញ​​ហើយ​

​លោក សារ៉េត ស៊ីដន គ្រូ​ជំនួយ​ក្លឹប​បាល់ទាត់​​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​( ប៉ូលិស ) ​បាន​លើក​ឡើង​​​​​​ពី​ទម្រង់​លេង​ក្លឹប​របស់​លោក​​ត្រឡប់​មក​រក​ភាព​​ល្អ​ប្រសើរ​ឡើង​​វិញ​ហើយ ក្រោយ​​យក​ឈ្នះ​ស៊ីម៉ាក់​១-​០​​​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​ម្សិល​មិញ សម្រាប់​​ការ​ប្រកួត​សប្ដាហ៍​ទី​១៤ នៃ​លីគ​កំពូល​កម្ពុជា។

 

​​គ្រូ​ប៉ូលិស​​​៖ ​ទម្រង់​លេង​​របស់​ប៉ូលិស​ វិល​​​​រក​ភាព​ល្អ​ប្រសើរ​​​​វិញ​​ហើយ​ក្លឹប​អគ្គស្នងការដ្ឋានគរបាលជាតិ

 

​​​លោក​ សារ៉េត ស៊ីដន បាន​ឲ្យ​ដឹង​ថា ​ទម្រង់​លេង​របស់​ក្លឹប​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ពេល​នេះ​ល្អ​ប្រសើរ​ឡើង​ជាង​កាល​ដើម​រដូវ​កាល។ ​ជ័យ​ជម្នះ​បី​ប្រកួត​ជាប់​ៗ គ្នា​នេះ​លោក​មើល​ឃើញ​ថា ​ដោយ​សារ​មាន​ការ​​ជួយ​ជ្រោមជ្រែង​ខ្លាំង​ពី​​ប្រធាន​ក្លឹប​​លោក ជួន​ ណារិន្ទ ទាំង​ការ​នាំ​យក​កីឡាករ​របួស​ទៅ​ព្យាបាល និង​ព្យាយាម​នាំ​យក​កីឡាករ​ថ្មី​មក​ជួយ​ក្រុម។

 

គ្រូ​ជំនួយ​រូប​នេះ​បន្ត​ថា បើ​គិត​មក​ដល់​ពេល​នេះ​កីឡាករ​​របស់​​ក្លឹប​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​​ ដែល​មានរបួស​ទាំង​ប៉ុន្មាន​​ ​​ជាសះស្បើយ​ឡើង​វិញ​ស្ទើរ​ទាំង​អស់។ បន្ថែម​កម្លាំង​ថ្មី​ ដោយ​ការ​នាំ​យក​កីឡាករ​ល្អៗ​មក​ជួយ​​​ទៀត​នោះ ទើប​ធ្វើ​ឲ្យ​ក្លឹប​របស់​លោក​អាច​រក​​បាន​ជ័យជម្នះ​​ជាប់​ៗ​គ្នា​ដូច​នេះ។

 

​ក្លឹប​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឈ្នះ​បី​ប្រកួត​ជាប់​ៗ​គឺ​​យក​ឈ្នះ​ក្រុម​ខ្លាំង​ ព្រះខ័នរាជ​ស្វាយរៀង​១-០ ​​ឈ្នះ​អាស៊ីអឺរ៉ុប ១-០​ និង​យក​ឈ្នះ​ស៊ីម៉ាក់ ១-០។ ​បច្ចុប្បន្ន​​ប៉ូលិស​មាន ១៤​ពិន្ទុ​ឈរ​លេខ ៧​ក្នុង​ចំណោម ១៤​ប្រកួត​ឈ្នះ ៣​ស្មើ​​៥​​ចាញ់​៦​លើក៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​