ចាប់​ទាហាន​ម្នាក់​យក​ទៅ​ដាក់​ក្នុង​ទ្រុង​បន្លា​លួស

ខេត្ត​ត្បូងឃ្មុំ ៖ ទាហាន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​យក​ទៅ​ដាក់​ក្នុង​ទ្រង់​បន្លា​លួស​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា ទាហាន​ដែល​ត្រូវ​ចាប់​ដាក់​ក្នុង​ទ្រុង​បន្លា​លួស​ឈ្មោះ អ៊ិ​ន វ​ឌ្ឈ​នៈ ហៅ​ទី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ទាហាន​ខាងលើ​បាន​អុកឡុក​ទារ​លុយ​ពី​ឪពុក​ម្តាយ​ចំនួន​២០​ម៉ឺន​រៀល​ដើម្បី​យក​ទៅ​ដើរ​លេង តែ​ម្តាយ​មិន​ឲ្យ​នោះ​ទេ ក៏​កើត​ទៅ​ជា​ការ​ក្តៅក្រហាយ​បាន​យក​របស់ទ្រព្យ​បោក​កម្ទេច​ចោល បណ្តាល​ឲ្យ​ខូចខាត​ជា​ច្រើន ។

លោក​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​ទារ​លុយ​មិន​បាន និង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​អស់ចិត្ត​ហើយ​ហើយ ទាហាន​រូប​នេះ​បាន​ស្ទុះ​ទៅ​ចាប់​ក្រៀក​ទាហាន​ម្នាក់​ឈ្មោះ ស្វាយ សំខាន់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ដែល​មានផ្ទះ​នៅ​ក្បែរ កំពុង​ហូប​បាយ​លើ​គ្រែ បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​គ្រែ​មក​ដី​រង​របួស​ឈឺ​ពេញ​ខ្លួនប្រាណ ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ មេបញ្ជាការ​ក្នុង​អង្គភាព​មួយ​ដែល​ស្ថិត​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ ។ បន្ទាប់​មក​បាន​បញ្ជា​ឲ្យ​មន្ត្រី​ទាហាន​ផ្សេង​ទៀត មក​ចាប់​ឈ្មោះ វ​ឌ្ឈ​នៈ ដាក់​ក្នុង​ទ្រុង​ឈើ​ដែល​រុំ​ទៅ​ដោយ​សំណាញ់​បន្លា​លួស​ដែល​ធ្វើ​សម្រាប់​ដាក់​មន្ត្រី​ទាហាន ណា​ដែល​ប្រាសចាក​វិន័យ​កងទ័ព ដើម្បី​ជា​ការ​ព្រមាន​ឲ្យ​រាងចាល ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន បញ្ជាក់​ថា ដោយសារ​តែ​ទ​ង្វើ​របស់​កូនប្រុស​មិន​អាច​អត់ឱន​ឲ្យ​បាន ឪពុក​ម្តាយ​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​យក​ទៅ​កាន់​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់ ។ លោក​បញ្ជាក់​ទៀត​ថា កន្លង​មក​មន្ត្រី​ទាហាន​ដែល​បាន​បង្ក​ហិង្សា​ខាងលើ​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​មក​ធ្វើ​កិច្ចសន្យា​ម្តង​មក​ហើយ លុះ​មក​ដល់​លើក​ទី​២​នេះ​ទៀត គឺ​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ គឺ​ត្រូវ​ឪពុក​ម្តាយ​ប្តឹង​ឲ្យ​សមត្ថកិច្ច​យក​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត ព្រោះតែ​ប្រដៅ​លែង​ស្តាប់ ៕