រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ឹង ជា​វែង ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​

​លោក អ៊ឹង ជា​វែង ជំនួយការ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ដែលជា​ប្រធានការិយាល័យ​វិនិយោគ​មិនមែន​កាត់ដេរ ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់ខ្លួន​កាលពី​ម៉ោង​៧​យប់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ទៅនឹង​បណ្ដឹង​រឿងអាស្រូវ​ពុករលួយ​។ នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៦ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​លោក អ៊ឹង ជា​វែង បណ្ដោះអាសន្ន​ពីបទ​វិ​តិ​ក្រម​តាម​មាត្រា​៥៩២ មាត្រា​៥៩៣ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣២ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​។ សំណុំរឿង​របស់លោក អ៊ឹង ជា​វែង ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ព្រោះ​គេ​សង្ស័យថា ទាល់តែ​មានការ​បើកដៃ​ពី​ចៅហ្វាយនាយ ជាពិសេស​ពី​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ទើប​លោក អ៊ឹង ជា​វែង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ក្នុង​ពិធី​មួយ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​លាតត្រដាង​ថា ការដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន​លោក អ៊ឹង ជា​វែង គឺ​មន្ត្រី​គយ​រូបនេះ ជាប់​ពាក់ព័ន្ធ​រឿង​ទារប្រាក់​ប្រមាណ​៧៨០០០​ដុល្លារ​ពី​ក្រុមហ៊ុនកាត់ដេរ​។ លោក ឱម យ៉ិនទៀង បាន​ឲ្យ​ដឹង​ទៀតថា រឿង​ជំរិត​ទារប្រាក់​ប្រមាណ​ជាង​៧៨០០០​ដុល្លារ​នេះ គឺ​ដើម្បី​សម្របសម្រួល​រៀបចំ​ឯកសារ​នាំចូល​វត្ថុធាតុដើម ព្រមទាំង​អំពើពុករលួយ​មួយចំនួនទៀត​។ អ្វីដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​នោះ គឺ​លោក ឱម យ៉ិនទៀង បាន​ឲ្យ​ដឹងថា​លោក អ៊ឹង ជា​វែង ជា​ជំនួយការ​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា ហើយ​មន្ត្រី​រូបនេះ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ជំរិត​ទារប្រាក់​ពី​ក្រុមហ៊ុនកាត់ដេរ​តាមរយៈ​ការសម្រួល​រៀបចំ​ឯកសារ​មុន ដើម្បី​ដាក​ឲ្យ​ប្រធាន​របស់ខ្លួន​ចុះហត្ថលេខា ហើយ​ពន្យារពេល​ឲ្យ​យូរ​ដែល​ធ្វើ​ឲ្យ​ខាតបង់​ការនាំចេញ​ផលិតផល​របស់គេ​រាប់លាន​ដុល្លារ​។

​ទោះជា​យ៉ាងណាក៏ដោយ​ប្រភពពី​មន្ត្រី​គយ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​មួយចំនួន​បាន​ឲ្យ​ដឹងថា អំពើពុករលួយ​របស់​លោក អ៊ឹង ជា​វែង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ ជាពិសេស​មាន​ពាក់ព័ន្ធ​ទៅនឹង​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ យ៉ាងជ្រៅ​តែម្តង​។ ដោយហេតុថា​ការដែល​លោក អ៊ឹង ជា​វែង រៀបចំ​សម្រួល​ឯកសារ​ដើម្បី​ឲ្យ​ចៅហ្វាយនាយ​ខ្លួន​ចុះហត្ថលេខា គឺ​ចៅហ្វាយនាយ​នោះ​ប្រាកដជា​ទទួលបាន​ផលប្រយោជន៍ ទើប​សម្រួល​ឲ្យ​កូនចៅ​របស់ខ្លួន​ប្រព្រឹត្ត​ខុសច្បាប់​។ ហេតុនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ព្រមទាំង​អគ្គនាយករង​មួយចំនួន​ផងដែរ​។ ការដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ទៅលើ​លោក អ៊ឹង ជា​វែង មានន័យថា​ស្ថាប័ន​នេះ​ហ៊ាន​ចាត់ការ​តែម​ន្ត្រី​ពុករលួយ​តូចតាច​ប៉ុណ្ណោះ ចំណែក​មេខ្លោង​ធំៗ​អាច​រួច​ផុតពី​សំណាញ់​ច្បាប់​៕

1468813140លោក អ៊ឹង ជាវែង ដែលត្រូវជាប់ឃុំដោយសារអំពើពុករលួួយ