ភ្នំពេញក្រោន ត្រៀមបិទក្រុមទ័ព ឯ លោក ប្រាក់ សុវណ្ណារ៉ា ថាក្រុមទាំង២អាចស្មើគ្នា

ក្រុមភ្នំពេញក្រោន បានដាក់គោលដៅថា ត្រូវបិទតារាឆ្នើមរបស់ក្រុមក្រសួងការពារជាតិ(ទ័ព) ឲ្យជាប់សម្រាប់ការវិលមកជួបគ្នាលើកទី២ នៅកីឡដ្ឋាន RSN នាល្ងាចម៉ោង ៦:០០ ថ្ងៃចន្ទនេះ ខណៈលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរ បានព្យាករថា ក្រុមទាំង២នេះអាចស្មើគ្នា។

mm01

គេនៅចាំបានថា ក្រុមទ័ព ធ្លាប់បានចាញ់ក្រុមភ្នំពេញក្រោន ២-១ ក្នុងជើងទី១ម្តងហើយ ប៉ុន្តែលោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមទ័ព ធ្លាប់បាននិយាយថា ការចាញ់ភ្នំពេញក្រោន លើកនោះដោយសារក្រុមរបស់លោកបានមើលស្រាលទៅលើទម្រង់លេងរបស់ភ្នំពេញក្រោន ហើយហេតុការបែបនោះ មិនអាចកើតមានឡើងទៀតនោះទេ។

សម្រាប់ការវិលមកជួបគ្នាលើកនេះ ក្រុមទ័ព ត្រូវការឈ្នះ៣ពិន្ទុជាដាច់ខាត ព្រោះលទ្ធផលចាញ់ ឬស្មើ ភ្នំពេញក្រោន វានឹងធ្វើឲ្យក្រុមទ័ព អស់ឱកាសស្ទើរតែទាំងស្រុងក្នុងការប្រជែងយកពានក្នុងរដូវកាលនេះជាមួយក្រុមបឹងកេត ដោយសារពេលនេះបឹងកេត មាន៣៧ពិន្ទុទៅហើយ បន្ទាប់ពីពួកគេបានបន្តយកឈ្នះក្រុមខេមបូឌានថាយហ្គឺរ ៥-១ ក្នុងការប្រកួតលើកទី១៤ កាលពីថ្ងៃអាទិត្យ ម្សិលមិញ ខណៈទ័ព ដែលទើបប្រកួតបាន១៣លើកនោះ មានតែ៣១ពិន្ទុ។

យ៉ាងណាក៏ដោយ មហិច្ឆតារកឲ្យបាន៣ពិន្ទុរបស់ក្រុមទ័ព វាអាចនឹងប្រឈមនៅការលំបាកកាន់តែច្រើន ខណៈលោក សែម សំណាង គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានផ្តោតខ្លាំងទៅលើការលេងទប់នោះ។ លោក សែម បាននិយាយថា យើងនឹងលេងការពារឲ្យបានខ្លាំង ពិសេសយើងត្រូវបិទខ្សែប្រយុទ្ធមកពីកូរ៉េខាងជើង (Choe Myong Ho) ព្រោះគេមានសមត្ថភាពខ្ពស់ និងយល់ស្ថានភាពលេងបានច្បាស់ ហើយបើសិនជា យើងអាចធ្វើទៅតាមអ្វីៗ ដែលបានគ្រោងទុកនោះ យើងនឹងបន្តឈ្នះលើក្រុមទ័ព ជាថ្មីម្តងទៀត។

mm02

ចំណែក លោក ប្រាក់ សុវណ្ណារ៉ា ដែលចង់ឃើញគូប្រកួតរបស់ខ្លួនគឺក្រុមទ័ព បានបញ្ចប់ក្នុងលទ្ធផលស្មើ ឬចាញ់ក្រុមភ្នំពេញក្រោននោះ បាននិយាយបន្ទាប់ពីក្រុមបឹងកេត បានយកឈ្នះក្រុមខេមបូឌានថាយហ្គឺរ កាលពីយប់ម្សិលមិញថា ក្រុមក្រសួងការពារជាតិមានកីឡាករមកពីកូរ៉េខាងជើងជួបដល់ពួកគេ តែក្រុមភ្នំពេញក្រោន ក៏មាន Bisan Georg និងកីឡាករមកពីកូរ៉េខាងត្បូង ដែលមានគុណភាពប្រយុទ្ធខ្លាំងដែរ ហេតុនេះក្រុមទាំង២នេះមានភាគរយស្មើគ្នាខ្ពស់ជាងការបញ្ចប់ដោយលទ្ធផលចាញ់ឬឈ្នះ។

ដោយឡែកក្រុមណាហ្គាវើល ក៏ត្រូវធ្វើការប្រកួតជាមួយក្រុមអាស៊ីអឺរ៉ុប នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:០០ ថ្ងៃនេះដែរ ប៉ុន្តែសម្រាប់ការប្រកួត១គូនេះ ត្រូវបានគេមើលឃើញថា ណាហ្គាវើល អាចនឹងយកឈ្នះក្រុមអាស៊ីអឺរ៉ុប ម្តងទៀតបាន បន្ថែមទៅលើការឈ្នះ ១-០ សម្រាប់ការជួបគ្នាក្នុងជើងទី១កន្លងមក៕

The post ភ្នំពេញក្រោន ត្រៀមបិទក្រុមទ័ព ឯ លោក ប្រាក់ សុវណ្ណារ៉ា ថាក្រុមទាំង២អាចស្មើគ្នា appeared first on CamboSport.