ទោះបី​ធ្វើ​ពិធីបួងសួង​ចប់ ក៍​ភ្លើង​នៅ​តែ​បន្ត​ឆេះ​អីវ៉ាន់​ក្នុងផ្ទះ

ខេត្តបាត់ដំបង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ភ្លើង​នៅ​តែ​បន្ត​ឆេះ​របស់របរ​អីវ៉ាន់​នៅ​ក្នុង​គ្រួសារ​មួយ បើ​ទោះបីជា​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា​ម្សិលមិញ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​អ្នក​ភូមិ​រាប់រយ​នាក់ បាន​និមន្ត​ព្រះសង្ឃ​ម​សូត្រ​មន្ត​សុំ​សេចក្តីសុខ​សប្បាយ​យ៉ាងណា​ក្តី ។

សេចក្តីរាយការណ៍​បាន​ស្រង់​សំដី​ម្ចាស់ផ្ទះ​និង​សាក្សី​បញ្ជាក់​ទៀត​ថា អគ្គិភ័យ​បាន​កើត​មាន​ពីរ​ដង​នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​លើក​ទី​០១​នៅ​វេលា​ម៉ោង​៧​ព្រឹក​ឆេះ​កញ្ច្រែង​ជ័រ​ដាក់​កែវ​ទឹក និង​លើក​ទី​០២​នៅ​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​០១ សីហា​នេះ​ឆេះ​កាបូប​លុយ ។

ប្រភព​បន្ត​ថា គិត​ត្រឹម​វេលា​ម៉ោង​៣​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​០១​សីហា​នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​តែ​នាំ​គ្នា​ទៅ​មើល​ហេតុការណ៍​នេះ ហើយ​អ្នកខ្លះ​ចង់​ដឹង​ខ្លាំង​ពេក បាន​ឈរ​និង​អង្គុយ​ឃ្ឡាំ​ចាំ​មើល​ក្រែង​មាន​មនុស្ស​ណា​ម្នាក់​លួច​ដុត ប៉ុន្តែ​ពុំ​ឃើញ​មាន​មនុស្ស​ណា​ម្នាក់​ដុត​ក៍​អគ្គិភ័យ​នៅ​តែ​កើត​មាន ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ពេល​នេះ​ទាំង​ម្ចាស់ផ្ទះ​និង​អ្នក​ភូមិ​ស្ទើរតែ​អស់តម្រិះ​ទៅ​ហើយ ទោះបី​ថា​ធ្វើ​ពិធីបួងសួង​និង​សង់​ខ្ទម​អ្នកតា​សុំ​សេចក្តីសុខ​នោះ​ក្តី ក៍​ភ្លើង​នៅ​តែ​បន្ត​កើត​មាន​ទៅ​លើ​ក្រុម​គ្រួសារ​នេះ ។

សូម​បញ្ជាក់​ថា ម្ចាស់ផ្ទះ​កើតហេតុ​ប្តី​ឈ្មោះ បឿន សា​លឿន អាយុ​៣៧​ឆ្នាំ និង​ប្រ​ព​ន្ឋ​ឈ្មោះ កោប យី អាយុ​៣៨​ឆ្នាំ មានកូន​៣​នាក់​គិត​ទាំង​កូន​ក្នុង​ផ្ទៃ​៨​ខែ រស់នៅ​ក្នុងភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង ស្រុក​បាណ​ន់ ហើយ​ហេតុការណ៍​កើត​មាន​អគ្គិភ័យ​ឆេះ​អីវ៉ាន់​ក្នុង​ក្រុម​គ្រួសារ​ខាងលើ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១៧ កក្កដា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​០១ សីហា ២០១៦ ។

បើ​តាម​ម្ចាស់ផ្ទះ មុន​ពេល​កើត​មាន​អគ្គិភ័យ​នេះ គាត់​បាន​រើស​បាន​លោក​ហៈ​ធាតុ​កញ្ចាំង​(​ស្រ​ដៀង​ម្កុដ​) មាន​ទំហំ​៧​ហ៊ុន​មក​ទុក​លើ​ផ្ទះ ហើយ​ចាប់តាំងពី​ថ្ងៃ​នោះ​មក​ក៍កើត​មាន​ភ្លើង​ឆេះ​ក្នុងផ្ទះ​រហូត​ម្តង​ឆេះ​នេះ​ម្តង​ឆេះ​នោះ ហើយ​អ្វី​ដែល​ជា​ច​ម្ង​ល់​នោះ​ទៀត នៅ​ពេល​ម្ចាស់​បាន​យក​កញ្ចាំង​ពីលើ​ផ្ទះ​ចុះ​ក្រោម​និង​ប្រគេន​ព្រះសង្ឃ​ទុក​ក្នុង​វត្ត​កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​ក្តី  ក៍​អគ្គិភ័យ​នៅ​តែ​កើត​មាន​ដដែល ៕