ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​បន្ត​អុជ​ធូប​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​បាត់ដំបង បន្ត​ចូល​ទៅ​អុជ​ធូប​នៅ​មុខ​រូប​សំណាក​លោក​បណ្ឌិត កែម ឡី ដែល​បាន​ដាក់​តាំង​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ទៅ​កាន់​សុគតិភព។

រូប​សំណាក​លោក​បណ្ឌិត កែម ឡី ដែល​ធ្វើ​ឡើង​ដោយ​វិចិត្រករ​សូន​រូប​ម្នាក់​ដែល​ជា​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង ផង​នោះ បាន​ដាក់​តាំង​ឲ្យ​ប្រជាពលរដ្ឋ​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​នេះ​ជា​បន្តបន្ទាប់ តាំង​ពី​ថ្ងៃ​ទី​២៥ កក្កដា មក។

ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្រុង​បាត់ដំបង ប្រាប់​អាស៊ីសេរី ក្រោយ​ពី​អុជ​ធូប​គោរព​ដួង​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​មុខ​រូប​សំណាក​នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៣១ កក្កដា ថា មូលហេតុ​ដែល​ពួក​គាត់​អុជ​ធូប​ដោយ​យល់​ឃើញ​ថា លោក​បណ្ឌិត​ជា​វីរជន​ស្នេហា​ជាតិ ដែល​ចេះ​វិភាគ​មាន​មូលដ្ឋាន​ច្បាស់លាស់ ពន្យល់​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ខុស​ដឹង​ត្រូវ​នៃ​ការ​អភិវឌ្ឍ​នៅ​ក្នុង​សង្គម​ជាតិ។ ពួក​គាត់​បញ្ជាក់​ថា ចាប់​តាំង​ពី​ឃាតក​សម្លាប់​លោក​បណ្ឌិត​មក នៅ​មិន​ទាន់​អស់​អាឡោះអាល័យ​ក្ដុកក្ដួល​សោកស្ដាយ​វីរជន​ស្នេហា​ជាតិ​បណ្ឌិត កែម ឡី នៅ​ឡើយ៖ «ខ្ញុំ​នៅ​នឹក​ឃើញ​គាត់​រាល់​ថ្ងៃ ព្រោះ​ខ្ញុំ​ធ្លាប់​ស្ដាប់​លោក​បណ្ឌិត​និយាយ​តាម​វិទ្យុ​អាស៊ីសេរី។ នឹក​គុណ​គាត់​ឲ្យ​កូន​ចៅ​សា​ក្រោយ​ធ្វើ​យក​គំរូ​តាម​គាត់ ដូច​ពាក្យ​បណ្ដាំ​របស់​គាត់​និយាយ​ថា ជូត​ទឹក​ភ្នែក​ហើយ​ដើរ​ទៅ​មុខ​បន្ត​ទៀត»

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង លោក ជា ជីវ មាន​ប្រសាសន៍​ថា រូប​សំណាក​នេះ​ដាក់​បង្ហាញ​ក្នុង​គោល​បំណង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​ជូន​ដល់​លោក​បណ្ឌិត ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ និង​មាន​មនុស្ស​ចូល​ទៅ​អុជ​ធូប​ប្រមាណ​ពី ២០​នាក់​ទៅ ៥០​នាក់​ក្នុង​មួយ​ថ្ងៃ។ ទោះ​បី​ជា​យ៉ាង​ណា លោក​អះអាង​ថា ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​អុជ​ធូប​ភាគ​ច្រើន​ជា​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំណែក​ឯ​ពលរដ្ឋ​ទូទៅ​មាន​តិចតួច៖ «បាទ! ការ​ធ្វើ​រូប​សំណាក​នេះ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ប្រធាន​ក្រុម​ការងារ​គណបក្ស​ខេត្ត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ដែល​ស្រឡាញ់​លោក​បណ្ឌិត កែម ឡី បាន​គោរព​វិញ្ញាណក្ខន្ធ​នៅ​ទីស្នាក់ការ​គណបក្ស​តែ​ម្ដង»

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង បញ្ជាក់​ថា ការ​ដាក់​តាំង​រូប​សំណាក​លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​វិភាគ​សង្គម​ល្បី​ឈ្មោះ ឲ្យ​ប្រជាពលរដ្ឋ​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ គឺ​ជា​រឿង​ល្អ​មួយ​សម្រាប់​សង្គម​ជាតិ ពីព្រោះ​លោក​យល់​ថា ការងារ​នេះ​មិន​ប៉ះពាល់​ដល់​សន្តិសុខ​របស់​ប្រទេស​ឡើយ៖ «បើ​យើង​ឃើញ​ថា គាត់​ជា​មនុស្ស​ល្អ​ហើយ យើង​គួរ​តែ​ធ្វើ​អ្វី​មួយ​ជូន​ដល់​លោក​បណ្ឌិត ដើម្បី​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ធ្វើ​អំពើ​ល្អ​ដើរ​តាម​គន្លង​របស់​គាត់»

រូប​សំណាក​លោក​បណ្ឌិត កែម ឡី ដែល​ដាក់​តាំង​ឲ្យ​ប្រជាពលរដ្ឋ​គោរព​នោះ មាន​កម្ពស់​ប្រហែល​កន្លះ​ម៉ែត្រ ជា​រូប​ត្រឹម​ក ធ្វើ​អំពី​ជ័រ​កៅស៊ូ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា រូប​សំណាក​នេះ​នឹង​យក​ទៅ​ដាក់​តម្កល់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គោរព​ស្រឡាញ់​លោក​បណ្ឌិត កែម ឡី អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​នៅ​វត្ត​សំរោង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។