កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី២ របស់​ភីអិនអិន បាត់បង់​បេក្ខជន​ជា​លើក​ទី៣​

«មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ ឬ My Place ជា​កម្មវិធី​ជីវិត​ពិត​កំពុង​ចាក់​ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយ​ទូរទស្សន៍ PNN បាន​បាត់បង់​បេក្ខជន​ជា​លើក​ទី៣ កាល​ពី​ថ្ងៃ​សុក្រ ទី២៩ កក្កដា ក្រោយ​ពី​ត្រូវ​បេក្ខជន​រួម​ក្រុម​បោះ​ឆ្នោត​ទម្លាក់។

 

បេក្ខនារី ឡេង រដ្ឋា ជា​អាជីវករ​វ័យ​២៣​ឆ្នាំ​រូប​នេះ ត្រូវ​បាន​សមាជិក​ក្នុង​ក្រុម​នៃ​កម្មវិធី​មុខរបរ​ខ្ញុំ សម្រេច​បោះ​ឆ្នោត​ទម្លាក់​ចេញ​ពី​កម្មវិធី ដោយ​នាង​គិតថា​ជា​ការ​បោះឆ្នោត​ដោយ​កំហឹង​បុគ្គល ជា​ជាង​ការ​វាយ​តម្លៃ​សមត្ថភាព​របស់​នាង។

 

បេក្ខនារី​មក​ពី​ខេត្ត​ត្បូងឃ្មុំ​រូប​នេះ បាន​និយាយ​ថា៖ «ខ្ញុំ​ដឹង​ថា​សមាជិក​ក្រុម​រូប​ណា​ដែល​បាន​គុំ​មក​លើ​រូប​ខ្ញុំ ហើយ​ក៏​មិន​មែន​សំដៅ​មក​លើ​សមត្ថភាព​របស់​ខ្ញុំ គឺ​គាត់​មាន​កំហឹង​នៅ​ក្នុង​ខ្លួន​ជាមួយ​ខ្ញុំ​»។

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី២ របស់​ភីអិនអិន បាត់បង់​បេក្ខជន​ជា​លើក​ទី៣​

 

កម្មវិធី «​មុខរបរ​ខ្ញុំ​» នៅ​រៀងរាល់​សប្ដាហ៍​នឹង​មាន​បេក្ខជន​ម្នាក់​ធ្លាក់​ចេញ​ពី​កម្មវិធី​ដែល​ការ​សម្រេច​នឹង​ត្រូវ​ធ្វើឡើង​តាម​រយៈ​ការ​បោះឆ្នោត​របស់​បេក្ខជន​ចូលរួម​ក្នុង​កម្មវិធី រហូត​ដល់​សប្ដាហ៍​ទី​៩​ទើប​រក​ឃើញ​ជយលាភី។

 

សប្តាហ៍​មុន បេក្ខជន​ទាំង​៨​រូប បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពង់ចាម​ដើម្បី​ស្វែង​យល់​ពី​របៀប​ធ្វើ​កន្ទេល​កក់​របស់​អ្នក​ស្រុក​ដែល​ប្រកប​របរ​ធ្វើ​កន្ទេល​នេះ​តាំង​ពី​ដូនតា​មក។ ពួកគេ​ទាំង​ពីរ​ក្រុម ដោយ​ក្នុង​មួយ​ក្រុម​មាន​សមាជិក​៤​នាក់​ដូចគ្នា បាន​ប្រកួត​ប្រជែង​លើ​ការ​លក់​កន្ទេលកក់​នៅ​ផ្សារ​ទំនើប​សូរិយា ក្នុង​តម្លៃ​ដូច​គ្នា និង​ទីតាំង​លក់​ជាប់​គ្នា។

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី២ របស់​ភីអិនអិន បាត់បង់​បេក្ខជន​ជា​លើក​ទី៣​

 

សប្តាហ៍​នេះ​វិញ បេក្ខជន​ដែល​នៅ​សល់​ទាំង​៧​រូប​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រៃវែង​វិញ​ម្តង​ដើម្បី​ស្វែង​យល់​ពី​ការ​ដាំ​ស្លឹកគ្រៃ​របស់​ប្រជាជន​ក្នុង​ភូមិ។ បេក្ខជន​នឹង​ធ្វើការ​ជា​ក្រុម​ម្តង​ទៀត​តែ​នឹង​ប្រកួត​ប្រជែង​លើ​វិញ្ញាសា​ថ្មី​គឺ​ការ​ធ្វើ​បទ​បង្ហាញ​ពី​ស្លឹកគ្រៃ​ទៅ​ដល់​វាគ្មិន និង​អ្នក​ភូមិ ក្រោម​ប្រធាន​បទ «ហេតុ​អ្វី​ស្លឹកគ្រៃ​ត្រូវ​បាន​នាំ​ចូល​ពី​ក្រៅ​ប្រទេស? តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​លើក​ទឹក​ចិត្ត​កសិករ​ឲ្យ​ផលិត​ស្លឹកគ្រៃ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​បាន​គ្រប់គ្រាន់»?

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី២ របស់​ភីអិនអិន បាត់បង់​បេក្ខជន​ជា​លើក​ទី៣​

 

ក្រុម​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​លើ​ការ​វាយតម្លៃ​ឯកសារ​ស្រាវជ្រាវ និង​ការ​ធ្វើ​បទ​បង្ហាញ នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​វគ្គ​នេះ។
«មុខរបរ​ខ្ញុំ» ចាប់ផ្តើម​ចាក់​ផ្សាយ​ជា​លើកដំបូង​កាលពី​ថ្ងៃ​ចន្ទ ទី៤ កក្កដា ដោយ​ផ្សាយ​ជូន​ទស្សនា​ជា​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង ៨ ដល់​ម៉ោង ៨:៣០ យប់ ដោយ​ផ្តោត​សំខាន់​លើ​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ​មួយ​ទៅ​ក្នុង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម។ កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​ចេះ​ធ្វើការ​ជា​ក្រុម ហើយ​ក៏​នឹង​មាន​ភ្ញៀវ​កិត្តិយស​មក​ពី​វិស័យ​ខុសៗ​គ្នា​ចូលរួម​និយាយ​ពី​បទ​ពិសោធន៍​ជីវិត​ពិត​ផង​ដែរ ខណៈ​បេក្ខជន​ទាំងអស់​ត្រូវ​ប្រឹង​បញ្ចេញ​សមត្ថភាព​ការងារ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​ឈ្នះ​រង្វាន់​ទឹក​ប្រាក់ ២០​ លាន​រៀល។

 

ទស្សនា​វីដេអូ​ខ្លី​នៃ​ការ​ជម្រុះ​បេក្ខនារី ឡេង រដ្ឋា៖

 

អត្ថបទ៖ ពាណិជ្ជកម្ម