ប៊ុត ប៊ុនតិញ ហៅឃាតកម្ម​​លើលោក កែម ​ឡី​ ថាជាល្ខោនមិនមានវាំងនន​

ព្រះតេជគុណជាស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យហៅការរៀបចំធ្វើអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ខែកក្កដាថាជាការរៀបចំឡើងដែលបន្សល់ទុកចំណុចសង្ស័យជាច្រើនឬហៅថាល្ខោនមិនមានវាំងនន។

នៅក្នុងវីឌីអូឃ្លីបដែលព្រះតេជគុណ ប៊ុន ប៊ុនតិញ បង្ហាញលើហ្វេសប៊ុករបស់ព្រះអង្គនៅថ្ងៃនេះ ព្រះអង្គវិភាគប្រៀបធៀបឃាតកម្មលើលោក កែម ឡី ទៅនិងឆាកល្ខោនថាអ្នកនិពន្ធនិងអ្នកដឹកនាំរឿងបានល្អ តែបែរជាទៅសម្តែងលើឆាកដែលមិនមានវាំងនន។

ព្រះអង្គបញ្ជាក់ថាមានភស្តុតាងជាច្រើនបង្ហាញថាកាំភ្លើងរបស់ឃាតករគេដាក់ឲ្យមានគ្រាប់តែ២ ដើម្បីកុំឲ្យមានឱកាសបាញ់តជាមួយអ្នកផ្សេង ហើយទុកឲ្យមហាជនវាយសម្លាប់ ដើម្បីបញ្ចប់សាច់រឿង ប៉ុន្តែព្រះអង្គថាការរៀបចំត្រូវថ្លោះថ្លោយ។ ព្រះអង្គចាប់អារម្មណ៍ចំណុចមួយទៀតដែលម្តាយនិងប្រពន្ធរបស់ អឿត អាង ជាជនសង្ស័យនោះបកស្រាយខុសៗគ្នា នាំឲ្យមានការសង្ស័យកាន់តែច្រើន។ ព្រះអង្គបន្តថា៖ «ចុងខែមិថុនាគាត់បានប្រលយពាក្យប្រាប់អ្នកភូមិថាមួយខែទៀតគាត់ក្លាយជាអ្នកធំ គឺគាត់មកធ្វើធំនៅកន្លែងនេះ ចឹងបានន័យថា តួសម្តែងមិនបានហ្វឹកហាត់គ្រប់គ្រាន់។ ចំណែកអ្នកមើលរឿងគឺរឿងនេះមានអាថ៌កំបាំងច្រើន នាំឲ្យអ្នកមើលមានការថ្លោះថ្លោយ។ អ្នកតាមដានរឿងគឺប្រពន្ធនិងម្តាយឃាតករ អឿង អាង ហៅ ជួប សម្លាប់ ឆ្លើយមិនដូចគ្នា មានន័យថាពួកគាត់មិនយល់សាច់រឿង»។

ទោះយ៉ាងណាព្រះតេជគុណមិនបានបង្ហើបថាក្រុមដែលរៀបចំឆាកល្ខោនមិនមានវាំងនននេះជាក្រុមណាមួយទេ។

ជនសង្ស័យឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នោះត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ ក្រោយហេតុការណ៍បាញ់សម្លាប់លោក កែម ឡី កាលពីព្រឹកថ្ងៃទី១០ខែកក្កដាកន្លងទៅ។ រហូតដល់ថ្ងៃទី០១ខែសីហានេះ សមត្ថកិច្ចមិនទាន់បើកចំហព័ត៌មានទេរួមទាំងកាម៉ារ៉ាសុវត្ថិភាពថតនៅកន្លែងកើតហេតុផងក៏សមត្ថកិច្ចនៅរក្សាទុកគឺក្រោមហេតុផលស្ថិតក្រោមការស៊ើបអង្កេត។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ អះអាងនៅពេលថ្មីៗនេះថាឃាតកម្មលើលោក កែម ឡី ពិបាកក្នុងការស្រាវជ្រាវ ព្រោះជនសង្ស័យដែលគេចាប់បាននោះមិនព្រមនិយាយអ្វីទាំងអស់៕

ប្រភព៖ VOD


Related Posts