ផ្អើល​ពេញ​រោងចក្រ ! ធំក្លិន​ចម្លែក​ដួល​សន្លប់​បន្តបន្ទាប់​គ្នា

ខេត្តកំពង់ចាម ៖ បន្ទាប់​ពី​ចូល​ធ្វើការ​បាន​មួយសន្ទុះ ស្រាប់តែ​នៅ​វេលា​ម៉ោង​៨ និង​៣៩​នាទី​ព្រឹក ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៦ មាន​ធំក្លិន​ចម្លែក​រហូត​បណ្ដាល​ឲ្យ​កម្មការិនី​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ «​លី​ឈាង​» ដែល​មា​នទី​តាំងនៅ​ភូមិ​បា​ធា​យ ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ទន់​ដៃ ទន់​ជើង ក្អួតចង្អោរ និង​ដួល​សន្លប់​ជា​បន្តបន្ទាប់​គ្នា​រហូត​ដល់​៤៩​នាក់ ហើយ​ត្រូវ​បាន​គេ​ដឹក​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បា​ធា​យ ។

កម្មការិនី​ឈ្មោះ សឿ​ន ស្រី​ទូច អាយុ​២៩​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ព្រឹក​នាង​និង​កម្មការិនី​ជា​ច្រើន​នាក់​ទៀត​បាន​ជិះ​រថយន្ត​១​គ្រឿង​ចេញពីផ្ទះ​នៅ​ខាង​បែក​ពាង​ឆ្ពោះ​មក​កាន់​រោងចក្រ​កាត់ដេរ​ដែល​មាន​ចម្ងាយ​ប្រហែល​៧​គីឡូម៉ែត្រ គឺ​នៅ​វេលា​ម៉ោង​៧​ព្រឹក​ចូល​ធ្វើការ នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​សម្រាក ហើយ​នៅ​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់​ចូល​ធ្វើការ​វិញ និង​ចេញ​នៅ​ម៉ោង​៤​រសៀល ដោយ​ធ្វើការ​បាន​ជិត​២​ខែ​ហើយ ចំពោះ​ប្រាក់​បៀរ​វត្ស​វិញ​ទទួល​បាន​១៣០​ដុល្លា​ក្នុង​១ ខែ បាន​ដំណើរការ​ដោយ​រលូន​មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ ។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១​សីហា​នេះ ពេល​ដែល​បាន​ចាប់ផ្តើម​ធ្វើការ ស្រាប់តែ​ធំក្លិន​ដូច​ជា​ត្របែក​ទុំ មិន​បាន​ប៉ុន្មាន​ផង​នាង​ក៏​សន្លប់​ឈឹង លុះ​ពេល​ដែល​ដឹងខ្លួន​ឡើង​ស្រាប់តែ​នៅ​មន្ទីរពេទ្យ​ស្រុក​បា​ធា​យ ។ ក្រោយ​ពី​គ្រូពេទ្យ​បន្តោង​សេរ៉ូម​អស់​១​ប្លោក​ក៏​បាន​ធូរស្រាល​ឡើង​វិញ ។

កម្មការិនី​ឈ្មោះ សូ ម៉ៃ អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​សំពង​ជ័យ ឃុំ​សំពង​ជ័យ ស្រុក​បា​ធា​យ ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​រូប​គាត់​បាន​ចូល​ធ្វើការ​បាន​មួ​យស​ន្ធុះ ធំក្លិន​ពេញ​ក្នុង​រោងចក្រ​កន្លែង​កាត់ដេរ ដោយ​បាន​ក្អួតចង្អោរ ប្រឹង​រត់​មក​បន្ទប់ទឹក គឺ​ក្អួត​ធ្លាក់ឈាម​ទន់ដៃទន់ជើង​អស់កម្លាំង ត្រូវ​បាន​គេ​សែង​ដាក់​លើ​រថយន្ត​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អស់​សេរ៉ូម​២​ប្លោក ទើបបាន​ធូរស្រាល​បន្តិច ។

កម្មការិនី​ឈ្មោះ យ៉ា​ន់ សុ​ផា​ន់​ម៉ៃ អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទំនប់ ឃុំ​ទំនប់ ស្រុក​បា​ធា​យ ប្រាប់​ឲ្យ​ដឹង​ថា ជា​រាងរាល់ថ្ងៃ​នាង​ត្រូវ​បាន​ជិះ​រថយន្ត​ឈ្មួ​ល​គិត​ខែ​ចេញពីផ្ទះ​មក​ធ្វើការ​នៅ​រោងចក្រ​ដើម្បី​យក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១​សីហា នៅ​ពេល​ដែល​នាង​ធ្វើការ​បាន​ប្រហែល​១៥​នាទី ស្រាប់តែ​ធំក្លិន​ថ្នាំពុល​បង្ក​ឲ្យ​ឈឺក្បាល ហើយ​សន្លប់​បាត់​តែ​ម្តង លុះ​ពេល​ដែល​ដឹងខ្លួន​ឡើង​គឺ​នៅ​មន្ទីរពេទ្យ​ស្រុក​បា​ធា​យ​ទៅ​ហើយ ។

លោក​វរសេនីយ៍ទោ សំ ណា​ល់ អធិការ​នគរបាល​ស្រុក​បា​ធា​យ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា គ្រាន់តែ​កម្មការិនី​ចំនួន​៥​នាក់​ដំបូង​បាន​ត្រូវ​គេ​ដឹក​តាម​រថយន្ត​ចេញពី​រោងចក្រ​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក លោក​បានដឹង​ភ្លាម ប្រញាប់​ដឹកនាំ​មន្ត្រី​នគរបាល​ជា​ច្រើន​នាក់​ចុះ​ទៅ​កាន់​ទីនោះ​ជា​បន្ទាន់​ផង​ដែរ ។ លុះ​ពេល​ដែល​រក​ហេតុផល​ទើប​ដឹង​ថា កម្មការិនី ដែល​ពុល​ដួល​សន្លប់ ទន់ដៃទន់ជើង អស់កម្លាំង គឺ​បណ្តាល​មក​ពី​ប្រជា​កសិករ​ដែល​មាន​ស្រែ​នៅ​ក្បែរ​រោងចក្រ បាន​បាញ់ថ្នាំ​ស្រូវ ហើយ​ថ្នាំពុល​នោះ​បាន​ធំក្លិន​ជះ​តាម​ខ្យល់​ចូល​ក្នុង​អាគារ​កាត់ដេរ ទើប​បណ្តាល​ឲ្យ​កម្មការិនី​ពុល​ដួល​សន្លប់​ក្អួតចង្អោរ និង​អស់កម្លាំង ព្រមទាំង​សន្លប់​ដូច្នេះ ៕