​ករណី កែម ឡី​៖ លោក អេង ឆៃអ៊ាង​ថា អ្នកនយោបាយ​នឹង​អស់​តម្លៃ បើ​ចេះតែ​ចោទប្រកាន់​គេ​ខុស​ការពិត​ និពន្ធដោយ : ជា ធីរិទ្ធ       August-01-2016, 5:54 pm         1134

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​ករណី កែម ឡី​៖ លោក អេង ឆៃអ៊ាង​ថា អ្នកនយោបាយ​នឹង​អស់​តម្លៃ បើ​ចេះតែ​ចោទប្រកាន់​គេ​ខុស​ការពិត​​នៅ​ថ្ងៃទី ១ ខែ សីហា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​មេធាវី​របស់ខ្លួន បានដាក់​ពាក្យ​ប្តឹង​ឯកឧត្តម សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ទៅ​តុលាការ ។ សម្តេច ហ៊ុន សែន ប្តឹង​ឯកឧត្តម សម រង្ស៊ី ដោយសារតែ​ឯកឧត្តម​ចោទ​រដ្ឋាភិបាល​ថា ជា​អ្នករៀបចំ​អំពើ​ភេរវកម្ម​សម្លាប់​លោក កែម ឡី និង​សម្តេច ប្តឹង​អ្នកស្រី ថាក់ ឡា​នី ដោយសារ​សម្តេច​ទទួល​ព័ត៌មាន​ថា អ្នកស្រី​ចោទ​សម្តេច ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​លោក កែម ឡី​។
មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក ជា  ធី​រិ​ទ្ធ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ​ថា ករណី​ប្តឹង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នេះ មិនមែនជា​រឿង​ចម្លែក​នោះឡើយ​។ តែ​លោក​យល់ថា ការ​ប្តឹងផ្តល់​គ្នា​មិនមែនជា​ដំណោះស្រាយ​ទេ ផ្ទុយទៅវិញ​រដ្ឋាភិបាល​ត្រូវ​វែកមុខ ស្រាវជ្រាវ​ដោយ​តម្លាភាព រក​អ្នក​សម្លាប់​លោក កែម ឡី ពិតប្រាកដ​ឲ្យ​ឃើញ ពេលនោះ​ពលរដ្ឋ ឬ​អ្នកនយោបាយ​នឹង​អស់​តម្លៃ​ដោយ​ខ្លួនឯង បើ​ចោទប្រកាន់​អ្នកដទៃ​ខុស​ការពិត​។

​លោក ជា ធី​រិ​ទ្ធ​៖ លោក អេង ឆៃអ៊ាង តើ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​បណ្តឹង​របស់​សម្តេច ហ៊ុន សែន ដែល​ប្តឹង ឯកឧត្តម សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡា​នី នៅថ្ងៃនេះ​យ៉ាងដូចម្តេច​?

​លោក អេង ឆៃអ៊ាង​៖ ខ្ញុំ​យល់ថា វា​មិនមែន​ជាថ្មី ឬ​រឿង​ចម្លែក​នោះទេ ដែល​រដ្ឋាភិបាល​ជាពិសេស​សម្តេច ហ៊ុន សែន ប្តឹង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ គណបក្ស​ប្រជាជន​កម្ពុជា ប្រើប្រាស់​ប្រព័ន្ធតុលាការ ដើម្បី​គាបសង្កត់​មន្ត្រី​គណបក្សប្រឆាំង​។ ខ្ញុំ​យល់ថា ការ​ប្តឹងផ្តល់​គ្នា វា​មិនមែនជា​ដំណោះស្រាយ ដើម្បី​រក​ឃាតករ​សម្លាប់​លោក​បណ្ឌិត កែម ឡី ឃើញ​នោះទេ​។ រឿង​ដែល​រដ្ឋាភិបាល​ត្រូវធ្វើ គឺ​ត្រូវ​ចាត់វិធានការ ស្រាវជ្រាវ វែកមុខ  ដោយ​តម្លាភាព រក​ជនដៃដល់​ពិតប្រាកដ ដែល​សម្លាប់​លោក កែម ឡី យកមក​ផ្តន្ទាទោស​តាមច្បាប់ ដើម្បី​ឲ្យ​មហាជន​អស់​ការសង្ស័យ និង​ឈប់​ចោទប្រកាន់​រដ្ឋាភិបាល​ទៀត​។

​លោក ជា ធី​រិ​ទ្ធ​៖ តែ​យ៉ាងណា ថ្វីដ្បិតតែ​ការ​ប្តឹងផ្តល់​មិនមែនជា​ដំណោះស្រាយ​មែន តែ​ក្នុងនាម​លោក​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ម្នាក់ យល់ថា ការ​ចេះតែ​ចោទ​នរណា​មួយ​ស្រេច​ចិត្ត ជាក់ស្តែង​ដូចជា​ចោទ​សម្តេច ហ៊ុន សែន ថា ជា​អ្នក​សំ​ម្លា​ប់លោក កែម ឡី មិន​ប៉ះពាល់​ដល់​កិត្តិយស​សម្តេច​ឬទេ បើ​វា​មិនមែនជា​ការពិត​?

​លោក អេង ឆៃអ៊ាង​៖ យើង​ដឹង​ហើយ​ថា អំពើ​ឃាតកម្ម​លើ​លោក កែម ឡី នេះ ប្រជាជន​ខ្មែរ​ភាគច្រើន​មានការ​សង្ស័យ ហើយ​អ្នកខ្លះ​ក៏​លួច​គិតក្នុងចិត្ត អ្នកខ្លះ​និយាយ​បញ្ឆិតបញ្ឆៀង តែ​អ្នកខ្លះ​និយាយ​ចេញមក​តែ​ម្តងថា រដ្ឋាភិបាល​ជា​អ្នក​សម្លាប់​។ ដូច្នេះ រដ្ឋាភិបាល​ត្រូវ​វែកមុខ​ឃាតករ​ពិត​ឲ្យ​ឃើញ​មក ដើម្បី​ឲ្យ​គេ​អស់​ការសង្ស័យ​នឹង​ឈប់​ចោទប្រកាន់​។ នៅពេលដែល​រដ្ឋាភិបាល​រកឃើញ​ឃាតករ​ពិត ច្បាស់​ថា មិនមែន​រដ្ឋាភិបាល​ជា​អ្នករៀបចំ​សម្លាប់​លោក កែម ឡី ខ្ញុំ​គិតថា អ្នក​ដែល​ចោទ​រដ្ឋាភិបាល​នោះ ទាំង​ប្រជាពលរដ្ឋ ទាំង​អ្នកនយោបាយ នឹង​អស់​តម្លៃ​ដោយ​ខ្លួនឯង​។ ចំពោះ​អ្នកនយោបាយ​ពលរដ្ឋ​លែង​បោះឆ្នោត​ឲ្យ ប្រជាពលរដ្ឋ​គេ​លែង​ជឿ ព្រោះ​ដើរ​ចោទប្រកាន់​គេ​មិន​ត្រឹមត្រូវ​។ តែបើ​យើង​នៅតែ​ទុក​ឲ្យ​គេ​សង្ស័យ គ្មាន​ការស្រាវជ្រាវ​ពិតប្រាកដ ដោយមាន​ត​ម្ល​ភាព រក​អ្នករៀបចំ​ធ្វើឃាត​មិនឃើញ មិន​ឲ្យ​គេ​សង្ស័យ ឬ​ចោទប្រកាន់​យ៉ាងម៉េច​។​

​លោក ជា ធី​រិ​ទ្ធ​៖ ជា​សំណួរ​ចុងក្រោយ​របស់ខ្ញុំ លោក អេង ឆៃអ៊ាង បណ្តឹង​ថ្មី​របស់​សម្តេច ហ៊ុន សែន លើ​ឯកឧត្តម សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី  តើ​គណបក្ស​សង្គ្រោះ​ជាតិ​នឹងមាន​វិធានការ ឬ​រក​មេធាវី ដើម្បី​តតាំង​ក្តី​ជាមួយ​សម្តេច ហ៊ុន សែន ឬទេ​?

​លោក អេង ឆៃអ៊ាង​៖ ដូច​ខ្ញុំ​និយាយ​ហើយ​ថា យើង​មិន​ចាប់អារម្មណ៍ ព្រោះ​វា​មិនមាន​ជា​រឿង​ចម្លែក​នោះទេ ដែល​គណបក្សកាន់អំណាច​ប្រើ​ប្រព័ន្ធតុលាការ​ចាត់ការ​មន្ត្រី​ជាន់ខ្ពស់​របស់​យើង​។ ហើយ​ខ្ញុំ​សូមបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា បើ​ចង់បាន​ប្រជាប្រិយភាព គួរតែ​ប្រើ​អំណាច​ដែល​ខ្លួន​មាន ធ្វើអំពើ​ល្អ បង្កើត​ការងារ​ជូន​ប្រជាជន និង​រក​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌​ទៅ នឹង​ទទួលបាន​ការគាំទ្រ​ជាមិនខាន ហើយ​គណបក្សប្រឆាំង​បើ​ចេះតែ​ចោទ​រដ្ឋាភិបាល​ខុស នឹង​អស់​តម្លៃ​ដោយ​ខ្លួនឯង ប្រជាពលរដ្ឋ​ចេះ​គិត គេ​លែង​គាំទ្រ​ហើយ ដោយ​មិនចាំបាច់​ប្រើ​ប្រព័ន្ធតុលាការ​ធ្វើបាប​បក្សប្រឆាំង​នោះទេ​៕