លោកស្រី​យូ​រី​កូ កូ​អីុ​កេ ជានា​រី​ដំបូង​គេ​ក្លាយជា​អភិបាលក្រុង​តូ​ក្យូ

ជា​អ្នក​ចាប់អារម្មណ៍​ខ្លាំង​លើ​បញ្ហា​បរិស្ថាន​ជា​មនុស្ស​ជាតិនិយម​ខ្លាំង​បំផុត ហើយ​ចង់ឱ្យ​នារី​ចូល​ប្រឡូក​កាន់តែ​ច្រើន​ក្នុង​នយោបាយ​លោកស្រី​យូ​រី​កូ កូ​អីុកេ កាលពី​ថ្ងៃ​ទី​៣១ កក្កដា ដណ្តើម​បាន​ជ័យជម្នះ​យ៉ាង​ធំធេង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អភិបាលក្រុង​តូ​ក្យូ ។

លោកស្រី​យូ​រី​កូ កូ​អីុ​កេ ឡើង​បន្ត​តំណែង​ពី​លោក​យូ​អុ​ី​ជី​ម៉ា​ស៊ូ​ហ្សូ​អេ ដែល​សុំ​លាលែង​កាលពី​ខែមិថុនា ដោយសារ​រឿងអាស្រូវ​ពង្វាង​យក​មូលនិធិ​នយោបាយ ហើយ​ក្លាយជា​នារី​ដំបូង​គេ​ដែល​ដឹកនាំ​ក្រុង​តូ​ក្យូ ។

មុន​ជាប់​ឆ្នោត​លោកស្រី​ធ្លាប់​ថ្លែង​ថា បើ​លោកស្រី​ជាប់​ឆ្នោត​លោកស្រី​ចង់​ទាញ​យក​ទំនុកចិត្ត​ឡើង​វិញ​របស់​អ្នកក្រុង​តូ​ក្យូ ដោយ​លោកស្រី​រំលឹក​ថា អភិបាលក្រុង​៣​រូប​មុន​នេះ​សុទ្ធតែ​សុំ​លាលែង​ក្រោយ​រឿងអាស្រូវ​ហិរញ្ញវត្ថុ​។ លោកស្រី​ឈ្នះ​ដាច់​លើ​បេក្ខជន​២០​រូប​ទៀត ពិសេស​អ្នកកាសែត​លោក​ស៊ុន​តា​រ៉ូ តូ​រី​ហ្គោ​អេ ដែល​ជ្រើសរើស​ជា​បេក្ខជន​តែ​ម្នាក់​គត់​របស់​គណបក្សប្រឆាំង ។

លោកស្រី​កូ​អីុកេ អាយុ​៦៤​ឆ្នាំ បាន​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​លើ​ប្រធានបទ «​មហា​កែទម្រង់​ក្រុង​តូ​ក្យូ​» ។ លោកស្រី​សន្យា​ធ្វើ​ឱ្យ​មាន​តម្លាភាព​បំផុត​ក្នុង​ការ​គ្រប់គ្រង​ទីក្រុង​មាន​ប្រជាជន​១៣,៨​លាន​នាក់​នោះ ដែល​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២០ ។ លោកស្រី​ជា​អតីតរដ្ឋមន្ត្រី​ការពារ​ប្រទេស​ជប៉ុន ៕