លោក កឹម សុខា បញ្ជាក់ថា ប្រទេសជាតិ​ត្រូវតែ​អមតៈ បុគ្គល​ម្នាក់ៗ​មិន​ឋិតថេរ​ឡើយ​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ថ្មីៗ​នេះ​បាន​បញ្ជាក់ថា ប្រទេសជាតិ​ត្រូវតែ​អមតៈ បុគ្គល​ម្នាក់ៗ​មិន​ឋិតថេរ​ឡើយ​។ ការបញ្ជាក់​របស់លោក កឹម សុខា យ៉ាង​ដូច្នេះ ត្រូវគេ​សង្កេតឃើញថា​ធ្វើឡើង​ក្រោយពី លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ព្យាយាម​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ក្រាញ​អំណាច​ជាង​៣០​ឆ្នាំ​មកហើយ​ដែល​ធ្វើ​ឲ្យ​សង្គម​កម្ពុ​ជាមាន​បញ្ហា​ចាក់ស្រេះ​ច្រើន​ស្អេកស្កះ ខណៈ​ប្រទេស​នៅក្នុង​តំបន់​មានការ​ផ្លាស់ប្តូរ​មេដឹកនាំ​ជា​បន្តបន្ទាប់​រួចទៅហើយ​។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ពន្យល់ថា​ប្រទេសជាតិ​ណា​ដែលមាន​ស្ថាប័ន​ជាតិ​រឹងមាំ មិន​អាស្រ័យ​តែ​លើ​បុគ្គល​មេដឹកនាំ​ម្នាក់ ឬ មួយក្រុម​នោះទេ ប្រទេស​នោះ​តែងតែមាន​យុត្ដិធម៌ សន្ដិភាព និង ការរីកចម្រើន​ប្រកបទៅដោយ​ចីរភាព ទោះបីជា​មានការ​ផ្លាស់ប្ដូ​រ​អ្នកដឹកនាំ​ប្រទេស​ក៏ដោយ​។ ការបញ្ជាក់​របស់លោក កឹម សុខា យ៉ាង​ដូច្នេះ គឺ​បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​បាន​ថ្លែង​ទៅកាន់​សិក្ខាកាម​ក្នុង​កម្មវិធី បិទ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ទាំង ១៩៧ ក្រុង​-​ស្រុក​-​ខណ្ឌ ក្រុមទី​២ វគ្គ​ទី​២ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៣១ ខែកក្កដា ឆ្នាំ​២០១៦​។​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សម្តែង​ការយល់ឃើញថា​ជាការ​ចាំបាច់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​យើង ត្រូវតែ​ធ្វើការ​កែទម្រង់​ស្ថាប័ន​ជាតិ​ទាំង​៣​ដែលមាន​ស្ថាប័ន​នីតិបញ្ញត្ដិ ស្ថាប័ន​នីតិ​ប្រតិ​ប​ត្ដិ និង​ស្ថាប័ន​តុលាការ​ឲ្យ​មាន​តុល្យភាព​អំណាច​។ ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ប្រទេស ប្ដេជ្ញា​ធ្វើការ​កែទម្រង់​ស្ថាប័ន​ជាតិ​ខាងលើនេះ ដើម្បី​ឲ្យ​អ្នកដឹកនាំ​ជំនាន់​ក្រោយ​ដឹកនាំ​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ជាដាច់ខាត​។ ការដឹកនាំ​បែបនេះ​ធ្វើ​ឲ្យ​ប្រទេសជាតិ​យើង​ចាក​ផុត​អំពី អស្ថិរភាព​សង្គម​ដែល​បានកើត​ឡើង មិនចេះ​អស់​មិនចេះហើយ​ដូច​កន្លងមក​។​

​គួរបញ្ជាក់​ថា​ថ្មីៗ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​បញ្ជាក់ដែរថា ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្សជំទាស់​ធំជាងគេ​នៅ​កម្ពុជា​យល់ឃើញថា​មានតែ​លទ្ធិប្រជាធិបតេយ្យ​មួយគត់​ដែល​អាច​នាំ​ប្រទេស​កម្ពុជា​ទៅកាន់​សន្តិភាព ស្ថិរភាព​នយោបាយ និង​មានការ​អភិវឌ្ឍ​ដោយ​និរន្តរភាព​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា​គណ​បក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ដឹងគុណ​ចំពោះ​គ្រប់​បុគ្គល និង​ប្រទេស​ទាំងអស់​ដែល​គាំទ្រ​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​៕

13887025_1417605161590112_6754264391966156590_n 13902579_1417604804923481_6166073977239227373_n13900217_1417604798256815_8514176069617135434_n 13901388_1417604858256809_605566739620858274_n