បន្ទាប់ពីលោកតា សង់ ស៊ីស បានធូរស្រាល សុន ស្រីពេជ្រ និង​កាឆយ នាំយក​ថវិកា ឧបត្ថម្ភដល់​លោកតា ផ្លុង មឿក

(ភ្នំពេញ)៖ បន្ទាប់ពីសុខភាព លោកតា សង់ស៊ីស បានធូរស្បើយច្រើនបន្តិច ក្រុមគ្រួសារក៏បានរៀបចំកម្មវិធី ចំរើនព្រះជន្ម និងហៅព្រលឹង​ព្រលះមកវិញ ដើម្បីឲ្យលោកតាបានស្រាកស្រាន្ត​ និងអរគុណ គុណបុណ្យដូនតា ដែលតាមថែរក្សា​កន្លងមក។ ក្រោយពីពិធីនេះ បានចប់រួចរាល់ ហើយស្ថានភាពលោកតា សង់ ស៊ីស បានធូរស្បើយនោះ តារាចម្រៀង សុន ស្រីពេជ្រ និងតារាកំប្លែង នាងកាឆយ បាននាំយកអំណោយ និងថវិកាមួយចំនួនឧបត្ថម្ភ​ដល់លោកតា ផ្លុង មឿក ដែលកំពុងតែមានជំងឺ និងខ្វះខាតនូវថវិកាព្យាបាលផងដែរ។

គេនៅចាំបានថា ស្របពេលដែលលោកតា សង់ស៊ីស ឈឺធ្ងន់ លោកតា ផ្លុង មឿក អ្នកអាយ៉ៃជើងចាស់​ឯណោះវិញ ក៏ក៏ធ្ងន់ធ្ងរមិនធម្មតាដែរ។ ក្រៅពីនេះ លោកតា​ស្ទើរតែគ្មានបាយទឹកហូបគ្រប់គ្រាន់ ព្រោះជីវភាពលំបាកខ្លាំង រហូតថ្ងៃខ្លះលោកតា ស្រក់ទឹកភ្នែក​ព្រោះចង់ហូបគុយទាវ ដែល​ចូលចិត្ត តែគ្មានប្រាក់សម្រាប់ហូបនឹងគេ។

ដោយសារតែលោកតា សង់ ស៊ីស បានធូរស្បើយ​ហើយ កូនៗ លោកតា មានដូចជា នាង សុន ស្រីពេជ្រ និងនាង កាឆយ បាននាំគ្នា ទៅសួរសុខទុក្ខ​លោកតា ផ្លុង មឿក ម្ដង ព្រមទាំងនាំថវិកា​មួយចំនួនផង ដែលបង្ហាញពីទឹកចិត្ត​ ចំពោះអ្នកសិល្បៈជើងចាស់ដូចគ្នា។

ប្រភពពីក្រុមគ្រួសារ លោកតាស៊ីស បាននិយាយថា ជាទឹកចិត្តចំពោះអ្នកសិល្បៈជើងចាស់​ដូចគ្នា ថវិកាមិនជាច្រើនទេ តែជាសុទ្ធា និងចង់បង្ហាញពីការជួយគ្នា ក្នុងគ្រាអាសន្ន ព្រោះកន្លងមក ពេលលោកតាស៊ីស​ឈឺ ក៏មានសប្បុរជនក្នុង និង​ក្រៅប្រទេសនានា ជួយច្រើនដែរ។ ថ្មីៗនេះអ្នកសិល្បៈខ្មែរ ហាក់មានសុខភាពដុនដាប ព្រោះម្នាក់សុទ្ធតែធ្លាក់ខ្លួនឈឺ ពិសេសឆ្នាំនេះជាឆ្នាំ ដែលអ្នកសិល្បៈឈឺ និងស្លាប់ច្រើនជាងគេ៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាសម្តែងស្រី នៅ សូនីតា នាំយកថវិកាមួយចំនួន ជូនលោកគ្រូ ផ្លុង មឿក គួររំលឹកផងដែរថា គួរឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ តារាសម្តែងស្រី កញ្ញា នៅ សូនីតា បាននាំយកថវិកាមួយចំនួន ជូនលោកគ្រូព្រឹទ្ធិចារ្យ ផ្លុង មឿក ដែលលោកជាសិល្បៈករជើងចាស់ ធ្លាប់សាងស្នាដៃជាច្រើន ដោយការសម្តែងនូវរឿងបុរាណនានា ហើយអ្វីដែលជាទីចាប់អារម្មណ៍ទៀតនោះ គឺលោកគ្រូធ្លាប់សម្តែងដើរតួជា ឪពុករបស់ លោក ខេមរៈ សេរីមន្ត នៅក្នុងបទចម្រៀង «បេះដូងអ្នកចម្រៀង» ថែមទៀតផង។

ប៉ុន្តែមិនថាយ៉ាងណា បច្ចុប្បន្ននេះលោកតាកំពុង ធ្លាក់ខ្លួនឈឺចាស់ជរា ដោយរោគគាពាធ និងគ្មានលទ្ធភាពអាចទិញថ្នាំ​សង្កូវ​ សំរាប់ព្យាបាលជំងឺបាន រីឯភរិយារបស់លោកគ្រូវិញ ក៏មានជំងឺ មិនអាចក្រោកពីកន្ទេលរួចទៀត ដោយមានទឹកចិត្ត កញ្ញា នៅ សូនីតា ក៏បាននាំយកជាថវិកាមួយចំនួន ជូនលោកគ្រូ ព្រមទាំងបានសរសេរជាសារ បង្ហាញពីអារម្មណ៍ក្តុកក្តួល នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖

«ព្រឹកមិញនេះខ្ញុំបាននាំយកថវិកាដែលសប្បុរសជន និងបងប្អូននៅក្នុងFacebook ទៅជូនលោកគ្រូ មឿក ដែលជាសាស្ត្រចារ្យ មួយរូបដែលមានវ័យចំណាស់ទៅហើយ គួបផ្សុំជាមួយជំងឺប្រចាំកាយ ដែលមិនអាចបន្តការងារសិល្បៈបាន សូម្បីតែភរិយាលោកគ្រូក៏មានជំងឺ ក្រោកពីកន្ទេលមិនរួចទេ លោកគ្រូអស់លទ្ធភាពបន្តការព្យាបាលទៀតហើយ ជាមួយនឹងការបង់ថ្លៃឈ្នួលផ្ទះជារៀងរាល់ខែ ពួកគាត់នៅជាមួយកូនស្រី ដែលមានប្រាក់ខែតិចតួច មិនគ្រប់នឹងការចំណាយប្រចាំថ្ងៃទេ រកព្រឹកខ្វះល្ងាច ខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ គាត់ប្រាប់ថ្ងៃខ្លះគាត់ឃ្លាន គុយទាវ ផ្លែឈើ រហូតដល់ថ្នាក់យំ ព្រោះគាត់តូចចិត្ត ដែលមិនមានប្រាក់គ្រប់គ្រាន់សំរាប់ទិញ ពួកគាត់មានតែលើកដៃសំពះអំពាវនាវអោយសប្បរសជនជួយ ព្យាបាលជំងឺ និងផ្តល់អាហារឆ្ងាញ់ៗ ដល់ពួកគាត់នូវជីវិតចុងក្រោយផង ជាពិសេសគាត់លើកដៃសំពះដល់ លោកជំទាវ កតិព្រឹត្ធបណ្ឌិត ប៊ុន រា៉នី ហ៊ុនសែន ដែលលោកជាប្រធាន កាកបាទក្រហម និង ជាទេវតាប្រោះព្រំ អ្នកជួប គ្រោះក្រលំបាកដូចជារូបពួកគាត់ នៅដង្ហើមចុងក្រោយផង ព្រោះពួកគាត់បំរើសិល្បៈទាំងពីរនាក់ប្តី ប្រពន្ធស្ទើរមួយជីវិតហើយ អាចចូលរួមជាមួយនាងខ្ញុំក៏បាន ព្រោះខ្ញុំនៅមានសំភារះមួយចំនួនតូចទៀតជួយគាត់ រឺលេខកូនគាត់ផ្ទាល់ 012 917148.

អរគុណសប្បុរសមួយចំនួនដែលមានដូចជាៈ

១. នាងខ្ញុំ ១០មឺុនរៀល

២. បងប្រុស វឌ្ឍនា ៥០ដុល្លារ

៣. សីុ ហាណាត ១០មឺុន

៤. ប្អូនស្រី ណា ១០ដុល្លារ

ប្រាក់កាសដែលនៅសល់ទៀត ខ្ញុំនឹងយកទៅជួយ លោកតា សង់សីុស ប្អូនស្រី ជីង និង បង ជៀស ស្រួច Pls help share pong ជួយទៅតាមលទ្ធភាពដែលយើងមាន បានបុណ្យខ្លាំង ពេលជួយអ្នកខ្សត់ខ្សោយ»

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload