រដ្ឋ​ឥស្លាម ISIS កោះ​ហៅ​សមាជិក​ខ្លួន ដើម្បី​វាយ​ប្រហារនៅ​ក្នុង​ប្រទេស​រុស្ស៊ី

រដ្ឋ​ឥស្លាម ISIS បាន​កោះ​ហៅ​សមាជិក​ខ្លួន ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ នេះ​បើ​តាម​ខ្សែ​វីដេអូ ដែល​បាន​បង្ហោះ​លើ​គេហទំព័រ YouTube មាន​រយៈ​ពេល ៩នាទី កាល​ពី​ថ្ងៃ​អាទិត្យ ទី៣១ ខែ​កក្កដា ម្សិលមិញ​នេះ។

 

រដ្ឋ​ឥស្លាម ISIS កោះ​ហៅ​សមាជិក​ខ្លួន ដើម្បី​វាយ​ប្រហារនៅ​ក្នុង​ប្រទេស​រុស្ស៊ី

 

«ស្តាប់​ណា Putin យើង​នឹង​ទៅ​ប្រទេស​រុស្ស៊ី ហើយ​នឹង​សម្លាប់​ឯង នៅ​ក្នុង​ផ្ទះ​របស់​ឯង… អូ! បងប្អូន​អើយ ចាប់ផ្ដើម​សង្គ្រាម សម្លាប់ និង​វាយ​ប្រហារ​ពួកគេ​ទៅ»។ នេះ​បើ​តាម​សម្ដី​បុរស​បិទ​មុខ​ម្នាក់​និយាយ​នៅ​ក្នុង​ខ្សែ​វីដេអូ​ខាងលើ។

 

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មិន​មាន​អ្វី​ដើម្បី​ផ្ទៀងផ្ទាត់​បញ្ជាក់​ពី​ខ្សែ​វីដេអូ​ខាង​លើ​ឡើយ ប៉ុន្តែ​តំណ​ភ្ជាប់​ទៅ​កាន់​វីដេអូ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​គណនី Telegram ដែល​ប្រើប្រាស់​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ ISIS។ ជាង​នេះ​ទៅ​ទៀត គេ​មិន​ទាន់​ដឹង​ច្បាស់​ឡើយ​ថា ហេតុ​អ្វី​បាន​ជា​ប្រទេស​រុស្ស៊ី​ក្លាយ​ជា​គោលដៅ​របស់​រដ្ឋ​ឥស្លាម ISIS ប៉ុន្តែ​ប្រទេស​រុស្ស៊ី និង​សហរដ្ឋអាមេរិក កំពុងតែ​ពិភាក្សា​គ្នា​អំពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​យោធា និង​ស៊ើបការណ៍ ប្រឆាំង​រដ្ឋ​ឥស្លាម ISIS និង​អាល់កៃដា នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋ​ឥស្លាម ISIS បាន​កោះហៅ​អ្នកគាំទ្រ​របស់​ខ្លួន​ដើម្បី​ធ្វើ​សកម្មភាព ដោយ​ប្រើប្រាស់​អាវុធ​ដែល​អាច​ប្រើប្រាស់​បាន​ផ្សេងៗ ទៅលើ​បណ្ដា​ប្រទេស​ដែល​ខ្លួន​កំពុងតែ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ reuters