មី​យ៉ា​ន់​ម៉ា​ធ្វើ​សេចក្តីព្រាងច្បាប់​ការងារ​សម្រាប់​ពលករ​បរទេស

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ យោង​តាម​សភា​មី​យ៉ា​ន់​ម៉ា​បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​សេចក្តីព្រាងច្បាប់​ការងារ​សម្រាប់​ជនបរទេស ដើម្បី​គ្រប់គ្រង​កំណើន​នៃ​ចំនួន​ពលករ​អន្តរជាតិ ដែល​កំពុង​ស្វែងរក​ឱកាស​ការងារ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ។

លោក Thein Swe រដ្ឋមន្ត្រីក្រសួង​ការងារ អន្តោប្រវេសន៍ និង​ប្រជាជន មាន​ប្រសាសន៍​ថា ច្បាប់​នេះ​នឹង​បូក​បញ្ចូល​ទាំង​ច្បាប់​សម្រាប់​ពលករ​បរទេស និង​ការ​វិនិយោគ​អន្តរជាតិ ។

ការ​លើក​ឡើង​ខាងលើ​នេះ​ធ្វើ​ឡើង ខណៈ​លោក​រដ្ឋមន្ត្រី​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​លោកស្រី Daw Khin Ma Gyi ក្នុង​កិច្ចប្រជុំ​លើក​ទី​២ កាលពី​ថ្ងៃ​ទី​២៦ កក្កដា កន្លង​ទៅ​នេះ ។

លោកស្រី Daw Khin Ma Gyi បាន​សួរ​អំពី​ច្បាប់​គ្រប់គ្រង​ពលករ​បរទេស​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​ថា​តើ​ជនបរទេស​ទាំងអស់​តម្រូវ​ឱ្យ​បង់ពន្ធ ឬ​យ៉ាងណា ។ លោកស្រី​លើក​ឡើង​ថា ៖ « នៅ​ពេល​ដែល​ប្រជាជន​របស់​យើង​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ពួក​គេ​ត្រូវ​តែ​បង់​ថ្លៃថេរ គោរព​តាម​ច្បាប់​របស់​ប្រទេស​នោះ និង​ទទួល​បាន​លិខិតអនុញ្ញាត​ធ្វើ​ការងារ » ។

លោកស្រី​បន្ថែម​ថា ៖ « យើង​បាន​រក​ឃើញ​ថា ពលករ​បរទេស​ដែល​កំពុងធ្វើការ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា នៅ​តាម​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ចំនួន ដែល​ទទួល​ការ​វិនិយោគ​ពី​បរទេស​​មាន​ដូច​ជា​នៅ​ក្នុង​វិស័យ​សំណង់ ការ​រុករក​រ៉ែ​និង​សារធាតុ​ផ្សេង​ៗ ផ្លូវថ្នល់​និង​ស្ពាន ព័ត៌មានវិទ្យា​និង​សេវាកម្ម​ផ្សេង​ៗ ។ ម្យ៉ាងទៀត កីឡាករ​បរទេស​ជា​ច្រើន​នាក់​ក៏​បាន​ចូល​លេង​ឱ្យ​ក្លិប​បាល់ទាត់​ក្នុងស្រុក​ផង​ដែរ » ។

លោកស្រី​បាន​ប្រាប់​សភាជាតិ តាម​រយៈ​មន្ត្រី​សហជីព លោក Amyotha Hluttaw ដូច្នេះ​ថា​៖ « ពលករ​បរទេស​កំពុងធ្វើការ​ក្រោម​ប្រភេទ​ទិដ្ឋាការ​ជា​ច្រើន មាន​ន័យ​ថា ឱកាស​ការងារ​សម្រាប់​ប្រជាជន​ក្នុងស្រុក​មាន​ចំនួន​តិចតួច​។ នៅ​ពេល​ដែល​ទំហំ​នៃ​ការ​វិនិយោគ​បរទេស​កើនឡើង​នោះ ពលករ​បរទេស​កាន់តែ​ច្រើន​នឹង​ចូល​មក​ធ្វើការ​ក្នុង​ប្រទេស​នេះ » ។

មន្ត្រី​សហជីព​បាន​និយាយ​ថា ពលករ​បរទេស​នឹង​ត្រូវ​គោរព​តាម​ច្បាប់​នៅ​ពេល​ដែល​ច្បាប់​នោះ​អនុម័ត​រួច ។ បច្ចុប្បន្ន ជនបរទេស​អាច​មក​ធ្វើការ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន ក្រោម​ទិដ្ឋាការ​ក្នុងស្រុក​៦​ប្រភេទ​ផ្សេង​ៗ​គ្នា ៕