ក្មេងប្រុស​​​​ជំទង់​ និង​ម្តាយ​ត្រូវ​បាន​ចាប់​ខ្លួនដោយសារ​​​​​បង្ខំ​ក្មេង​ស្រី​​​​ឲ្យ​​​រំ​លូតកូន

មន្រ្តីបាននិយាយកាលពីថ្ងៃអាទិត្យថា សិស្សវិទ្យាល័យម្នាក់និងម្តាយត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបងកាលពីថ្ងៃសុក្រ ហើយបានចោទប្រកាន់ពីបទបង្ខំមិត្តស្រីរបស់ខ្លួន អាយុ១៧ឆ្នាំឱ្យរំលូតកូនចោល ប៉ុន្តែចាប់ពីពេលនោះមកត្រូវបានដោះលែងវិញដោយសារខ្វះភ័ស្តុតាង។ តាមលោក សូ ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក អឹម បញ្ញា ក៏អាយុ១៧ឆ្នាំដែរនិងម្តាយរបស់គាត់ អាយុ៤០ឆ្នាំត្រូវបានចាប់ខ្លួនដោយកងរាជអាវុធហត្ថនៅផ្ទះរបស់គេក្នុងស្រុកបវេល ក្រោយពីមិត្តស្រីរបស់លោក បញ្ញា បានដាក់ពាក្យប្តឹងពួកគេ។ លោក ឌី បាននិយាយដោយដកស្រង់ការសម្ភាសជាមួយនារីនោះកាលពីថ្ងៃពុធថា កាលពីថ្ងៃទី១៧ ខែកក្កដា “ជនរងគ្រោះបានប្រាប់មិត្តប្រុសរបស់នាងថា នាងមានផ្ទៃពោះហើយ ហើយក៏សុំឲ្យមិត្តប្រុសរៀបការ មុនពេលកូនកើតមក”។ មេបញ្ជាការរងរូបនេះបាននិយាយថា “មិត្តប្រុសបានគំរាមបែកផ្លូវជាមួយនាង ប្រសិនបើ នាងមិនព្រមរំលូតកូនចោលទេ ហើយឲ្យនាងសន្យាថាមិនត្រូវប្រាប់រឿងអាថ៌កំបាំងនេះឲ្យឪពុកម្តាយរបស់នាងដឹងទេ”។ លោក ឌី បាននិយាយថា នៅពេលដែលម្តាយរបស់ បញ្ញាគឺអ្នកស្រី សឿនបានដឹងថានាងមានផ្ទៃពោះ អ្នកស្រីក៏បានសន្យានឹងនារីនោះថា ប្រសិនបើនាងរំលូតកូនចោល អ្នកស្រីនឹងឲ្យរៀបចំការ នៅពេលដែលកូនប្រុសអ្នកស្រីរៀនចប់វិទ្យាល័យ។នារីនោះក៏បានយល់ព្រម ហើយ បញ្ញានិងម្តាយបាននាំនាងទៅគ្លីនិកឯកជនមួយឲ្យធ្វើតាមនីតិវិធី។ មេបញ្ជាការរងបាននិយាយថា ទោះបីជាយ៉ាងនេះក្តី ក្រោយពីរំលូតកូនហើយ លោក បញ្ញា និងម្តាយព្រងើយកន្តើយនឹងនាង ដោយធ្វើឲ្យនាងដាក់ពាក្យបណ្តឹងទៅកងរាជអាវុធហត្ថមូលដ្ឋាន។ មេបញ្ជាការរងបាននិយាយថា “ជនរងគ្រោះបានសម្រេចចិត្តប្តឹងជនសង្ស័យទាំងពីរនាក់ ព្រោះជនសង្ស័យបានបោកនាងឲ្យរំលូតកូនចោល។វាខុសច្បាប់ដែលបង្ខំឲ្យនណាម្នាក់រំលូតកូនចោល ប្រសិនបើគេមិនចង់”។ លោក ទូច ភក្តី អ្នកនាំពាក្យតុលាការខេត្តបាត់ដំបងបាននិយាយថា ម្តាយនិងកូនប្រុសត្រូវបានសាកសួរនៅតុលាការខេត្តកាលពីថ្ងៃសុក្រ ហើយក្រោយមកបានដោះលែងវិញនៅថ្ងៃនោះ ដោយសាតែខ្វះភ័ស្តតាងដាក់បន្ទុក។ ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យរូបនេះបាននិយាយថា តុលាការនឹងបន្តស៊ើបសង្កេតករណីនេះ ហើយនឹងទាក់ទងគ្លីនិកដែលតាមការចោទនារីនេះបានរំលូតកូនចោល។ តាមមាត្រាទី១៤នៃច្បាប់ស្តីពីការរំលូតកូននាឆ្នាំ១៩៩៧របស់កម្ពុជា “ជនទាំងឡាយណាដែលបង្ខិតបង្ខំឱ្យស្ត្រីដែលមានគភ៌ធ្វើការរំលូតកូន ឬធ្វើឱ្យរលូតកូនដោយចេតនាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ ៥ឆ្នាំ”៕ មាំ វិបុល         © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without […]

The post ក្មេងប្រុស​​​​ជំទង់​ និង​ម្តាយ​ត្រូវ​បាន​ចាប់​ខ្លួនដោយសារ​​​​​បង្ខំ​ក្មេង​ស្រី​​​​ឲ្យ​​​រំ​លូតកូន appeared first on The Cambodia Daily.