យានយន្ត​នៅ​សិង្ហបុរី​ថ្លៃ​កប់​ពពក ខូច​តិចតួច​ម្ចាស់​តែង​ប្រញាប់​រត់​​រក​ជាង

ដោយ​សារ​គ្រឿងយន្ត​មាន​តម្លៃ​ថ្លៃ​កប់​ពពក ប្រជាជន​សិង្ហបុរី ស្រឡាញ់​រថយន្ត​ដូច​របស់​មាន​តម្លៃ​មហាសាល​ក្នុង​គ្រួសារ មិន​ហ៊ាន​ជួសជុល​ខ្លួន​ឯង ទោះ​មាន​បញ្ហា​ខូច​តិចតួច។

 

យានយន្ត​នៅ​សិង្ហបុរី​ថ្លៃ​កប់​ពពក ខូច​តិចតួច​ម្ចាស់​តែង​ប្រញាប់​រត់​​រក​ជាង

 

លោក Derrick ដែល​ជា​ប្រជាជន​សិង្ហបុរី​មួយ​រូប អះអាង​ថា រូប​លោក​ក៏​ដូចជា​ប្រជាជន​សិង្ហបុរី​តែង​ថែ​ទាំ​យានយន្ត​របស់​ខ្លួន​ដិតដល់​ខ្លាំង​មែនទែន ព្រោះ​តម្លៃ​យានយន្ត​នីមួយៗ​ថ្លៃ​ខ្លាំង មិន​ចេះ​តែ​ងាយ​ទិញ​ប្រើ​បាន​នោះ​ទេ។

 

Derrick ថា ចំពោះ​លោក​ផ្ទាល់ ទោះ​ពេល​ម៉ូតូ​មាន​បញ្ហា​ខូច​តិច​តួច​អាច​ធ្វើ​បាន​ខ្លួន​ឯង​ពិត​មែន លោក​មិន​ដែល​ហ៊ាន​ប៉ះ​ពាល់​ទេ សុខ​ចិត្ត​រត់​ទៅ​រក​ជាង​ជំនាញ​ត្រឹមត្រូវ។ លោក ខ្លាច​ថា​នៅ​ពេល​ជួសជុល​ឬ​រុះរើ​គ្រឿង​ម៉ូតូ​ខ្លួន​ឯង កាន់​តែ​ធ្វើ​ឲ្យ​មាន​បញ្ហា​លើស​ដើម ព្រោះ​តម្លៃ​ម៉ូតូ​ថ្លៃ។

 

លោក បន្ថែម​ថា ប្រទេស​អ្នក​មាន​ផ្សេងៗ​ដូចជា អាមេរិក ជា​ដើម ម្ចាស់​យានយន្ត​ភាគ​ច្រើន​ជួសជុល​យានយន្ត​ដោយ​ខ្លួន​ឯង ដោយ​សារ​តែ​តម្លៃ​គ្រឿងយន្ត​នៅ​ទី​នោះ​ធូរ​ថ្លៃ ខូច​មួយ​អាច​ទិញ​ថ្មី​មួយ​ទៀត​បាន។

 

បញ្ហា​យានយន្ត​នៅ​សិង្ហបុរី​មាន​តម្លៃ​ថ្លៃៗ Derrick អះអាង​ថា ​ដោយ​សារ​រដ្ឋាភិបាល​ចង់​កម្រិត​ចំនួន​យានយន្ត​ក្នុង​ប្រទេស កុំ​ឲ្យ​មាន​បរិមាណ​ច្រើន​ហួស​ហេតុ ដោយ​សារ​ផ្ទៃ​ដី​តូច។ ជាក់ស្ដែង សូម្បី​តែ​គ្រួសារ​លោក មាន​ម៉ូតូ​ត្រឹម​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ​សម្រាប់​​ការ​ធ្វើ​ដំណើរ​៕

 

អាន៖ មូលហេតុ Lexus នៅ​សិង្ហបុរី ថ្លៃ​ជាង​នៅ​ខ្មែរ​ពាក់​កណ្ដាល

អាន៖ សិង្ហបុរី​ខុស​ពី​ខ្មែរ មុន​ទិញ​ម៉ូតូ​កម្លាំង​​ខ្លាំង​ជិះ ត្រូវ​ប្រឡង ៣ ដំណាក់​កាល​ តេស្ត​សមត្ថភាព

 

អត្ថបទ៖ ប៉ែត ផាន់និត