​មិនទាន់យប់ស្រួលបួលផង ចូលប្លន់​ផ្ទះវីងដោយសុវត្ថិភាព​

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​​​ចោរ​ឃ្លុំ​មុខ​៥ ទៅ​៦​នាក់ និងអាវុធ​​៣​​ដើម ចូល​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​​​​​វីង​វេរ​​លុយ​​មួយ​កន្លែង ​ដោយ​ម្ចាស់ផ្ទះ​បាន​​រង​របួសធ្ងន់ ហើយ​ទ្រព្យ​សម្បត្តិមួយ​​ចំនួន​ធំទៀត​​ត្រូវ​​បាត់​បង់ ដែល​ហេតុការណ៍​នេះ​​​កើតឡើង​ កាលពី​​វេលា​ម៉ោង០៦ ​និង​៤៥​នាទី​យប់ថ្ងៃ​ទី​៣១ ​កក្កដា ​២០១៦ ស្ថិតនៅ​ក្នុង​ភូមិ​រ៉ា ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មាន​​ជ័យ ។

​​ប្រភពឱ្យ​​ដឹងថា ​ម្ចាស់​ផ្ទះ​​ខាងលើ​មាន​ម្តាយ​ឈ្មោះ​ប៉ោ យ៉េ​ត អាយុ​៦២​​ឆ្នាំ ចំណែក​កូនប្រុស​ដែល​រង​គ្រោះ​​ឈ្មោះ​ហ៊ុយ ធី អាយុ​៣០​ឆ្នាំ ​​។

​ប្រភព​បន្តថា មុន​​ពេល​​កើតហេតុ​ គ្រួសារ​ខាងលើ​​មាន​គ្នា​៣​នាក់ ​​(ម្តាយ​ និង​កូន​២នាក់) កំពុង​ពិសា​បាយ​នៅ​ក្នុងផ្ទះ ។ ពេល​នោះ​បានឮ​សំឡេង​​ឆ្កែ​ព្រុះ​នៅ​ក្រោយ​ផ្ទះ ។ ​ម្ចាស់ផ្ទះ​ឈ្មោះ​ហ៊ុយ ធី បាន​​ចេញ​ទៅ​មើល ស្រាប់តែ​ត្រូវ​ក្រុម​ចោរ​មាន​គ្នា​ពី​៥ ​ទៅ​៦​នាក់ ​ក្នុងនោះ​ មាន​​កាន់​​​កាំភ្លើង​វែង​​​២​ដើម កាំភ្លើងខ្លី​១​ដើម បាន​ចាប់​ក្រៀក​​វ៉ៃ​រហូត​ដួល​សន្លប់ និង​ខ្លះ​ទៀត​មក​ភ្ជង់ម្តាយ ​និង​ប្រ​ព​ន្ធ​​មិន​​​ឱ្យ​ស្រែក បើ​ហ៊ាន​ស្រែកនឹង​បាញ់​ចោល ។

បន្ទាប់​​មក ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​រើ​កកាយ​យក​ទ្រ​ព្យ​​សម្បត្តិអស់​ជា​ច្រើន មាន​ដូច​ជា​ប្រាក់​ខ្មែរ​៨​លាន​រៀល ប្រាក់​​ដុល្លារ​ ១៥០០​ដុ​លា្លរ​ មាស​៤​ជី ប្លា​​ទី​ន​៣​ជី ប្រាក់របស់​ម្តាយ​៤០​ម៉ឺន និង​៨០​ដុល្លារ និង​កាត​ទូរ​សព្ទ័​ដៃ​៧០​ដុល្លារទៀត ។ ក្រោយ​​ពី​ធ្វើ​សកម្មភាព ​ក្រុម​ចោរ​បានគេចខ្លួនអស់ ចំណែកបុរស​ឈ្មោះហ៊ុយ ធី ត្រូវ​​ក្រុម​គ្រួសារ​យក​ទៅ​សង្គ្រោះ​នៅ​គ្លី​នី​ក​ឯកជន​។

​មក​ដល់​ពេល​នេះ​ សមត្ថ​ក​ចិ្ច​មិន​ទាន់មាន​ត​ម្រុ​យ​ណាមួយ​ ដែល​អាចឈាន​​ដល់​វែកមុខ​ជនសង្ស័យ​​បាន​ទេ ។ ម្យ៉ាងវិញទៀត នៅ​កន្លែង​​កើតហេតុ ជា​ភូមិសាស្ត្រស្មុគស្មាញ ណា​មួយ​ជាប់​ព្រំ​ប្រទល់​ខេត្តកំពង់ស្ពឺផង ។ នេះ​ជា​ករណី​លើក​ទី​១​ហើយ សម្រាប់​ខេត្ត​កំពង់ឆ្នាំង ដែល​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​បែប​នេះ បន្ទាប់​ពី​​​ស្ងប់ស្ងាត់​រយៈពេល២-៣​ឆ្នាំ​ចុង​ក្រោយ​នេះ ​។