ប្រតិបត្តិការ​ក្តៅ ! ទៅ​​ព័ទ្ធ​ចាប់​ដល់​ផ្ទះ

ខេត្តក្រចេះ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​ស្នួល​ក្រោម​ការ​ដឹកនាំ​ពី​ស្ថាប័ន​អយ្យការ​ខេត្ត​បាន​បើក​ប្រតិបត្តិការ​ក្តៅ​ចុះ​ឡោម​ព័ទ្ធ​ចាប់​ជនសង្ស័យ​ដល់​ផ្ទះ ដែល​មា​នទី​តាំងនៅ​ភូមិ​សំ​រ៉​ង ឃុំ​ខ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ ។

សមត្ថកិច្ច​នគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​ចុះ​ឡោម​ព័ទ្ធ​លំនៅ​ឋាន​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​នគរបាល​ស្រុក​បាន​ចុះ​តាមដាន​ស៊ើបអង្កេត​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ។ ក្នុង​នោះ​នគរបាល​បាន​ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈួ​ន រះ អាយុ​៤១​ឆ្នាំ ខណៈ​ដែល​ជន​នេះ​ត្រូវ​នគរបាល​កំណត់​ថា ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ធំ​មួយ ហើយ​ជនសង្ស័យ​រូប​នេះ​ជា​មុខសញ្ញា​ចាស់​ដែល​មិន​រាងចាល ដោយ​ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូ​គ្រឿងញៀន ។ ក្រៅពី​ជនសង្ស័យ​ម្នាក់​នេះ​ក៏​នៅ​មាន​បក្សពួក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ រដ្ឋ ចាន់ អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​ស្នួល​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ឃាត់​ដែរ ខណៈ​ជន​នេះ​កំពុង​តែ​ចូល​ទៅ​ទិញ​គ្រឿងញៀន ។

អធិការ​នគរបាល​ស្រុក​ស្នួល លោក ចាន់ សុ​គី​ម បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​ការ​ឡោម​ព័ទ្ធ​ទៅ​លើ​លំនៅ​ឋាន​របស់​ជនសង្ស័យ សមត្ថកិច្ច​ក៏​បាន​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១០​កញ្ចប់​តូច​ធំ ដែល​ជន​នេះ​លាក់​នៅ​ក្នុងផ្ទះ​ទុក​សម្រាប់​ជួញដូរ និង​ប្រើប្រាស់ ។

លោក​ថា ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​គ្រឿងញៀន​ដែល​បាន​បង្ក្រាប ត្រូវ​កម្លាំង​នគរបាល​ស្រុក​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ល្ងាច​ថ្ងៃ​ទី​១ ខែសីហា​នេះ ដើម្បី​ចាត់ការ​បន្ត ៕