ចាប់​ខ្លួន​ប្រធាន​អង្គការ AIF ប្រចាំ​ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ «AIF» ប្រចាំ​ខេត្តបាត់ដំបង ដែល​ជា​ផ្នែក​មួយ​នៃ​ដៃ​គួរ​របស់​ក្រុមហ៊ុន EBC គឺ​លោក ទូច សុខ​ខី ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ។

លោក ឡា​ច វ៉ា​ន់ នាយការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ទូច សុខ​ខី អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត ដោយសារ​តែ​ព្យាយាម​គេចវេស​មិន​ព្រម​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ដី​កោះ​របស់​ស្ថាប័ន​អយ្យការ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​មួយ​ចំនួន​ដែល​សមាជិក​របស់​ខ្លួន​ប្ដឹង​ចោទប្រកាន់ ។

យោង​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​៣៩​ដក​ខ ចុះ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ របស់​លោក ហេង លុយ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ទូច សុខ​ខី នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង «​ការ​បង្កើត និង​ប្រតិបត្តិ​របស់​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ (AIF) គ្មាន​អាជ្ញារ​ប័ណ្ណ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​» កើតឡើង​នៅ​ក្នុង​ខេត្តបាត់ដំបង ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៤៨២ ចុះ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៥ ដែល​ធ្វើ​ឡើង​ដោយ​កងរាជអាវុធហត្ថ​ខេត្ត ។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ​ទូច សុខ​ខី មាន​ជាប់​បណ្ដឹង​ចោទប្រកាន់​ពី​សមាជិក​របស់​ខ្លួន ពី​បទ​«​ឆបោក​»​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ទៀត​ផង តាម​រយៈ​ការ​បំផុសបំផុល​ឲ្យ​ជន​រង​គ្រោះ​បណ្ដាក់ទុន​លុយ​រកស៊ី​ជាមួយ​ខ្លួន ដើម្បី​បាន​ចំណេញ​ការ​ប្រាក់​ចំនួន​១០% តែ​តាម​ពិត​នេះ​ជា​រូបភាព​បោកប្រាស​សុទ្ធ​សាត ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ទ​ទូល​បាន​បណ្ដឹង​ពី​ជន​រង​គ្រោះ និង​ធ្វើការ​ស្រាវជ្រាវ​ទើប​រក​ឃើញ​ថា ប្រតិបត្តិការ​របស់​អង្គការ​នេះ​គ្មាន​ច្បាប់​អនុញាតិ​ត្រឹមត្រូវ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ទើប​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តែ​ម្ដង​ទៅ ។

សមាជិក​មួយ​ចំនួន​ដែល​ធ្លាប់​ចាញ់បោក​អង្គការ AIF បាន​និយាយ​ថា អង្គការ AIF នេះ​គឺជា​ផ្នែក​មួយ​នៃ​ដៃ​គួរ​វិនិយោគ​របស់​ក្រុម​ហ៊ុន EBC ដែល​ជាប់ជំពាក់​វាក់​វិ​ន​ប្រាក់​បំណុល​ជាមួយ​សមាជិក​របស់​ខ្លួន​រាប់រយ​នាក់​នៅ​ក្នុង​ខេត្តបាត់ដំបង ។ ប្រភព​ដដែល​បន្ត​ថា អង្គការ AIF ជា​អ្នក​បំផុសបំផុល​គៀងគរ​ដោយ​ផ្ទាល់​ក្នុង​ការ​ស្វែងរក​អ​ថិ​ជន ដើម្បី​ដាក់​ទុន​ជា​ទឹកប្រាក់​សុទ្ធ​រកស៊ី​ជាមួយ​ខ្លួន ដោយ​សន្យា​ផ្ដល់​ការ​ប្រាក់​ចំនួន​១០% ទៅ​ឲ្យ​អតិថិជន​វិញ ហើយ​ទឹកប្រាក់​ដែល​ប្រមូល​បាន​ពី​សមាជិក​របស់​ខ្លួន​គឺ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន EBC នេះ​តែ​ម្ដង ។

ជុំវិញ​ករណី​នេះ «​កោះសន្តិភាព​» មិន​អាច​ស្វែងរក​ការ​ឆ្លើយ​តប​ពី​លោក ទូច សុខ​ខី ប្រធាន​អង្គការ AIF ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​០១​សីហា​នេះ  រីឯ​តំណាង AIF និង EBC ដ៏​ទៃ​ទៀត​ក៏​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​បាន​ភ្លាម​ៗ​ដែរ ៕