CNRP ថា បើ​ឈ្នះ​ឆ្នោត កែ​ស្ថាប័ន​ជាតិ​ធំ​៣

រាជធានី​ភ្នំពេញ ៖ ប្រធាន​ស្តីទី​លោក កឹ​ម សុខា បាន​អះអាង​ថា នៅ​ពេល​គណបក្ស​លោក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ នឹង​ធ្វើ​កំណែទម្រង់​ស្ថាប័ន​ធំ​ៗ​របស់​ជាតិ​ចំនួន​បី ។ ប៉ុន្តែ​ការ​លើក​ឡើង​ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​ថា​គ្រាន់​ជា​វោហា​សាស្ត្រ​នយោបាយ​តែ​ប៉ុណ្ណោះ​។

លោក កឹ​ម សុខា បាន​សរសេរ​លើក​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ខណៈ​ថ្លែង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ទាំង​១៩៧ ក្រុង​-​ស្រុក​-​ខណ្ឌ ក្រុម​ទី​២ វគ្គ​ទី​២ នៅ​ទីស្នាក់ការ​កណ្ដាល​​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ពេល​ថ្មី​ៗ​នេះ​បញ្ជាក់​ថា «​ប្រទេស​ជាតិ​ត្រូវ​តែ​អមតៈ បុគ្គល​ម្នាក់​ៗ​មិន​ស្ថិត​ថេរ​ឡើយ​។ ខ្ញុំ​សង្កេត​ឃើញ​ថា ប្រទេស​ជាតិ​ណា​ដែល​មាន​ស្ថាប័ន​ជាតិ​រឹង​មាំ មិន​អាស្រ័យ​តែ​លើ​បុគ្គល​មេដឹកនាំ​ម្នាក់ ឬ​មួយ​ក្រុម​នោះ​ទេ ប្រទេស​នោះ​តែងតែមាន យុត្ដិធម៌ សន្ដិភាព និង​ការ​រីក​ចម្រើន​ប្រកប​ទៅ​ដោយ​ចិ​រ​ភាព ទោះបីជា​មានការ​ផ្លាស់​ប្ដូរ​អ្នកដឹកនាំ​ប្រទេស​ក៏​ដោយ​។ ខ្ញុំ​យល់​ឃើញ​ថា ជា​ការ​ចាំបាច់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​យើង ត្រូវ​តែ​ធ្វើការ​កែទម្រង់​ស្ថាប័ន​ជាតិ​ទាំង​៣ (​ស្ថាប័ន​នីតិបញ្ញត្ដិ ស្ថាប័ន​នីតិប្រតិបត្ដិ និង​ស្ថាប័ន​តុលាការ​) ឲ្យ​មាន​តុល្យភាព​អំណាច​»​។

ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​នេះ បាន​សង្កត់ធ្ងន់​ថា «​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ប្រទេស ប្ដេជ្ញា​ធ្វើការ​កែទម្រង់​ស្ថាប័ន​ជាតិ​ខាងលើ​នេះ ដើម្បី​ឲ្យ​អ្នកដឹកនាំ​ជំនាន់​ក្រោយ ដឹកនាំ​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ជា​ដាច់ខាត​។ ការ​ដឹកនាំ​បែប​នេះ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​ចាក​ផុត​អំពី​អ​ស្ថិរភាព​សង្គម ដែល​បាន​កើតឡើង​មិន​ចេះ​អស់ មិន​ចេះ​ហើយ​ដូច​កន្លង​មក»​។

ចំពោះ​ការ​លើក​ឡើង «​ប្រទេស​ជាតិ​ត្រូវ​តែ​អមតៈ បុគ្គល​ម្នាក់​ៗ​មិន​ស្ថិត​ថេរ​ឡើយ​» នោះ​ត្រូវ​បាន​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្វាគមន៍  និង​ថា អ្នក​ណា​ក៏​មិន​អមតៈ​ដូច​គាត់​និយាយ​មែន ទាំង​គេ ទាំង​គាត់​ពិតមែន គឺ​ដូច​គ្នា ។

លោក សុខ ឥ​សាន បាន​លើក​ឡើង​ទៀត​ថា ការ​លើក​ឡើង​របស់​លោក កឹ​ម សុខា ជា​ទស្សនៈ​របស់​គាត់ ប៉ុន្តែ​ការ​សង្ឃឹម​នោះ វា​នឹង​ដល់​ដូច​អ្វី​ដែល​គាត់​ថា នោះ​ទេ​។  កាលណា​គាត់​ថា ឈ្នះ​ឆ្នោត​គាត់​នឹង​កាន់​អំណាច​នៅ​អាណត្តិ​ក្រោយ​នោះ គឺ​គ្រាន់តែ​វោហា​សាស្ត្រ​នយោបាយ ឃោសនា ដើម្បី​បង្វែង​សតិ​អា​ម្មរណ៍​សមាជិក​សមាជិក​អ្នកគាំទ្រ​របស់​គាត់​នោះ​ទេ​។