តា​សង់​ស៊ី​ស​ធូរស្រាល​វិល​ទៅ​សម្រាក​ព្យាបាល​នៅផ្ទះ​វិញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់​នាយ​សង់​ស៊ី​ស​ដែល​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​នោះ បាន​ធូរស្រាល ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ។

កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​២០១៦ លោក​ពេជ្រ ចាន់​មុនី អភិបាល​ខណ្ឌមានជ័យ បាន​ទៅ​សួរសុខទុក្ខ និង​យក​ប្រាក់​មួយ​ចំនួន​ជូន​ដល់​នាយ​សង់​ស៊ី​ស និង​ជួប​សំណេះសំណាល​លើកទឹកចិត្ត​នាយ​ដល់​គេហដ្ឋាន ។

កញ្ញា​សុ​ន ស្រី​ពេជ្រ ជា​កូន​ឱ្យ​ដឹង​ថា នាយ​សង់​ស៊ី​ស បាន​ទៅ​សម្រាក​នៅផ្ទះ​វិញ ហើយ​គាត់​ធូរស្រាល​ជាង​មុន តែ​នៅ​វង្វេង ខ្លះ​ៗ ។ ពេល​ខ្លះ​គាត់​ស្គាល់​កូន ពេល​ខ្លះ​អត់​ស្គាល់​ទេ ។ មួយ​រយៈ​នេះ​នាយ​សង់​ស៊ី​ស​ពិសា​បាយ​មិន​បាន ដោយ​មាន​ជំងឺ​ពងបែក​មាត់ ។ លោកគ្រូ​ពេទ្យ​បាន​ផ្តាំផ្ញើ​ឱ្យ​ក្រុម​គ្រួសារ​នាំ​អ្នក​កំប្លែង​រូប​នេះ​ទៅ​តាមដាន​ជំងឺ​ជា​ប្រចាំ ។

ជំងឺលើសឈាម​បណ្តាល​ឱ្យ​ទាញ​មាត់ ទាញ​ដៃជើង អាច​ស្រាក​ឆាប់ ឬ​យូរ​នោះ កញ្ញា​សុ​ន ស្រី​ពេជ្រ ថា អាស្រ័យ​លើ​ឪពុក​នាង​ប្រឹង​ហាត់​និយាយ​ដោយ​ខ្លួនឯង និង​ហាត់​ប្រាណ ។ ពី​ថ្ងៃ​ចន្ទ​ដល់​សុក្រ គ្រូពេទ្យ​ណាត់​ឱ្យ​គាត់​ធ្វើ​ចលនា​ដៃជើង និង​ហាត់​និយាយ ដើម្បី​អាច​និយាយ​បាន​ដូច​ដើម​វិញ ។

លោក​ពេជ្រ ចាន់​មុនី ថ្លែង​ថា លោក​រន្ធត់​ចិត្ត​ពេល​ឃើញ​អ្នក​កំប្លែង​ជើង​ចាស់​មួយ​ដួង​ធ្លាក់ខ្លួន​ឈឺ​អាក់ខាន​ការ​សម្តែង ។ ដូច្នេះ​ហើយ លោក​មុនី ចូលរួម​លើកទឹកចិត្ត​ឱ្យ​នាយ​សង់​ស៊ី​ស ខិតខំ​ថែរក្សា​សុខភាព​តាម​បញ្ជា​របស់​លោកគ្រូ​ពេទ្យ ៕