ចិន អរគុណ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ជួយ​កម្ចាត់​ក្រុម​បំបែក​ខ្លួន​ភាគ​ខាងលិច​ចិន​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-01-2016, 8:19 pm         284

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន អរគុណ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ជួយ​កម្ចាត់​ក្រុម​បំបែក​ខ្លួន​ភាគ​ខាងលិច​ចិន​រដ្ឋមន្ត្រីការពារជាតិចិន លោក Chang Wanquan​រដ្ឋមន្ត្រី​ការពារ​ជាតិចិន បាន​ជួប​ជាមួយ​មេបញ្ជាការ​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន និង​បាន​ឆ្លៀត​ពេលនោះ អរគុណ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បាន​ជួយ​គាំទ្រ​ក្នុង​ប្រតិបត្តិការ​ប្រឆាំងនឹង​ក្រុម​បំបែក​ខ្លួន​នៅ​តំបន់​ស៊ីន​ជាំ​ង​។ រដ្ឋាភិបាល​ចិន នាពេល​កន្លងមក ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ការ​រាលដាល​សកម្មភាព​ភេរវកម្ម​ពី​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន ចូលមក​តំបន់​នេះ​ដែល​សម្បូរ​ជន​មូស្លីម Uighur​។​

​រដ្ឋាភិបាល​ចិន បាន​កោតសរសើរ​ភាគី​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​ការជួយ​កម្ចាត់​ក្រុម​ជ្រុលនិយម ដែល​ក្រុង​ប៉េកាំង​ចាត់ទុក​ក្រុម​នេះ​ថា ចង់​បំបែក​តំបន់​ភាគ​ខាងលិច​ពី​ការ​គ្រប់​គ្រង់​របស់ខ្លួន​។ ក្រុង​ប៉េកាំង យកចិត្ត​ទុក​យ៉ាងខ្លាំង​ចំពោះ​អស្ថិរភាព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ជាពិសេស​ខ្លា​ចការ​ជ្រៀតចូល​របស់​ភេរវ​ករ​ចូលមក​តំបន់​ស៊ីន​ជាំ​ង មាន​អ្នក​កាន់សាសនា​ឥស្លាម​ច្រើន និង​តែងតែមាន​អំពើហិង្សា​ជា​ញឹកញយ ដោយបាន​ទម្លាក់កំហុស​លើ​ក្រុម​មូស្លីម​ជ្រុលនិយម​។

​ក្រុម​ចលនា​ឥស្លាម​តួ​កេ​ស្ថាន​ខាងកើត (ETIM) ដែលមាន​សកម្មភាព​នៅ​តំបន់​នោះ ត្រូវបាន​អាមេរិក និង​អង្គការសហប្រជាជាតិ ដាក់ចូល​ក្នុង​បញ្ជី​ក្រុម​ភេរ​វករ និង​តែងតែ​រង​ការបន្ទោស​ចំពោះ​អំពើហិង្សា​ដែល​កើតឡើង​។ ក្នុងជំនួប​ជាមួយ​នាយសេនាធិការ​ក​ង​ទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន Qadam Shah Shaheem រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក Chang Wanquan និយាយថា លោក​អរគុណ​អា​ហ្វ​ហ្គា​នី​ស្ថាន ចំពោះ​ការគាំទ្រ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម ETIM ក៏ដូចជា​បញ្ហា​ដទៃ​ដែល​ទាក់ទង​ផល​ប្រ​យោ​ជ​ន៏​ចិន​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua នៅ​ថ្ងៃទី​៣១ ខែកក្កដា ប្រមុខ​ការពារ​ជាតិចិន​រំពឹងថា យោធា​ប្រទេស​ទាំងពីរ នឹង​បន្តធ្វើ​ឲ្យ​រីកចម្រើន​ក្នុង​ទំនាក់ទំនង​រវាង​គ្នា និង​ចូលរួម​កាន់តែច្រើន​ទៀត ដើម្បី​ការពារ​សន្តិសុខ​ប្រទេស​ទាំងពីរ ព្រមទាំង​បង្កើត​បរិយាកាស​ល្អប្រសើរ សម្រាប់​ការអភិវឌ្ឍ​ផងដែរ​។ ចំណែក​មេទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​បញ្ជាក់​វិញ​ថា ខ្លួន​នឹង​បន្ត​ជួយ​ប្រយុទ្ធ​នឹង​ក្រុម ETIM តាមរយៈ​កិច្ចប្រតិបត្តិការ​ស៊ីជម្រៅ​លើ​ការបណ្ដុះបណ្ដាល​ទាហាន ការធ្វើ​សមយុទ្ធ​រួមគ្នា និង​តាម​វិធីសាស្ត្រ​ដទៃទៀត​។​

​សូមបញ្ជាក់ថា ចិន កំពុងតែធ្វើការ​ជាមួយ​ប៉ា​គី​ស្ថាន និង​អាមេរិក ដើម្បី​ស្វែងរក​សន្តិភាព​ជាមួយ​ក្រុម​តា​លី​បង់ ដ្បិត​ចិន​តែង​បារម្ភ​ចំពោះ​លំហូរ​នៃ​ឥទ្ធិពល​ក្រុម​តា​លី​បង់​ចូល​តំបន់​ភាគ​ខាងលិច​របស់ខ្លួន​។ យ៉ាងណាក្ដី ការព្យាយាម​ទាំង​អម្បាលម៉ាន បានត្រឹមតែ​នៅ​ចំណុច​ចរចា​ប៉ុណ្ណោះ ហើយ​អាច​ឈានដល់​បរាជ័យ ក្រោយ​មេដឹកនាំ​តា​លី​បង់ Mullah Mohammad Akhtar Mansour ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​ដែនអាកាស​របស់​អាមេរិក កាលពី​ខែឧសភា​។  

​កន្លងមក បើទោះជា​ព្រួយបារម្ភ​ចំពោះ​ការគំរាមកំហែង​ពី​ក្រុម​ជ្រុលនិយម​ក៏ដោយ ចិន​តែង​បដិសេធ​អន្តរាគមន៍​យោធា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ជំនួស​មកវិញ ក្រុង​ប៉េកាំង តែង​សន្យា​ផ្ដល់ជំនួយ​សេដ្ឋកិច្ច និង​មនុ​ស្សធ​ម៍​ផ្សេងៗ ដើម្បី​ជួយ​កសាង​ប្រទេសមួយ​នេះ​ឡើងវិញ បន្ទាប់ពី​ការ​លុកលុយ​របស់​អាមេរិក ក្នុង​ឆ្នាំ​២០០១៕