ASIA AVIATION CAPITAL LIMITED ត្រៀមទទួលផល ពីការបញ្ជារទិញយន្តហោះ AIRBUS A321neo របស់ AIRASIA

Asia Aviation Capital Limited ត្រៀមទទួលផលពីកិច្ចសន្យាលើការបញ្ជារទិញយន្តហោះ Airbus A321neo ចំនួន ១០០ គ្រឿងរបស់ AirAsia Berhad ដែលជាក្រុមហ៊ុនមេរបស់ខ្លួននាពេលថ្មីៗនេះ ដោយ ៣០ ភាគរយនៃចំនួនដែលបានបញ្ជារទិញរំពឹងថានឹងត្រូវផ្តល់ ទៅសេវាកម្មផ្នែកជួល។

ការបញ្ជារទិញយន្តហោះដែលមានតម្លៃស្មើនឹង ១២,៦ ពាន់លានដុល្លារអាមេរិក បើយោងទៅតាមតារាងតម្លៃនេះ ត្រូវបានប្រកាសនៅ Farnborough Airshow កាលពីសប្តាហ៍មុន។ នេះគឺជាការបញ្ជារទិញលើកទីមួយដោយ AirAsia Berhad សម្រាប់យន្តហោះធំជាងគេក្នុងត្រកូល A320 ដែលលក់ដាច់បំផុត និងអាចផ្ទុកអ្នកដំណើរបានរហូតដល់ ២៤០ នាក់។

លោក Rozman Omar ដែលជាប្រធាន និងអគ្គនាយករបស់ Asia Aviation Capital មានប្រសាសន៍ថា “យើងស្វាគមន៍ចំពោះការបញ្ជារទិញ A321neo ពី AirAsia។ យន្តហោះនេះនឹងនាំមកនូវផលចំណេញដ៏ខ្ពស់ ហើយនឹងជួយក្រុមហ៊ុនជួលឱ្យរីកលូតលាស់ ខណៈដែលយើងកំពុងបន្តការជួល សម្រាប់សាខា AirAsia និងក្រុមហ៊ុនអាកាសចរណ៍ភាគីទីបី”។

លោកបន្តទៀតថា “យើងមាននាយកប្រតិបត្តិ ដែលមានបទពិសោធន៍រាប់ទសវត្សនៅក្នុងឧស្សាហកម្មជួលយន្តហោះ និងប្រធានផ្នែកហិរញ្ញវត្ថុដែលមានចំណេះដឹងខ្ពស់ផ្នែកហិរញ្ញប្បទានយន្តហោះស្របពេល ដែលយើងដឹកនាំ Asia Aviation Capital មកក្នុងដំណាក់កាលលូតលាស់នេះ”។

Asia Aviation Capital បច្ចុប្បន្នគ្រប់គ្រង ឬផ្តល់ហិរញ្ញប្បទានយន្តហោះពាណិជ្ជកម្ម Airbus A320 លើសពី ៥៥ គ្រឿង ដែលជាបឋមបានជួលឱ្យសាខា AirAsia នៅក្រៅប្រទេសម៉ាឡេស៊ី។ ផ្នែកនេះក៏ត្រូវបានរំពឹងថា នឹងទទួលបានយន្តហោះ AirAsia បន្ថែម ១០០ គ្រឿងទៀតផងដែរ ដែលនាំឱ្យ ចំនួនសរុបនៃយន្តហោះ A320 កើនដល់ ១៥៥ គ្រឿង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត