កាសែត​អា​មេ​រិ​ក​ញូ​វ​យ៉​ក​ប៉ុស្តិ៍​ផ្សាយ​រូបថត​ស្រាត​របស់​ភរិយា​លោក TRUMP

កាសែត​ញូ​វ​យ៉​ក​ប៉ុស្តិ៍​ជា​កាសែត​អភិរក្សនិយម​មួយ​របស់​មហាសេដ្ឋី RUPERT MURDOCH បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ កក្កដា នូវ​រូបថត​សិច​ស៊ី​មួយ​ចំនួន​របស់​លោកស្រី MELANIA TRUMP ភរិយា​បេក្ខជន​ប្រធានាធិបតី​អា​មេ​រិ​ក​នៃ​គណបក្ស​សាធារណរដ្ឋ ។

យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក ពេល​នេះ​កំពុង​មាន​ភាព​ខ្លាំងក្លា និង​វាយប្រហារ​គ្នា​ខ្លាំង​ៗ​បំផុត ។ ខណៈ​សល់​ពេល​មិន​ដល់​១០០​ថ្ងៃ​ទៀត ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី​៨ វិច្ឆិកា ការ​វាយប្រហារ​គ្នា​ហាក់ដូចជា​ខ្លាំងក្លា​ណាស់ សម្រាប់​ពួក​អ្នក​កាន់ជើង​ម្ខាង​ៗ ។ ក្នុង​លេខ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៣១ កក្កដា កាសែត​អភិ​រក្ស​និយម​​ធំ​មួយ​របស់​អា​េ​ម​រិ​ក ញូ​វ​យ៉​ក​ប៉ុស្តិ៍ បាន​ផ្សាយ​លើ​ទំព័រ​មុខ​នូវ​រូបថត​ទាំងឡាយ​របស់​លោកស្រី MELANIA TRUMP ភរិយា​លោក DONALD TRUMP ដែល​ស្រាត​ទាំងស្រុង ។

ដាក់​ចំណងជើង​ថា «​លោក​អ្នក​ពុំដែល​ឃើញ​ស្ត្រី​ទី​មួយ​បែប​នេះ​» កាសែត​ញូ​វ​យ៉​ក​ប៉ុស្តិ៍​បាន​ផ្សាយ​រូបថត​សិច​ស៊ី​ទាំងឡាយ​របស់​អតីត​តារា​បង្ហាញ​ម៉ូ​ដ​រូប​នេះ​ដែល​ថត​កាលពី​ឆ្នាំ​១៩៩៥ ដោយ​អ្នក​ថតរូប​បារាំង​លោក ALE DE BASSEVILLE ។ ក្នុង​ចំណោម​រូបថត​ទាំងនេះ មួយ​ចំនួន​ចេញផ្សាយ​ដោយ​ទស្សនាវដ្តី​បារាំង​សម្រាប់​បុរស MAX កាលពី​ឆ្នាំ​១៩៩៦ គឺ​២​ឆ្នាំ​មុន​ពេល​អតីត​តារា​បង្ហាញ​ម៉ូ​ដ​រូប​នេះ​ជួប​ជាមួយ​មហាសេដ្ឋី​អា​មេ​រិ​ក​ដែល​ពេល​នេះ​ជា​បេក្ខជន​សម្រាប់​កាន់កាប់​សេត​វិមាន​ប្រជែង​គ្នា ជាមួយ​បេ​ក្ខ​នារី​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ។

កាសែត​ញូ​វ​យ៉​ក​ប៉ុស្តិ៍​កាន់កាប់​ដោយ​ក្រុមហ៊ុន​គមនាគមន៍ NEWS CORPORATION របស់​មហាសេដ្ឋី RUPERT MURDOCH បាន​សរសេរ​ចំអក ដើម្បី​ឱ្យ​បេក្ខជន​ប្រធានា​ធិបតី​​គណបក្ស​សាធារណរដ្ឋ​ចុះ​ខ្សោយ​ថា «DONALD TRUMP ថា ភរិយា​របស់​ខ្លួន​នឹង​ជា​គំរូ​នៃ​ស្ត្រី​ទី​មួយ ហើយ​នេះ​ជា​ភស្តុ​តាង​» ។

លោក DONALD TRUMP បាន​ប៉ុនប៉ង​ការពារ​ខ្លួន​លោក​ថា «MELANIA ជាតា​រា​ម៉ូ​ដែល​ល្បី​បំផុត​មួយ​រូប ហើយ​តែង​ត្រូវ​គេ​ថតរូប​យ៉ាងច្រើន​ចុះ​ផ្សាយ​លើ​ក្រប​ទស្សនាវដ្តី​ទាំង​ឡាយ ។ រូបថត​នេះ​ថត​ដោយ​ទស្សនាវដ្តី​អឺរ៉ុប​មួយ មុន​ពេល​លោក​ស្គាល់គ្នា ជាមួយ​លោកស្រី MELANIA ។ នៅ​អឺរ៉ុប រូបភាព​បែប​នេះ​ពិតជា​មាន​ច្រើន​បំផុត​»  ៕