​លោក​​ហង្ស ផ​ល្លី​មធុ​រ៉ា ហៅ «​ស្តេច​អាប៉ោង​» ស្លាប់​ដោយជំងឺ​ដុះ​​សាច់​​ខួរ​ក្បាល

រាជធានី​ភ្នំពេញ ៖ អតីត​តារាភាពយន្ត​លោក​ហង្ស ផ​ល្លី​មធុ​រ៉ា បាន​ទទួលមរណភាព​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៦ ដោយ​ជំងឺ​ដុះ​សាច់​ក្នុង​ខួរក្បាល បន្ទាប់​ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ។

បើ​ទោះបីជា​ព្យាយាម​ជម្នះ​ជំងឺ​ដុះ​សាច់​ក្នុង​ខួរក្បាល​ដ៏​ធ្ងន់​ក្តី អតីត​តារា​សម្តែង​ហង្ស ផ​ល្លី​មធុ​រ៉ា ហៅ «​ស្តេច​អាប៉ោង​»​បាន​ទទួល​មរណភាព​ក្នុង​វ័យ​៥២​ឆ្នាំ ហើយ​ដំណឹង​នៃ​មរណភាព​របស់​លោក​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកស្រី​ចាន់ តារា​ទី ។
តារា​សម្តែង​អ្នកស្រី​ចាន់ តារា​ទី ឲ្យ​ដឹង​ថា លោក​ហង្ស ផ​ល្លី​មធុ​រ៉ា បាន​ទទួលមរណភាព​ហើយ ដោយសារ​ជំងឺ​ដុះ​សាច់​ក្នុង​ខួរក្បាល​ធ្ងន់ ហើយ​មិន​មាន​លទ្ធភាព​ព្យាបាល​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ។

បើ​តាម​អ្នកស្រី ចាន់​តារា​ទី អតីត​តារា​សម្តែង​ហ្ស​ង ផ​ល្លី​មធុ​រ៉ា បាត់​មុខ​យូរ​ហើយពី​ពិភព​សិល្បៈ​ភាពយន្ត​មិនដឹង​ទៅ​នៅ​ទីណា​ឡើយ ទើបតែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ឮ​ថា​ធ្លាក់ខ្លួន​ស៊ីឈ្នួល​បើករថយន្ត​ឱ្យ​គេ ។ អ្នកស្រី​ចាន់ តារា​ទី បាន​អំពាវនាវ​ដល់​សិល្បករ សិល្ប​ការិនី​ទាំងអស់​ឱ្យទៅ​ចូលរួម​ពិធី​បុណ្យសព​លោក​ហង្ស ផ​ល្លី​មធុ​រ៉ា ខណៈ​ក្រុម​គ្រួសារ​របស់​លោក​ជួប​ការ​ខ្វះខាត​ខ្លាំង និង​គ្មាន​ប្រាក់​ធ្វើបុណ្យ​ទេ ។ ពិធី​បុណ្យសព​របស់​លោក ហង្ស ផ​ល្លី​មធុ​រ៉ា នៅ​វត្ត​ទួល​សារា​វ័ន​ហៅ​វត្ត​ទួល​អស់លោក ជិត​កន្លែង​ស្តុក​ប្រេង​សូ​គី​មិ​ុ​ច ម្តុំ​ឫស្សី​កែវ រាជធានី​ភ្នំពេញ ។

អតីត​តារា​សម្តែង​រាង​សង្ហា​លោក​ហង្ស ផ​ល្លី​មធុ​រ៉ា បាន​រៀប​ការ​ជាមួយ​អាណិកជន​ខ្មែរ​នៅ​អា​មេ​រិ​ក​ឈ្មោះ​ហួ​ន សុ​មេន​តា ហៅ​ស៊ី​ណាត​កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០០០ នៅ​រាជធានី​ភ្នំពេញ ហើយ​លោក​បាន​ទៅ​រស់នៅ​ស្រុក​កំណើត​អតីត​ភរិយា​របស់​លោក ស្ថិត​ក្នុងភូមិ​គោក​ខ្ពស់ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ អតីត​ភរិយា​របស់​លោក​មធុ​រ៉ា​តែងតែ​មក​កម្ពុជា​ដើម្បី​រៀបចំ​ឯកសារ​ធានា​រូប​លោក​ទៅ​រស់នៅ​ជុំ​គ្នា​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​នៅ​ពេល​វី​សា​ធ្លាក់​មក​ហើយ​នោះ​កើតរឿង​ប្តឹងប្តល់​លែងលះ និង​ចែកទ្រព្យ​សម្បត្តិ​គ្នា​ក្នុង​អំឡុង​ឆ្នាំ​២០១២ ។ តុលាការ​សម្រេច​ឱ្យ​លោក​ហង្ស ផ​ល្លី​មធុ​រ៉ា ចាញ់ក្តី ទោះបី​លោក​ប្តឹង​ដល់​សាលា​ឧទ្ធរណ៍​ក៏​ដោយ ។

លោក​ហង្ស ផ​ល្លី​មធុ​រ៉ា មាន​ប្រភព​កំណើត​នៅ​ស្រុក​បាទី ខេត្តតាកែវ បាន​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ភាពយន្ត​ជំនាន់​លោក​ខៃ ប្រ​សិ​ដ្ឋ  លោក​សម តារា អ្នក​នាង​អម្ពរ ទេវី និង​អ្នកស្រី ចាន់ តារា​ទី ។ ភាពយន្ត​ដែល​លោក​ហង្ស ផ​ល្លី​មធុ​រ៉ា ចូលរួម​សម្តែង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​មាន​ដូច​ជា​រឿង «​សំបុត្រ​ចុង​ក្រោយ​» និង​រឿង​«​ជើងមេឃ​ដាច់​ស្រយាល​» ជាដើម ៕