០១ សីហា ក្លាយ​ជា​ទិវា​ចងចាំមិន​ភ្លេច​​របស់ ពេជ្រ សោភា កាល៨​ឆ្នាំ​មុន

ថ្ងៃ​នេះ​ជា​ថ្ងៃ​ដើម​ខែ ០១/សីហា/២០១៦ ហើយ​ក៏​ជា​ថ្ងៃល្អ​បំផុត​ ក្នុង​ជីវិត​​របស់ ពេជ្រ សោភា ដែលនាង​​ចង​ចាំ​មិន​អាច​បំភ្លេច​បាន ចំពោះ​អនុស្សាវរីយ៍​​រវាង​​នាង​ជាមួយ​លោក​ឪពុក​​កាល​ពី៨​ឆ្នាំ​មុន។

 

សោភា ថ្លែង៖ “​ថ្ងៃ​នេះ​ ជា​ថ្ងៃអនុស្សាវរីយ៍មួយ​ ​ដែល​ល្អ​បំផុត​ក្នុង​ជីវិត​បង ថ្ងៃ​ដែល​បង​មាន​ជីវិត​ឡើង​វិញ​​ និង​ថ្ងៃ​ដែល​ចងចាំ​មិន​ភ្លេច​ពាក់​ព័ន្ធ​នឹង​លោក​ឪពុក តែ​ពេល​នេះ​គាត់​នៅ​ឆ្ងាយ​ហើយ”។

 

 ០១ សីហា ក្លាយ​ជា​ទិវា​ចងចាំមិន​ភ្លេច​​របស់ ពេជ្រ សោភា កាល៨​ឆ្នាំ​មុន

សារ​ដែល​ សោភា បង្ហោះ​កាល​ពី​ខែ​មិថុនា

 

តារា​ស្រី​និយម​លេង​ស្ទីល​ក្បាច់​រាំ​ប្លែកៗ​​រូប​នេះ​រំលឹក​ថា​ កាល​ពី​ចុង​ឆ្នាំ​២០០៨ ដើម​ឆ្នាំ​២០០៩ ជា​ពេល​ដែល​នាងឃ្លាត​ឆ្ងាយ​​ក្នុង​ពិភព​សិល្បៈមួយ​រយៈ​​ ព្រោះ​​នាង​​​​មាន​ជំងឺ​ធ្ងន់ធ្ងរ​បំផុត​ ហើយ​គ្មាន​សង្ឃឹម​ថា អាច​មាន​ជីវិត​រស់នៅ​ដល់​សព្វថ្ងៃ​ឡើយ​។ ប៉ុន្តែ​ទី​បំផុត ​នាងអាចប្រយុទ្ធ​​តទល់​ជំងឺ​ទាល់​តែ​បាន ក៏​ដោយ​សារ​វត្តមាន​ឪពុក​របស់​នាង​តែ​ម្នាក់​គត់។

 

“ពេល​នោះ ខ្ញុំ​កំពុង​ដេក​ស្ដូកស្ដឹង​លើ​គ្រែ​សង្គ្រោះ ​ស្រាប់​តែ​​ខ្ញុំ​បាន​ឮ​សំឡេង​លោក​ឪពុក​រសាត់​ចូល​មក​​តាម​ត្រចៀកល្វើយៗ​ ​ហៅ​​ឲ្យ​ដឹង​ខ្លួន​ឡើង​វិញ។ ភ្លាមៗ​នោះ​មិន​ដឹង​កម្លាំង​កំហែង​មក​ពី​ណា​ដាស់​អារម្មណ៍ខ្ញុំឲ្យ​​ បើក​ភ្នែក​​ឡើង​មើល​លោក​ឪពុក​នោះ​ទេ”។ សោភា ថ្លែង យ៉ាង​ដូច្នេះ។

 

០១ សីហា ក្លាយ​ជា​ទិវា​ចងចាំមិន​ភ្លេច​​របស់ ពេជ្រ សោភា កាល៨​ឆ្នាំ​មុន

 

តារា​ស្រី​មក​ពី​ខេត្ត​ព្រៃ​វែង រៀប​រាប់​បន្ត​ថា  ពេល​នោះ​លោក​ឪពុក​របស់​នាង​តែង​​នៅ​អង្គុយ​មើល​ថែកូនរហូតដោយ​មិន​គិត​ពី​ខ្លួន​ឯង ខណៈ​នាងដេកដួលលើ​កន្ទេស​ឈឺ​ធ្ងន់ធ្ងរ​បំផុតនៅចុង​ឆ្នាំ​២០០៨ និង​ដើម​ឆ្នាំ​២០០៩។ ក្រៅ​ពី​ការ​ថែទាំ​យ៉ាង​ដិតដល់​ហើយ​នោះ វត្តមាន​ឪពុក​របស់​នាង​ក៏​ជា​ឱសថសក្ដិសិទ្ធរួមចំណែក​ឱ្យ​នាង​បាន​រួច​ផុត​ពី​ច្រក​មរណៈនា​ពេល​នោះ​ផង​ដែរ ទើប​ចាត់ទុក​ថា ទិវា​មិន​អាច​បំភ្លេច​បាន​សម្រាប់​ខ្លួន​ឯង។

 

ពេជ្រ សោភា អះអាង​ថា ថ្ងៃ​ទី​០១ សីហា កាល​ពី​៨​ឆ្នាំ​មុន ខុស​គ្នា​ពី​ថ្ងៃ​ទី​០១​ សីហា​ ២០១៦ ទោះ​បី​ជា​ពេល​នោះ នាង​មាន​ជំងឺធ្ងន់ធ្ងរ​​ក៏​ពិត​មែន ​ប៉ុន្តែ​ហាក់មាន​អារម្មណ៍​កក់ក្ដៅ​ជាង​នេះ។ តារា​ចម្រៀង​នេះនិយាយថា រាល់​ថ្ងៃ​នាង​ធ្វើ​ការ​ទាំង​គ្មានកម្លាំង​កំហែង ព្រោះ​គ្មាន​អ្នក​មាន​គុណ​ ​​ចាំ​នៅ​ក្បែរ​ផ្ដល់កម្លាំង​ចិត្ត​​ដូច​កាល​ពី​មុន​។​ ​នាង​​នៅ​តែមាន​អារម្មណ៍​ថា ​ពិបាក​ក្នុង​ការ​ទទួល​យក​ចំពោះ​ការ​បាត់បង់​ឪពុក​របស់​នាង ដោយ​បន្សល់​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន​។

 

ម្ចាស់​បទ ​”រាំ​ឡូយ​កប់​លូ”​ កន្លង​មក​ធ្លាប់​បាន​និយាយ​ថា​ ថ្ងៃ​ណា​មួយ​នាង​នឹង​ទៅ កន្លែង​ដ៏​ឆ្ងាយ​ ហើយ​កត្តា​ដែល​​​បង្ខំ​ឲ្យ​នាង​សម្រេច​​ចិត្ត​បែប​នេះ គឺ​ដោយ​សារ​តែ​​នាង​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ខ្លាំង​។សោភា​បន្ថែម៖ “មិន​មែន​ថា​ គ្មាន​អ្នក​ណា​ឲ្យ​ទឹក​ចិត្ត​ខ្ញុំ​នោះ​ទេ ប៉ុន្តែ​មូល​ហេតុ​ដោយសារ​បង​ឈឺ​ច្រើន​ពេក​ មិន​អាច​ទ្រាំ​ទ្រ​នឹង​ជំងឺ​ហ្នឹង​បាន​ ហើយ​ជា​ពិសេស​នោះ​ គឺ​បង​មាន​ជំងឺ​មួយ​ដែល​បាក់​ទឹក​ចិត្ត​ខ្លាំង។​ រាល់​ពេល​មាន​បញ្ហា​ម្តងៗ​ គឺ​តែង​មាន​ឪពុក​នៅ​ក្បែរ ប៉ុន្តែ​ឥឡូវ​គាត់​លែង​នៅ​ជាមួយ​ខ្ញុំ​ទៀត​ហើយ​ ដូច្នេះ​ខ្ញុំ​គ្មាន​ទឹក​ចិត្ត​នឹង​ធ្វើ​អ្វី​ទៀត​ទេ”៕

 

អត្ថបទ៖ ថា ម៉ាលីដា​