លោក ជាប សៅ ប្រធាន​សាខាគយ​ខេត្តពោធិ៍សាត់ កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​

​លោក ជាប សៅ ដែលជា​អតីត​មេ​គយ​លើ​ផ្ទៃសមុទ្រ ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​សាខាគយ​ខេត្តពោធិ៍សាត់ កំពុង​ប្រឈម​នឹង​ការ​រិះគន់ថា ប្រើ​អំណាច​ហួស​ព្រំដែន​ដើម្បី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​បំផុត​។ សេចក្ដីរាយការណ៍​ពី​មន្ត្រីរាជការ​និង​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​លោក ជាប សៅ ប្រធាន​សាខាគយ​ខេត្តពោធិ៍សាត់ ថ្មីៗ​នេះ​បាន​បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ប្រដេញ​ចាប់​រថយន្ត​ដឹកទំនិញ​រហូត​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ដោះលែង​ស្ងាត់ៗ​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ប្រធាន​សាខាគយ​ខេត្តពោធិ៍សាត់ និង​បក្ខពួក​កំពុង​ប្រើ​គ្រប់​វិធី​ដើម្បី​ជំរិត​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​។

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តពោធិ៍សាត់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក ជាប សៅ បាន​ចាត់តាំង​មន្ត្រី​គយ​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន​ឲ្យ​ឈរជើង​តាម​ប៉ុស្ដិ៍​លើផ្លូវ​ជាតិ​លេខ​៥ និង​ចល័ត​ចាំ​ប្រដេញ​ចាប់​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ ដើម្បី​ត្រួតពិនិត្យ​និង​តម្រូវ​ឲ្យ​បង់លុយ បើទោះបី​ឈ្មួញ​ខ្លះ​ដឹកទំនិញ​ស្របច្បាប់​ក៏ដោយ​។ កាលពី​ថ្ងៃទី​២៩ ខែកក្កដា កន្លងទៅ​ថ្មីៗ​នេះ​លោក ជាប សៅ បាន​បញ្ជា​ឲ្យ​កូនចៅ​តាម​ប្រដេញ​ចាប់​រថយន្ត​ដឹកទំនិញ​១​គ្រឿង​ដែល​គេ​សង្ស័យថា ជា​ទំនិញគេចពន្ធ​ដែល​នាំចូល​ពី​ប្រទេស​យួន​។ រថយន្ត​នោះ​ម៉ាក​នីសា​ន់​ចំណុះ​៥​តោន ពាក់​ស្លាក​លេខ​តាកែវ​3A-1886 ដែល​គេ​សង្ស័យថា​ដឹកទំនិញ​ខូចគុណភាព​និង​ទំនិញគេចពន្ធ​ពី​ប្រទេស​យួន​ទៅ​ចែកចាយ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​សៀម​។ ការ​ប្រដេញ​ចាប់​រថយន្ត​នោះបាន​ធ្វើ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភូមិ​ត្រពាំង​ជង ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។

ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ជាក់ស្ដែង​បាន​ឲ្យ​ដឹងថា មន្ត្រី​គយ​ក្រោម​បញ្ជា​លោក ជាប សៅ បាន​ដេញចាប់​រថយន្ត​ដឹកទំនិញ​នោះ ហួស​ផ្សារ​ត្រពាំង​ជង​ប្រមាណ​៣​គីឡូម៉ែត្រ ហើយ​នាំយកមក​ស្នាក់ការ​សាខាគយ និង​រដ្ឋាករ​ខេត្តពោធិ៍សាត់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​និង​ផ្ទៀងផ្ទាត់​ឯកសារ​។ ក៏ប៉ុន្តែ​ពេល​នាំ​រថយន្ត​ដឹកទំនិញ​នោះមក​ស្នាក់ការ​សាខាគយ និង​រដ្ឋាករ​ខេត្តពោធិ៍សាត់ ប្រហែល​២​ទៅ​៣​ម៉ោង​ស្រាប់តែ​មានការ​ដោះលែងរ​ថ​យន្ត​ដឹកទំនិញ​ពី​ប្រទេស​យួន​នោះ ឲ្យ​បន្តដំណើរ​ទៅមុខ​យ៉ាង​រលូន​ដូចជា​គ្មាន​រឿងហេតុ​អ្វី​កើតឡើង​។ បញ្ហា​នេះហើយ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់ថា លោក ជាប សៅ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តពោធិ៍សាត់ កំពុង​ប្រើ​អំណាច​ដើម្បី​ប្រមូល​លុយ​យ៉ាង​ក្រអឺតក្រទម ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ គួរពិនិត្យមើល​ទង្វើរ​បស់​មន្ត្រីក្រោមឱវាទ​ខ្លះ​ផង កុំ​ឲ្យ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

03លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ