ឡុង សុវណ្ណឌឿន មិន​ស្កប់​​ចិត្តចំពោះ​ការ​ផ្តួល​ថៃឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤

អ្នក​ប្រដាល់ ឡុង សុវណ្ណឌឿន ហាក់​នៅ​មិន​ទាន់​ពេញ​ចិត្ត​​ការ​​​ផ្តួល​កីឡាករ​ថៃ Chokdee ឲ្យ​សន្លប់ក្នុង​ទឹក​ទី​៤​ សម្រាប់​ការប្រកួត​វិល​ជុំ ​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈគោជល់ ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម នៅ​លើ​សង្វៀន PNN កាល​ពី​យប់​ថ្ងៃ​អាទិត្យ ម្សិល​មិញ នោះ​ឡើយ រីឯកូន​នាគខ្មៅ ឃីម ឌីម៉ា ​បាន​យក​ឈ្នះ​ជើង​ខ្លាំង​មក​ពី​​ប៉ុស្តិ៍​លេខ​៧​របស់​ថៃ ណឹងត្រាកាន ប៉េឡេឡាំដួន ​ទាំង​លំបាក។

Sovan04

ឡុង សុវណ្ណឌឿន បាន​និយាយ​ថា៖​«​ខ្ញុំ​បាន​ផ្តួល​ថៃ​ម្នាក់​នេះ​ឲ្យ​សន្លប់ ដូច​គ្នា​ទៅ​នឹង​អ្វី​ដែល​ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​មុន​ពេល​ប្រកួតអ៊ីចឹង​ដែរ ប៉ុន្តែ​ការ​​ពន្យារ​ពេល ដោយ​ការ​រាប់​យឺតៗ​របស់លោក​​អាជ្ញា​កណ្តាល ធ្វើ​ឲ្យ​​ខ្ញុំបាត់​បង់​ឱកាស ក្នុង​ការ​ផ្តួល​ថៃ​ម្នាក់​នេះ​ឲ្យ​សន្លប់ នៅ​ក្នុង​អំឡុង​៣​ទឹក»។

ឡុង សុវណ្ណឌឿន ស្ទើរ​តែ​ផ្តួល​ Chokdee ឲ្យ​សន្លប់​នៅ​ទឹក​ទី​២​​ទៅ​ហើយ ខណៈ​រូប​គេ​បាន​ម៉ាត់​ឆ្វេងស្តាំ​ចូល​ផ្ទួនៗ បណ្តាល​ឲ្យ Chokdee ដួល​ទាំង​រង្វេង និង​ត្រូវ​បាន​អាជ្ញាកណ្តាល​រាប់​នោះ តែសម្លេង​ជួង​បញ្ចប់​ទឹក​បាន​ជួយ​សង្រ្គោះ​ថៃ​ម្នាក់​នោះ។

Sovan03

សុវណ្ណឌឿន បាន​វាយ​កែង​បណ្តាល​ឲ្យ Chokdee ដួល​ទាំង​វង្វេង នៅ​ចុង​ទឹក​ទី​៣​ម្តង​ទៀត ហើយ​ Chokdee ក៏មិន​​បាន​បង្ហាញ​សញ្ញា​ណាមួយថា រូប​គេ​ព្រម​បន្ត​ការ​ប្រកួត​ទៀត​នោះ​ដែរ ប៉ុន្តែ​ការ​ពន្យារ​ពេល​រាប់ និង​ការ​សួរ​បញ្ជាក់​ដដែលៗ​របស់​​​លោក​អាជ្ញា​កណ្តាល សួន ប៊ុនសូត្រ ធ្វើ​ឲ្យ​ថៃ​ម្នាក់​នោះមាន​ស្មារតី​រឹង​មាំ​ឡើង​វិញ និង​អាច​បន្ត​ការ​ប្រកួតបាន មុន​ពេល​រូប​គេ​ត្រូវ​បាន​បញ្ឈប់​នៅ​ចុង​ទឹក​ទី​៤ ក្រោយពី សុវណ្ណឌឿន ម៉ាត់ និង​វាយ​កែង ឲ្យ​ដួល និង​រាប់ នៅ​ពាក់​កណ្តាល​ទឹក​ទី​៤​នោះ​ម្តង​ទៀត​នោះ។

​ការ​ផ្តួល​ Chokdee ឲ្យ​សន្លប់​នៅ​ចុង​ទឹក​ទី​ទី​៤ បន្ថែម​លើ​ការ​ឈ្នះ​ពិន្ទុថៃ Sumaee លើក​នេះ វានៅ​តែ​មិន​អាច​ជួយ​ឲ្យ ឡុង សុវណ្ណឌឿន មាន​ប្រៀប​លើ​ សរ រាជសីហ៍ ពេជ្រ សីហា និង ឡេះ តើក ក្នុង​ដំណើរ​ប្រជែង​គ្នា​យក​លេខ​១ ដើម្បី​ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ជាមួយ​លេខ​១​ខាង​ភាគី​ថៃ​ដដែល ព្រោះ​​២ប្រកួត​​ដូច​គ្នា សរ រាជសីហ៍ បាន​ផ្តួល​ឲ្យ​ថៃ​សន្លប់​ទាំង​២​លើកន​ល្អ​ជាង​គេ ខណៈ ពេជ្រ សីហា បាន​ផ្តួល​ថៃ​ឲ្យ​សន្លប់​នៅ​ទឹក​ទី​១​មួយ​លើក និង​ឈ្នះ​​៣ពិន្ទុ​ដោយ​ស្វ័យ​ប្រវត្តិ​១​លើក ហើយ ឡេះ តើក បាន​ឈ្នះ​ពិន្ទុថៃ​១​លើក និង​ផ្តួល​ថៃ​ឲ្យ​សន្លប់​មួយ​លើក ក្នុង​ទឹក​ទី​៤​ដែរ តែ​មាន​រយៈ​ពេល​តិចជាង ឡុង សុវណ្ណឌឿន ប៉ុន្តែ​អ្នក​ទាំង​៤​នេះ នៅ​សល់​ការ​ប្រកួត​២​លើក​ទៀត​ដូច​គ្នា។

Sovan02

ចំណែកអ្នក​ប្រដាល់​មក​ពី​ខេត្តបន្ទាយ​មានជ័យ ឃីម ឌីម៉ា បាន​យក​ឈ្នះ​ជើង​ខ្លាំង​ ណឹងត្រាកាន របស់​ថៃទាំង​លំបាក ក្នុង​ការ​ប្រកួត​មិត្ត​ភាព នៅ​ថ្ងៃ​នោះ​ដែរ ព្រោះ​ថៃ​ម្នាក់​នេះ​មាន​ក្បាច់​វាយ​បក​បាន​យ៉ាង​ល្អ។ យ៉ាង​ណា​ក៏​ដោយ ការ​វាយ​ចេញ​របស់ ឌីម៉ា ចំគោលដៅ​ល្អ​ជាង និង​មាន​ទម្ងន់​ធ្ងន់​ជាង ទើប​ជួយ​ឲ្យ ឃីម ឌីម៉ា ទទួល​បាន​ជ័យ​ជម្នះ​លើក​នេះ៕

Sovan01

The post ឡុង សុវណ្ណឌឿន មិន​ស្កប់​​ចិត្តចំពោះ​ការ​ផ្តួល​ថៃឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ appeared first on CamboSport.