គ្មាន​មេត្តា​សោះ! ​ពិការ​បែប​នេះ​ហើយ មកធ្វើបាបនាង​​​ទៀត​

ខេត្ត​កំពត ៖ ប្រជា​ពលរដ្ឋ​​​ក្នុងភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​​កំពត បានឱ្យ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ដឹង កាលពី​ពេល​ថ្មី​ៗ​នេះ​​ថា មាន​ស្ត្រី​​ជា​ក្មេង​កំព្រា​ និង​ពិការ​ភាព​​តាំងពី​កំណើត​ម្នាក់​ ​សព្វថ្ងៃ​​​រស់នៅ​ជាមួយ​ម្តាយមីង​បង្កើតជា​ស្ត្រី​មេម៉ាយ ចិញ្ចឹម​​កូន​
រហូ​ត​ដល់​​៦​នាក់​ក្នុង​បន្ទុក ដោយ​​ម្តាយ​មីង​នោះ​ ទៅ​​​ស៊ីឈ្នួល​បម្រើ​ការងារ​ផ្ទះ​​ឱ្យ​គេ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​យក​​ថវិកា​មក​ផ្គត់​ផ្គង់​ក្នុង​គ្រួសារ​យ៉ាង​វេទនា​​បំផុត ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ពិការ​ខាងលើ​​ឈ្មោះ​ព្រំ សេក អាយុ​៣២​ឆ្នាំ មាន​ម្តាយមីង​ឈ្មោះ​ព្រំ ណាគ្រី អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​សង្កាត់​ខាងលើ​។

ប្រភព​ទៀត​ដឹង​ទៀត​ថា ស្ត្រី​ពិការ​រូប​នេះជា​កូនភ្លោះ​២​នាក់​បងប្អូន (​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​) ។ កាលពី​នៅ​វ័យ​កុមារភាព ម្នាក់​ប្រុស​ជា​​បង​នោះ​បានទៅ​រស់នៅ​មណ្ឌល​អា​ស្ពេ​​កា គ្រប់គ្រង​ដោយ​សង្គមកិច្ច​ក្រុង​កំពត ។ រីឯ​ស្ត្រី​ដែល​​ពិការ​ជា​ប្អូនរូបនេះ​ រស់នៅ​ជាមួយ​ម្តាយមីង ​តាំងពី​កុមារភាព​រហូត​ដល់​បច្ចុប្បន្ន ហើយ​ស្ត្រី​រូប​នេះ មិន​ត្រឹមតែ​​ពិការ​កាយសម្បទា​​ប៉ុណ្ណោះ​​ទេ ថែម​ទាំង​និយាយ​មិន​ចេញ​​ទៀត​ផង ។ ការ​រស់នៅ​ក្នុងផ្ទះ​ម្តាយមីង​នោះ ត្រូវ​បានកូន​ៗ​របស់​ម្តាយមីង ជួយ​ថែរក្សា​តាំង​តែ​ពី​ងូតទឹក ធ្វើ​ម្ហូបចំណី​ឱ្យ​ហូប ប៉ុន្តែ​នាង​មិនបាច់​ឱ្យ​គេ​បញ្ចុក​ទេ គឺ​នាង​ហូប​ខ្លួនឯង​បាន ប៉ុន្តែ​ពេល​ហូប​បាយ​ម្តង​ៗ គឺ​នាង​ដេក​ពូ​ប​ហូប ដែល​មើលទៅ​គួរ​ឱ្យ​អនិច្ចារ​មែនទែន ។

អ្វី​ដែល​ខ្លោចចិត្ត និង​នឹកស្មានមិន​ដល់នោះ មាន​​​​អ្នក​ជិត​​ខាង​​បាន​ខ្សឹបប្រាប់​​​ថា នាង​មាន​ភាព​​ពិការ​ប៉ុណ្ណឹង​​ហើយ នៅ​មាន​ជន​អគ​តិមក​​ចាប់រំលោភ​នាង រហូត​​មានកូន​ដល់​ទៅ​២​នាក់​​ឯណោះ ។ ប៉ុន្តែ​កូន​របស់​នាង​កើតមក​ស្លាប់ ហើយ​ចំពោះ​ករណី​រំលោភ​ទៅ​លើ​នាង ពុំ​ត្រូវ​បាន​អ្នក​ភូមិ​បង្ហើប​ឱ្យ​ដឹង​ពី​អត្ត​សញ្ញាណ​​ជន​នោះ​​ទេ ពីព្រោះ​គេ​ខ្លាច​ពី​សុវត្ថិភាព​​នាង ហើយ​បើ​សួរ​នាង​វិញ គឺ​នាង​និយាយ​មិន​ច្បាស់ ភ្នាក់ងារ​យើង​ស្តាប់​មិន​បាន​ ។ តែ​ករណី​នេះ សមត្ថកិច្ច​ជំនាញ​គួរតែ​ស្រាវជ្រាវ​រឿង​ហើយ ។