វីដេអូ​បង្ហាញ​ពី​កង​កម្លាំង​ពិសេស​បារាំង​វាយ​រំដោះ​ចំណាប់​ខ្មាំង នៅ​ក្នុង​ព្រះ​វិហារ

កងកម្លាំងពិសេសបារាំង មិនមែនចេះតែដាក់ពង្រាយគ្រប់ពេល និងគ្រប់ទីកន្លែងនោះទេ។ ហេតុដូច្នេះហើយ ទើប​យុវជន ម៉ាទីស (Mathis) បានភ្ញាក់ពីដំណេក លឿនជាសព្វមួយដង ហើយស្ទុះយកទូរស័ព្ទដៃ មកថតពី​ហេតុការណ៍​នេះ ដែល​បាន​កើត​ឡើង​​ទាំងព្រលឹមអុល ក្នុងព្រះវិហារកាតូលីក «Saint-Etienne-du-Rouvray» ទីកន្លែង​ដែល​ភេរវជន​ពីរ​នាក់ បាន​ចាប់​មនុស្ស​ច្រើន​នាក់ ធ្វើជាចំណាប់ខ្មាំង កាលពីដើមសប្ដាហ៍មុន។
រូបភាពទាំងស្រុង នៃការថតវីដេអូរបស់យុវជន ម៉ាទីស ពីបង្អួចផ្ទះរបស់ខ្លួន ទៅលើសកម្មភាព របស់កងកម្លាំងពិសេសបារាំង។

នៅក្នុងអំឡុងពេលវិសមកាល និងនៅផ្ទះតែម្នាក់ឯងដូច្នេះ យុវជនជាតិបារាំង ឈ្មោះ ម៉ាទីស (Mathis) ដែល​មានអាយុ១៧ឆ្នាំ កម្រនឹងភ្ញាក់ពីដំណេក នៅមុនម៉ោង១០ព្រឹក​ណាស់។ តែនៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា​កន្លង​ទៅនេះ ជាព្រឹកមួយ ដែលមានលក្ខណៈចម្លែក ជាងពេលណាៗទាំងអស់។ នោះ គឺ«សន្ធឹកនៃការ​ចល័ត​កម្លាំង និង​ការនិយាយជជែកគ្នា ខុសសព្វមួយដង» បានដាស់យុវជនម៉ាទីសឲ្យភ្ញាក់ឡើង ហើយក្រឡេក​ភ្នែក​មើល​តាម​មាត់បង្អួច ដែលបើកទៅចំព្រះវិហារកាតូលីក នៃក្រុង«Saint-Etienne-du-Rouvray» (ជាប់ក្រុង រូអង់ ភាគ​ខាង​ជើង​ប្រទេសបារាំង)។

ពេលនោះ ទើបយុវជន ម៉ាទីស យល់ថា វាជាការដាក់ពង្រាយកម្លាំងពិសេស ដែលមានឈ្មោះ «BRI (Brigade de recherche et d'intervention)» ដើម្បីធ្វើអន្តរាគមន៍ ប្រឆាំងការចាប់ជម្រិតមួយ នៅ​ក្នុង​ព្រះវិហារ​​នេះ ដែល​បានផ្ដាច់ជីវិត​បុព្វជិកកាតូលីក វ័យចំណាស់មួយរូប។ មិនបង្អង់យូរ យុវជនបាន​ទាញ​ទូរស័ព្ទ ដើម្បី​ថត​ហេតុការណ៍​នេះ តាំង​ពី​ដើម​រហូតដល់ចប់ និងបន្ទាប់មក បាន​ប្រគល់​វីដេអូនេះ ឲ្យ​​ទៅ​សារព័ត៌មាន «Télégramme» ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​បន្ត។

នៅក្នុងវីដេអូ គេស្ដាប់ឮយុវជនធ្វើអត្ថាធិប្បាយ ជាមួយនឹងរូបភាពខ្លះៗថា៖ «មានឮសម្លេងស្រែក "Allahu akbar (ភាសាអារ៉ាប់ មានន័យថា ព្រះអាឡាហ៍ ធំជាងគេ)" នៅក្នុងព្រះវិហារ... ចំមែន!»។ បន្ទាប់មកយុវជន បានភ្លាត់មាត់ទៀតថា៖ «មានគ្រាប់ផ្ទុះទៀត... ឳម៉ែហើយវើយ!»។

ម៉ាទីស បានថ្លែងប្រាប់សារព័ត៌មានថា ដំបូងឡើយ ខ្លួនស្មានតែហេតុការណ៍នេះ គ្រាន់តែជា«ចោរកម្ម»​មួយ​ប៉ុណ្ណោះ។ យុវជនបានថ្លែងបន្តថា៖ «បន្ទាប់មក ខ្ញុំឮសម្លេងមនុស្សម្នាក់ស្រែកឡើង ហើយឮការផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់។ ពួកគេបានជម្លៀសមនុស្ស ដែលត្រូវបានចាប់ធ្វើចំណាប់ខ្មាំងនោះ ចេញមកក្រៅទាំងអស់។ (...) វា​ជា​រឿង​មួយ​ចម្លែក​ណាស់។ យើងចេះតែសួរខ្លួនឯងថា ហេតុអ្វីក៏រឿងបែបនេះ បែរជាមកកើតឡើង នៅក្នុង​ស្រុក​យើង​ដូច្នេះ?»៕