ឈ្មួញ​យួន​ឈ្មោះ យាយ​ម៉ា​យ ហ៊ាន​ធ្វើ​សកម្មភាព​ជួញដូរ​ឈើ​គ្រញូង​ដល់​ខេត្តឧត្ដរមានជ័យ​

ដោយសារ​អំពើពុករលួយ​ទើប​ឈ្មួញ​យួន​ឈ្មោះ យាយ​ម៉ា​យ ហ៊ាន​ធ្វើ​សកម្មភាព​ជួញដូរ​ឈើ​គ្រញូង​ដល់​ខេត្តឧត្ដរមានជ័យ ហើយ​ថែមទាំង​បើករថយន្ត​របស់ខ្លួន​បំ​បុក​អ្នកសារព័ត៌មាន​យ៉ាង​កំរោល​ទៀតផង​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​តាមច្បាប់​ជាបន្ទាន់ ព្រោះ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ នៃ​ខេត្តឧត្ដរមានជ័យ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។ ប្រសិនបើ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នោះ គឺ​យាយ​ម៉ា​យ ដែលជា​ឈ្មួញ​យួន​មិនអាច​ចូលទៅ​ទិញ​ឈើ​គ្រញូង និង​ដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់​ក្នុង​ខេត្តឧត្ដរមានជ័យ​បានឡើយ​។

ប្រភពពី​សមត្ថកិច្ច​នគ​របាល​នៅ​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា អ្នកសារព័ត៌មាន​២​នាក់​ត្រូវ​រថយន្ត​ក្រុម​ឈ្មួញ​យួន​ជួញដូរ​ឈើ​គ្រញូង​បើ​កបំ​បុក​ប៉ុនប៉ង​សម្លាប់​នៅពេល​ពួកគេ​តាម​ថត​យក​រូបភាព​សកម្ម​ភាព​ដឹកឈើ​គ្រញូង​របស់​ឈ្មួញ​យួន​ឈ្មោះ យាយ​ម៉ា​យ​។ សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ទៀតថា ករណី​ឈ្មួញ​យួន​បើករថយន្ត​បំ​បុក​អ្នកសារព័ត៌មាន​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧​បេ​ឡើង​ភ្នំ​ដងរែក ក្នុងភូមិ​ឃ្លាំង​កណ្ដាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​យួន​ឈ្មោះ យាយ​ម៉ា​យ និង​បក្ខពួក​ជាច្រើន​នាក់​ទៀត​បាន​បើករថយន្ត​ដេញ​បុក​អ្នកសារព័ត៌មាន​ជាច្រើន​ដង និ​កៀរ​រថយន្ត​អ្នកសារព័ត៌មាន​ទម្លាក់​ផ្លូវ​។

ប្រភព​ប្រជាពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​ឈ្មួញ​យួន​ឈ្មោះ យាយ​ម៉ា​យ និង​បក្ខពួក បានធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​គ្រញូង​និង​ដឹកជញ្ជូន​ឈើ​គ្រញូង​ចេញពី​ខេត្តឧត្ដរមានជ័យ​ច្រើន​ឆ្នាំ​មកហើយ មិន​ដែលមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តឧត្ដរមានជ័យ ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ឈ្មួញ​យួន​ឈ្មោះ យាយ​ម៉ា​យ និង​បក្ខពួក​មាន​ខ្នងបង្អែក​ជាម​ន្ត្រី​យោធា និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ក្នុង​ខេត្តឧត្ដរមានជ័យ ទើប​អាច​ប្រមូល​ទិញ​ឈើ​គ្រញូង​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​ទៅ​កាប់​ក្នុង​ទឹកដី​សៀម ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​។ បញ្ហា​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ទៀង ដា​វិ​ទ្យ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ​ផងដែរ ព្រោះ​មន្ត្រី​រូបនេះ​គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​យួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​៕

13891908_1729805760604538_3794040615232255400_nឈ្មួញយួនឈ្មោះ យាយម៉ាយ រកស៊ីជួញដូរឈើគ្រញូង 13895071_1729805720604542_5118565866104952407_n 13669791_1729805753937872_4274622444234730464_n