រុស្ស៊ី​៖ អាមេរិក​កុំ​ចេះ​! ការពង្រាយ​អាវុធ​ទៅ​ទឹកដី​គ្រី​មៀ​ជា​សិទ្ធិ​របស់​យើង​ និពន្ធដោយ : សៅ ផលនិស្ស័យ       August-01-2016, 2:49 pm         1638

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រុស្ស៊ី​៖ អាមេរិក​កុំ​ចេះ​! ការពង្រាយ​អាវុធ​ទៅ​ទឹកដី​គ្រី​មៀ​ជា​សិទ្ធិ​របស់​យើង​​រុស្ស៊ី​បាន​ទាត់ចោល​ការរិះគន់​រប​ស់​ក្រុង​វ៉ាស៊ីនតោន​ជុំវិញ​ការពង្រាយ​សព្វាវុធ​និង​កងទ័ព​ទៅកាន់​តំបន់​គ្រី​មៀ (Crimea)​។ ក្រុង​ម៉ូស្គូ​និយាយ​ឡកឡឺយ​ឲ្យ​អាមេរិក​ថា អាមេរិក​មិនបាច់​ចេះដឹង​ទេ ព្រោះ​វា​ជា​ទឹកដី​របស់​រុស្ស៊ី ហើយ​រុស្ស៊ី​ក៏​មិនដែល​ណែនាំ​អាមេរិក​ថា​តើ​ត្រូវ​ពង្រាយ​កងទ័ព​ឬ​សព្វាវុធ​ប្រភេទ​ណា​និង​ប៉ុន្មាន នាក់​ឬ​ប៉ុន្មាន​គ្រឿង​លើ​ទឹកដី​អាមេរិក​ខ្លួនឯង​ដែរ​កន្លងមក​។ 

​ក្រុង​វ៉ាស៊ីនតោន​ត្រូវ​មួយ​ព្រនង់​របស់​ក្រុង​ម៉ូស្គូ ក្រោយ​ពេលដែល​រដ្ឋាភិបាល​នេះ​រិះគន់​ការពង្រាយ​សព្វាវុធ​និង​កងទ័ព​របស់​រុស្ស៊ី​ទៅកាន់​ទឹកដី​គ្រី​មៀ​នោះ​។ រុស្ស៊ី​អះអាងថា​អាមេរិក​មិនបាច់​ខ្វល់​ឡើយ​ព្រោះ​រុស្ស៊ី​ពង្រាយ​អាវុធ​និង​កងទ័ព​នៅលើ​ទឹកដីរ​បស់​ខ្លួន​ប៉ុណ្ណោះ ហើយ​វា​ជា​វិធាន​ការរក្សាសន្តិសុខ​ទ​ប់​ទល់​ការគំរាមកំហែង​ពី​ខាងក្រៅ​។

​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT មន្ត្រីការទូត​ជាន់ខ្ពស់​របស់​រុស្ស៊ី​លោក Mikhail Ulyanov បាន​ថ្លែង​ទាត់ចោល​ការរិះគន់​រប​ស់​អាមេរិក ហើយ​លោក​បន្ត​អះអាងថា​៖«​តាមពិតទៅ​រុស្ស៊ី​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ផ្លាស់ប្តូរ​ទីតាំង​កងទ័ព​និង​ស​ពា្វ​វុ​ធ​លើ​ទឹកដី​របស់ខ្លួន​ក្រោម​ការសម្រេចចិត្ត​មួយ​ដោយ​ឯករាជ្យ​»​។

​លោក​បាន​បន្តទៀតថា កន្លងមក​រុស្ស៊ី​តែងតែ​ធ្វើ​សកម្មភាព​ត្រឹមត្រូវ​មួយ​ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​ដូចជា​បានចេញ​សេចក្តីថ្លែងការណ៍​ជា​សាធារណ​ដើម្បី​បង្ហាញ​ពី​រចនាសម្ព័ន្ធ និង​ទីតាំង​ដែល​សព្វាវុធ​និង​កងទ័ព​ត្រូវ​ឈរជើង​។​

«​រុស្ស៊ី​មិនដែល​ប៉ុនប៉ង​ប្រាប់​ក្រុង​វ៉ាស៊ីនតោន​ពាក់ព័ន្ធ​ប្រភេទ​កងទ័ព​និង​ចំនួន​កងទ័ព​ដែល​អាមេរិក​អាច​បញ្ជូន​ទៅកាន់​រដ្ឋ​ណាមួយ​របស់ខ្លួន​ឡើយ​។ តាមពិតទៅ អាមេរិក​ខ្លួនឯង​ដែល​តែង​តែង​ផ្តល់​អនុសាសន៍​ឲ្យ​យើង ដែល​សកម្មភាព​នេះ​មិនសូវ​ត្រឹមត្រូវ​សោះ​»​។​

​មន្ត្រីជាន់ខ្ពស់​រូបនេះ​ក៏បាន​ពន្យល់​បន្ថែម​ផងដែរ ផែនការ​របស់​រុស្ស៊ី​ក្នុងការ​ពង្រាយ​សព្វាវុធ​នេះ ធ្វើឡើង​ដោយសារ​មានការ​ពិចារណា​ដិតដល់​ពាក់ព័ន្ធ​សកម្មភាព​បង្ករឿង​របស់​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​មួយចំនួន​ដែល​នៅក្រៅ​តំបន់​សមុទ្រ​ខ្មៅ​។ ពួកគេ​បាន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​មក​ឆាឆៅ​នៅ​តំបន់​សមុទ្រ​ខ្មៅ និង​បង្កបញ្ហា​នៅក្នុង​តំបន់​ផង​។ ដូច្នេះហើយ ផែនការ​យោធា​របស់​រុស្ស៊ី​ត្រូវតែ​គិតគូរ​ឲ្យ​បាន​ដិតដល់​ពី​បញ្ហា​ទាំងនេះ​។​

​យ៉ាងណាមិញ សហរដ្ឋអាមេរិក​និង​ប្រទេស​អឺរ៉ុប​មិនដែល​ទទួលស្គាល់​ទឹកដី គ្រី​មៀ ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​ឡើយ តាំងពី​កងទ័ព​រុស្ស៊ី​ឆ្លងដែន​ជួយ​រៀបចំ​ប្រជាមតិ​នៅ​ទឹកដី​គ្រី​មៀ ខែមីនា​ឆ្នាំ ២០១៤​មកម្ល៉េះ​នោះ​។ គេ​ថា រុស្ស៊ី​បាន​លេប​យក​ទឹកដី​គ្រី​មៀ ពី​អ៊ុយ​ក្រែ​ន​ដោយ​ខុសច្បាប់​ប៉ុណ្ណោះ​។​

​តាមពិតទៅ ការពន្យល់​និង​ប្រតិកម្ម​របស់​មន្ត្រី​រុស្ស៊ី​នេះ មិន​ត្រឹមតែ​តប​កា​រិះគន់​របស់​អាមេរិក​ប៉ុណ្ណោះ​ទេ វា​ក៏​ជាការ​ឆ្លើយតប​ការចោទប្រកាន់ថា ការបញ្ជូន​អាវុធ​រុស្ស៊ី​ទៅ​គ្រី​មៀ រំលោភ​កិច្ចព្រមព្រៀង​អន្តរជាតិ​។​

​ក្រៅពី​បញ្ជាក់​ពី​សិទ្ធិ​និង​ឯករាជភាព​របស់​រុស្ស៊ី​ក្នុងការ​ពង្រាយ​សព្វាវុធ លោក Mikhail Ulyanov បាន ផ្តោតលើ​កិច្ចព្រមព្រៀង​កាត់បន្ថយ​អាវុធ​យុទ្ធសាស្ត្រ​វិញ​ម្តង​។  បច្ចុប្បន្ន រុស្ស៊ី​មិនទាន់​ទទួលបាន​សំណើរ​ពាក់ព័ន្ធ​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​យុទ្ធសាស្ត្រ​ថ្មី (New START) ឡើយ ហើយ​ពេលណា​សំណើរ​មកដល់​ដៃ​រុស្ស៊ី ខ្លួន​នឹង​ចាប់ផ្តើម​សិក្សា​និង​ត្រួតពិនិត្យ​មើលថា វា​ត្រឹមត្រូវ​និង​ស្របតាម​លិខិតបទដ្ឋាន​អន្តរជាតិ​ឬ​អត់​។ អ្វីដែល​សំខាន់ តាំងពី​ខែមិថុនា​ឆ្នាំមុន រុស្ស៊ី​ក៏​ធ្លាប់​លើកឡើង​ពី​គម្រោង​ពង្រាយ​កាំជ្រួច​នុយក្លេអ៊ែរ​ដែលជា​អាវុធ​យុទ្ធសាស្ត្រ​ទៅកាន់​តំបន់​នានា​ដែល​ស្ថិតក្រោម​ដែន​អធិបតេយ្យ​របស់ខ្លួន​ផងដែរ​។​