មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង ប្រឈម​នឹង​ការ​រិះគន់ថា កាង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​

​លោក ផាត សុផាន់​ណា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ត្រូវបាន​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​នេះ រិះគន់ថា​ជា​អ្នកកាង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ជាងនេះទៅទៀត​មានការ​រិះគន់​ចំៗ​ថា​លោក ផាត សុផាន់​ណា អាង​អំណាច​ឪពុក​ខ្លួន​ឈ្មោះ ឡូយ សុផាត ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ទើប​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ក៏ដូចជា​លោកស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង គួរពិនិត្យមើល​ឡើងវិញ ព្រោះ​បច្ចុប្បន្ន​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ក្នុង​ខេត្តស្ទឹងត្រែង កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​។

ប្រភពពី​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រណីត​១​គ្រឿង​កាលពី​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ ហើយ​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា អ្នកសារព័ត៌មាន​ក្នុង​ខេត្តស្ទឹងត្រែង បាន​ទៅ​ថត​យក​រូបភាព​រថយន្ត​ដឹកឈើ​នោះ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្រាប់តែ​លោក ផាត សុផាន់​ណា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ស្រែក​សម្លុត​គំរាម​ឲ្យ​អ្នកកាសែត​ទាំងអស់​ចេញ​ក្រៅ បើ​មិន​ចេញ​ទេ​នឹងត្រូវ​បិទទ្វារ​ចាប់ខ្លួន​។ ទង្វើ​យ៉ាង​គឃ្លើន​របស់លោក ផាត សុផាន់​ណា បែបនេះហើយ​ទើប​មានការ​រិះគន់ថា មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង​រូបនេះ គឺជា​អ្នកកាង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

តាម​ការ​បង្ហើប​ពី​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​កន្លងមក​លោក ផាត សុផាន់​ណា អាង​អំណាច​ឪពុក​ខ្លួន​ជា​តំណាងរាស្ត្រ​ឈ្មោះ ឡូយ សុផាត ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​មិនសូវ​ស្ដាប់​តាម​ការណែនាំ​របស់​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការ​ពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ លោក ផាត សុផាន់​ណា ធ្លាប់បាន​បាញ់​គំរាម​គេឯង​នៅ​ក្លឹប​កម្សាន្ត​កាឡាក់ស៊ី រួច​បន្តទៅ​បាញ់បោះ​អនាធិបតេយ្យ​នៅផ្ទះ​របស់ខ្លួន​ធ្វើ​ឲ្យ​ផ្អើល​អ្នកជិតខាង​ទាំងយប់​។ ករណីនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​ពិនិត្យ​ទៅលើ​ទង្វើ​របស់លោក ផាត សុផាន់​ណា ដែង​អាង​អំណាច​ឪពុក​របស់ខ្លួន ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​៕

photo_2016-07-30_21-12-27​លោក ផាត សុផាន់​ណា photo_2016-07-30_21-12-24