លោក ហ៊ុន សែន បន្ទោស​អាមេរិក​រឿង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា

ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ទោសចំពោះសហរដ្ឋអាមេរិក ដែលបានបង្កឲ្យមានភ្លើងសង្គ្រាមនៅប្រទេសមជ្ឈិមបូព៌ាដែលបង្កើតឲ្យមាន «បដិវត្តន៍ពណ៌» សម្លាប់គ្នាប៉ុន្តែមិនបាននាំមកនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សពិតឲ្យនោះឡើយហើយចំពោះកម្ពុជាគឺការរក្សាបាននូវសន្តិភាពដែលកើតពីរដ្ឋាភិបាលខ្លួនឯង។

ថ្លែងក្នុងពិធីចែកពានរង្វាន់ដល់យុវជនម្ចាស់ជយលាភីកម្មវិធីយុវជនគំរូធ្វើឡើងនៅវិមានសន្តិភាពកាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រីថ្លែងថាប្រទេសអាមេរិកបានលូកដៃចូលអន្តរាគមន៍នៅមជ្ឈិមបូព៌ាក្រោមលេសស្តារឲ្យមានប្រជាធិបតេយ្យ ឬ សិទ្ធិមនុស្សតែបែរជាមកបង្កើតនយោបាយខុសមួយដែលធ្វើឲ្យប្រទសទាំងនោះស្ថិតក្នុងភ្លើងសង្គ្រាម និងកាប់សម្លាប់។

ក្នុងសុន្ទរកថាប្រមាណជិតពីរម៉ោងទៅកាន់ក្រុមយុវជនគំរូដែលលោកលើកឡើងពីការនាំមកនូវសន្តិភាពក្នុងប្រទេសកម្ពុជាដោយរដ្ឋាភិបាលខ្លួនឯងមិនមានការជ្រៀតជ្រែកពីបរទេសនោះលោក ហ៊ុន សែន ថ្លែងបន្ទោសប្រទេសសហរដ្ឋអាមេរិកថា៖ «ចូរក្រឡេកមើលមជ្ឈិមបូព៌ាបន្ទាប់ពីការជ្រៀតជ្រែករបស់បរទសបង្កើតឲ្យមានបដិវត្តន៍ពណ៌ជាពិសេសនៅមជ្ឈិមបូព៌ាដូចជានៅលីប៊ី ស៊ីរី យេម៉ែន នៅអេហ្ស៊ីប នៅអ៊ីរ៉ាក់ផ្តួលរំលំសាដាមហ៊ូសេនដោយអាមេរិក។ តើអ្នកទាំងនោះបានទទួលសមិទ្ធផលអីទៅក្រោមហេតុផលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ប៉ុន្តែសិទ្ធិមនុស្សនៅបណ្តាប្រទេសមជ្ឈិមបូព៌ាបានកើតជារូបរាងហើយឬនៅ?

បើម៉ាថ្ងៃៗមនុស្សស្លាប់រាប់រយរាប់ពាន់យ៉ាងនេះ។ នេះហើយជាលទ្ធផលនៃការធ្វើនយោបាយខុសហើយអ្នកខុសគឺអាមេរិកាំងតែម្តង»។

លោកបន្តថា៖ «សូម្បីតែដូណាល់ត្រាំដែលជាបេក្ខជននៃគណបក្សសាធារណរដ្ឋក៏បានចេញមកអះអាងថាខុសឆ្គងមួយបានត្រឹមតែសម្លាប់ សាដាមហ៊ូសេន តែទីចុងបំផុតអ៊ីរ៉ាក់បានសេចក្តីសុខហើយឬនៅ។ អាឡូវទឹកដីមួយចំនួនពួកក្រុមអាយស៊ីសកំពុងកាន់កាប់នៅឡើយទេហើយរាប់ខែកំពុងវ៉ៃដណ្តើមកន្លែងនេះកន្លែងនោះ។ សួរថា នៅបានទៀតឬអត់? តម្រូវឲ្យមានអន្តរាគមន៍ជើងអាកាសជាប់រហូតរបស់អាមេរិក និងសម្ព័ន្ធមិត្ត»។

លោក ហ៊ុន សែន បានលើកពីនយោបាយឈ្នះឈ្នះរបស់រដ្ឋាភិបាលសព្វថ្ងៃ និងការធ្វើសមាហរណកម្មរបស់បងប្អូនខ្មែរក្រហមចូលរដ្ឋាភិបាលតែមួយកាលពីចុងទសវត្សរ៍ទី ៩០ គឺដើម្បីបង្រួបបង្រួម «សន្តិភាព» ក្នុងប្រទេសដោយមិនមានការលូកដៃពីបរទេស។

លោកថ្លែងថា៖ «យើងមិនអាចបន្តសង្គ្រាមដោយគ្មានបញ្ចប់នោះទេ។ ការស្វែងរកសន្តិភាពសម្រាប់ប្រទេសជារឿងសំខាន់។ ការចរចាដោយសន្តិវិធីដើម្បីបញ្ចប់សង្គ្រាមគឺជាអ្វីយើងត្រូវធ្វើ»។

ទាំងនេះជាអ្វីដែលលោក ហ៊ុន សែន ផ្តាំទៅយុវជនគំរូឲ្យធ្វើយ៉ាងណាជួយថែរក្សាសន្តិភាពដែលរដ្ឋាភិបាលផ្តល់ឲ្យពួកគេជាជាងបង្កឲ្យប្រទេសធ្លាក់ក្នុងសង្គ្រាមដោយសារបរទេសលូកដៃ។

ទាក់ទិននឹងអ្វីដែលជាការថ្លែងរបស់លោក ហ៊ុន សែន លើការលូកដៃរបស់សហរដ្ឋអាមេរិកក្នុងនយោបាយប្រទេសមជ្ឈិមបូព៌ាលោក Jay Raman មន្ត្រីកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាកាលពីម្សិលមិញបានធ្វើការបដិសេធមិនអធិប្បាយតបតវិញនោះទេ។

លោកថ្លែងថា៖ «យើងគ្មានការអធិប្បាយអ្វីលើប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីកាលពីព្រឹកមិញ (ថ្ងៃអាទិត្យ) នោះទេ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


លោក ហ៊ុន សែន បន្ទោស​អាមេរិក​រឿង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា

រដ្ឋមន្ត្រីក្រសួងធនធានទឹក អំពាវនាវ​ឲ្យ​ប្រជានេសាទ និង​អ្នកទេសចរ​តាមកោះ ប្រុងប្រយ័ត្នលើ​បញ្ហា​អាកាសធាតុ

លោក ហ៊ុន សែន បន្ទោស​អាមេរិក​រឿង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា

ស្ត្រី​មនុស្ស​ព្រៃ​ ជា​កូន​របស់​គ្រួសារ​ជនជាតិ​វៀតណាម