រយៈ២ថ្ងៃ បុរសធ្លាក់លើទូក.ដទើប​ឃើញ​អណ្តែត​

ខេត្ត​កណ្ដាល ​៖ ​កម្ម​ករ​​​​ម្នាក់​​ធ្លាក់​ពីលើ​ទូក.ដ​​បាត់​ខ្លួន២​ថ្ងៃមកហើយ ទើប​តែ​ត្រូវ​​គេ​ប្រទះ​ឃើញ​សាកសព​អណ្ដែត​​​មក​​ទើរត្រង់​ចំណុច​មាត់ទន្លេ​មេគង្គ ស្ថិត​​ក្នុង​ភូមិ​ព្រែក​តា​បែន ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីម៉ោង​​២​​រសៀល​ថ្ងៃ​ទី​៣១
កក្កដា ២០១៦ ។​

ប្រភព​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ឱ្យ​ដឹង​ថា​ ​សព​ជនរងគ្រោះ​​មាន​​ឈ្មោះ​ធី ធួ​ក ​ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​កម្មករ​ទូក​.ដ មាន​ទីលំនៅ​​​ក្នុងភូមិ​ផ្សារ​ថ្មី ឃុំ​ពាម​ប្រ​ផ្នួស ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។

​នគរបាល​បាន​ឱ្យ​ដឹង​បន្ថែម​ថា​ កន្លង​មក​ ជន​រង​គ្រោះជា​កម្មករ​ទូក.ដ​ឆ្លងទន្លេ​មេគង្គ ពី​ភូមិ​កោះសូទិន​ ឃុំ​កោះសូទិន ស្រុក​កោះ​សូទិន ខេត្តកំពង់ចាម ឆ្លង​ទៅ​ភូមិ​ផ្សារ​ថ្មី ​ឃុំ​ពាម​ប្រ​ផ្នួស ស្រុក​កោះសូទិន ​។ នៅ​​​ថ្ងៃ​ទី២៩ កក្ក​ដា ​(ថ្ងៃកើតហេតុ​) ជន​រង​គ្រោះ​​បាន​បើក​ទូក.ដ​​ពី​​ភូមិ​កោះសូទិន​ ឆ្លង​មក​​ភូមិ​ផ្សារ​ថ្មី ឃុំ​ពាម​ប្រ​ផ្នួស ស្រុក​កោះសូទិន ពេល​ទូក​​បើក​ចេញពី​ច្រាំង​​បាន​ចម្ងាយ​ប្រហែល​ជាង​៣០​ម៉ែត្រ ​ដោយ​មាន​សភាព​ស្រវឹង​ស្រា​​ផង ទៅ​ឈរ​នៅ​លើ​ក្បាល​ទូក​ ស្រាប់តែ​​​ធ្លាក់​​ចូល​ទឹក​ទន្លេមេគង្គ​ បណ្តាល​ឱ្យ​​លង់​បាត់​ខ្លួន​ ​រហូត​ដល់​ថ្ងៃ​ទី៣១​ កក្កដា វេលា​​ម៉ោង​២​រសៀល​ ​ទើបសាកសព​អណ្តែត​មក​ទើរ​​នៅ​កំពង់ទឹក​​ឈ្មោះ​​សឿង​ នៅ​ភូមិ​ព្រែក​តា​បែន ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល ​។

ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​បាន​ពិនិត្យ​យ៉ាង​ម៉ត់​ចត់ ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​កត់​សម្គាល់​ឡើយ ក៏​​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​​ធ្វើបុណ្យ​តាម​ប្រពៃណី ។