ចិន​ចាត់វិធានការ​បន្ទាន់​ ​នាពេល​ព្យុះ NIDA ជិត​មក​ដល់

យោង​តាម​ស៊ី​ន​ហួ​ថា ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​១ សីហា បាន​ចាត់វិធានការ​បន្ទាន់​នានា​ពេល​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ NIDA ជិត​បោកបក់​មក​ដល់ ។

អាជ្ញាធរ​ខេត្ត​ហ៊ូ​ណា​ន់ ក្វា​ង​ទុង ហ្គី​ហ៊្សូ និង​យុន​ណា​ន់ ព្រមទាំង​តំបន់​ស្វយ័ត​ហ៊្សូ​អាង ខេត្ត​ក្វា​ង​ស៊ី ត្រូវ​បាន​ស្នើ​ឱ្យ​តាមដាន​ព្យុះ​នេះ ហើយ​ចេញ​ក្នុង​ពេល​សម​ស្រប​នូវ​ការ​ប្រកាស​អាសន្ន ។ នេះ​ជា​សារាចរ​ណែនាំ​របស់​ក្រសួង​កិច្ចការ​ស៊ី​វិល​ចិន ។

គណៈកម្មាធិការ​ជាតិ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​បាន​ស្នើ​ដល់​ប្រជាជន​បណ្តា​តំបន់​អាច​រង​ការ​ប៉ះពាល់​ដោយសារ​ព្យុះ​នេះ​ឱ្យ​ស្តុក​របស់របរ​ចាំបាច់​បម្រុង​ទុក​យ៉ាងតិច​ពី​មួយ​ថ្ងៃ​ទៅ​៣​ថ្ងៃ ។ សារាចរ​នេះ​បន្ត​ថា យន្តការ​បន្ទាន់​សម្រាប់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ត្រូវ​តែ​សកម្ម​ប្រសិនបើ​ចាំបាច់ ។

តាម​ការ​ព្យាករណ៍​ឧតុនិយម ព្យុះ NIDA នឹង​បោកបក់​មក​ដល់​ខេត្ត​ក្វា​ង​ទុង​ភាគ​ខាងត្បូង​ចិន​នា​ថ្ងៃ​ទី​២ សីហា ។ ព្យុះ NIDA ដែល​មាន​កម្លាំង​ខ្យល់​ក្នុង​ល្បឿន​១៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បាន​បោកបក់​លើ​ហ្វ៊ី​លី​ពី​ន​មុន​មក​ដល់​ចិន ៕