ក្រុម​អ្នក​វិភាគ៖ កម្ពុជា​ពិត​ជា​បាន​ដើរ​ចេញ​ពី​វៀតណាម

លោកនាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីយប់ថ្ងៃអាទិត្យ ចូលថ្ងៃចន្ទទី១ សីហានេះ បានសរសរសារប្រតិកម្មទៅកាន់អ្នកប្រើប្រាស់ហ្វេសប៊ុកជនជាតិវៀតណាមម្នាក់ ដែលចោទប្រមុខរដ្ឋាភិបាលកម្ពុជាថា ក្បត់វៀតណាម។ សម្រាប់លោកនាយករដ្ឋមន្ត្រី វៀតណាម មិនមែនជាចៅហ្វាយ ឪពុក ឬមហាក្សត្ររបស់លោកនោះទេ។ ទន្ទឹមនឹងនោះ អ្នកវិភាគបានមើលឃើញថា កម្ពុជាពិតជាបានដើរចេញពីវៀតណាម ប៉ុន្តែនៅរងចាំមើលសកម្មភាពជាបន្តទៀតសិន។

លោកមាស នី អ្នកវិភាគ និងអ្នកតាមដានសង្គម បានកត់សម្គាល់ថាស្ថានការណ៍ចុងក្រោយនេះ កម្ពុជាបានដើរចេញពីវៀតណាមមែន ព្រោះថាកម្ពុជាងាកទៅរកចិន ដែលមានទំនាក់ទំនងជាប្រពៃណីជាមួយខ្លួនជាង។ ក្រៅពីអ្នកផ្តល់ជំនួយ ចិនគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជាថែមទៀតផង។ ក្រៅពីនេះ ចិនប្រជាមាណិត មានទំនាក់ទំនងជាប្រពៃណីជាមួយកម្ពុជាដែរ តាំងពីសម័យអតីតព្រះមហាក្សត្រព្រះបរមកោដ្ឋ។ អ្វីដែលមើលឃើញកាន់តែច្បាស់អំពីគំលាតរវាងទីក្រុងភ្នំពេញ និងហាណូយ គឺបញ្ហាសមុទ្រចិនខាងត្បូង។ ហើយបញ្ហានេះ កម្ពុជាប្រកាន់ជំហរមួយ ដែលមិនគាំទ្រក្រុងហាណូយ ទល់នឹងមហាយក្សចិន។

លោក សុខទូច បណ្ឌិតវិទ្យាសាស្ត្រនយោបាយវិញ បានអះអាងថាកម្ពុជាបានងាកចេញពីវៀតណាមតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ពេលដែលកម្ពុជារៀបចំប្រទេសដើរតាមគន្លងប្រជាធិបតេយ្យ។ សម្រាប់លោកសុខ ទូច ទំនាក់ទំនងកម្ពុជាដែលមិនស្មើភាពបានបិទបញ្ចប់ហើយ។ លោកបណ្ឌិតរូបនេះ បាននិយាយការពារលោកនាយករដ្ឋមន្ត្រីថា នាយករដ្ឋមន្ត្រីខ្មែរ ដែលទទួលបានសន្លឹកឆ្នោតពីពលរដ្ឋខ្មែរចង់មិនចង់ត្រូវតែគោរពខ្មែរ។

លោកបានបន្ថែមថា វៀតណាមគួរឈប់និយាយពីគុណមកលើប្រទេសកម្ពុជា ដែលខ្លួនបានជួយផ្តួលរំលំរបបខ្មែរក្រហមរបស់ប៉ុលពត ព្រោះថាកម្ពុជាក៏មានគុណចំពោះវៀតណាមដែរកាលពីអំឡុងសង្គ្រាមវៀតណាមក្នុងទស្សវត្សទី៧០ ដែលកម្ពុជាបានផ្តល់ជម្រកដល់ទាហានវៀតណាម ដើម្បីធ្វើសង្គ្រាមមុនពេលការបង្រួបបង្រួមវៀតណាមទាំងពីរនៅឆ្នាំ១៩៧៥។ ដូច្នេះសម័យនេះរដ្ឋទាំងពីរ ដែលមានព្រំដែនគោកជាប់គ្នាប្រមាណ១២៧៥គីឡូម៉ែត្រ ត្រូវតែគោរពដែនអធិបតេយ្យភាពនៃប្រទេសទាំងពីរ។ ប៉ុន្តែលោកមាស នី នៅតែកត់សម្គាល់ថា វៀតណាមនៅតែព្យយាមពង្រឹងទំនាក់ទំនងមិនស្មើភាពមកលើកម្ពុជានាពេលបច្ចុប្បន្ន។ យ៉ាងណាក៏ដោយអ្នកវិភាគបានស្នើឱ្យសង្គមត្រូវអង្កេតថាតើប្រតិកម្មតបរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ជានយោបាយឯករាជម៉ឺនម៉ាត់ ឬក៏នយោបាយប្រជាភិថុត?

ប្រភព៖ RFI


ក្រុម​អ្នក​វិភាគ៖ កម្ពុជា​ពិត​ជា​បាន​ដើរ​ចេញ​ពី​វៀតណាម

ពាក្យ​សម្តី និង​ស្នាដៃ​និពន្ធ​របស់​លោក​ កែម ឡី នឹង​ត្រូវ​ចង​ក្រង​ជា​សៀវភៅ

ក្រុម​អ្នក​វិភាគ៖ កម្ពុជា​ពិត​ជា​បាន​ដើរ​ចេញ​ពី​វៀតណាម

ប៊ុត ប៊ុនតិញ ហៅឃាតកម្ម​​លើលោក កែម ​ឡី​ ថាជាល្ខោនមិនមានវាំងនន​