បើរុស្ស៊ីមិនរងការដាក់ទណ្ឌកម្ម ហើយចិនមិនរងការដាក់គំនាបពីអាមេរិកនោះ ពិភពលោកទាំងមូលនឹងធ្លាក់នៅក្នុងដៃប្រទេសទាំងពីរ

គម្រោងបែងចែកពិភពលោកគ្រប់គ្រងរបស់ប្រទេសមហាអំណាចយោធាចិននិងរុស្ស៊ីត្រូវបានអាមេរិកដឹងជាមុនហើយទប់ស្កាត់ទាន់ពេលវេលាបើមិនដូច្នោះទេ រុស្ស៊ីនិងចិនប្រាដកជាដណ្តើមមហាអំណាចទីមួយពីអាមេរិកមកហែកចែកគ្នាគ្រប់គ្រងជាមិនខាន។

បើរុស្ស៊ីមិនរងការដាក់ទណ្ឌកម្ម ហើយចិនមិនរងការដាក់គំនាបពីអាមេរិកនោះ ពិភពលោកទាំងមូលនឹងធ្លាក់នៅក្នុងដៃប្រទេសទាំងពីរ

ការណ៍ដែលរុស្ស៊ីរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបានធ្វើឲ្យរុស្ស៊ីថយកម្លាំងយ៉ាងខ្លាំងពិសេសលើវិស័យសេដ្ឋកិច្ចបានធ្វើឲ្យប្រទេសនេះមិនអាចក្រោកឡើងប្រឆាំងអាមេរិក ហើយលោកពូទីនក៏បានប្រកាសទទួលស្គាល់អាមេរិកជាប្រទេសមហាអំណាចតែមួយគត់លើពិភពលោក។

ចំពោះចិនវិញក៏ដូចគ្នាបើអាមេរិកមិនអាចរារាំងមហិច្ឆតាគ្រប់គ្រងសមុទ្រចិនភាគខាងត្បូងរបស់ទីក្រុងប៉េកាំងបានទេ នោះមហាអំណាចទីមួយរបស់អាមេរិកក៏នឹងរងការបាត់បង់ដូចគ្នា។

ពិភពលោកបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាអំណាចអាមេរិកដែលមានសម្ពន្ធមិត្តដ៏រឹងមាំនិងសុទ្ធសឹងតែជាប្រទេសមហាអំណាចសេដ្ឋកិច្ច ។ ទាំងនោះហើយគេអាចនិយាយបានថា ក្នុងរយៈពេល១ឬ២ទសវត្សខាងមុខមហាអំណាចពិភពលោករបស់អាមេរិកមិនរងការគំរាមកំហែងនោះឡើយ។

បើទោះបីចិននិងរុស្ស៊ីមានបំណងចង់ដណ្តើមមហាអំណាចពីអាមេរិកក៏ជារឿងមួយដ៏លំបាកដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសទាំង២មិនទាន់អាចតាមទាន់អាមេរិកនោះឡើយក្នុងរយៈពេលខ្លី បើទោះជាចិនក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២នៅលើពិភពលោកក៏ដោយ។

បច្ចុប្បន្នចិនបានខិតខំពង្រីកអំណាចគ្រប់គ្រងនៅតំបន់សមុទ្រចិនភាគខាងត្បូងដែលជាមូលដ្ឋានគ្រឹះនៅក្នុងការឆ្ពោះទៅរកការគ្រប់គ្រងពិភពលោកទាំងមូល។ ចំណែកសម្ពន្ធមិត្តចិនគឺរុស្ស៊ីកំពុងតែពង្រីក ឥទ្ធិពលនៅតំបន់មជ្ឈិមបូព៌ា។ ជាច្រើនទសវត្សកន្លងមកកម្លាំងទាហានជើងទឹកអឺរ៉ុបបានបង្ហាញវត្ដមាននៅគ្រប់ទិសទីជុំវិញពិភពលោកដើម្បីខួងយកធនធានធម្មជាតិជួញដូរ និងបង្កើតបណ្ដាញ គ្រប់គ្រងពិភពលោកទាំងមូល ។ ប៉ុន្ដែរូបភាពទាំងនោះពេលនេះត្រូវបានផ្លាស់ប្ដូរ ទាំងស្រុងដោយសារតែការងើបឡើងនៃប្រទេសចិននិងរុស្ស៊ី។

នៅរដូវរងាកាលពីឆ្នាំ២០១៥គេអាចមើលឃើញកម្លាំងទាហានជើងទឹកចិននៅតំបន់សមុទ្រមេឌីទែរ៉ាណេជាលើកដំបូងចូលរួមធ្វើសកម្មភាពសមយុទ្ធជាមួយរុស្ស៊ី។ គម្រោងធ្វើសមយុទ្ធនោះត្រូវបានប្រកាសកាលពីសបា្ដហ៍កន្លងទៅនៅទីក្រុងប៉េកាំងក្រោយកិច្ចប្រជុំរវាងមន្ដ្រីយោធាប្រទេសទាំងពីរ។

ជាការពិតណាស់ចិនប្រាកដជាពេញចិត្ដយ៉ាងខ្លាំងនៅពេលដែលនាវាចម្បាំងរបស់កម្លាំងទាហានជើងទឹកចិនបង្ហាញវត្ដមាននៅតំបន់សមុទ្រដែលគេចាត់ទុកថា ជាបេះដូងនៃសម្ពន្ធមិត្ដអឺរ៉ុប។ ប៉ុន្ដែការធ្វើ សមយុទ្ធនោះមិនត្រឹមតែជាតំណាងប៉ុណ្ណោះទេគឺវាបានបង្ហាញយ៉ាងច្បាស់ពីដំណើរឆ្ពោះទៅមុខដ៏សំខាន់របស់ចិននិងរុស្ស៊ីដែលចាប់ដៃគ្នារៀបចំសន្ដិសុខសណ្ដាប់ ធ្នាប់ពិភពលោកឡើងវិញនៅពេលដ៏ខ្លីខាងមុខនេះ។

រដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងមូស្គូតែងតែប្រឆាំងរាល់សកម្មភាពយោធា របស់លោកខាងលិចនៅជិតព្រំដែនរបស់ខ្លួន។ ចិនបានប្រតិកម្មយ៉ាងខ្លាំងពេលមាន យន្ដហោះយាមល្បាតរបស់កម្លាំងទាហានជើងទឹកអាមេរិកហោះហើរជិតព្រំដែន សមុទ្ររបស់ខ្លួន។ ចំណែករុស្ស៊ីក៏កំពុងរារាំងគម្រោងឆ្ពោះទៅទិសខាងកើតរបស់អង្គការណាតូដើម្បីដាក់បញ្ចូលសមាជិកថ្មី ដែលជាប្រទេសអតីតសហភាពសូវៀតក្នុងគោលដៅឡោមព័ទ្ធប្រទេសរុស្ស៊ីមិនឱ្យងើបរួច។

ដូច្នេះការធ្វើសមយុទ្ធរួមនៅពេលខាងមុខនៅសមុទ្រមេឌីទែរ៉ាណេជាសារដ៏មានសារសំខាន់ និងច្បាស់លាស់ដល់ប្រទេសលោកខាងលិច។ ប្រសិនបើណាតូនៅតែបន្ដយាមល្បាតជិតព្រំដែនចិន និងរុស្ស៊ីប្រទេសទាំង២ក៏អាចចូលទៅកៀកព្រំដែនណាតូនិងអាមេរិកផងដែរ។

ខាងក្រោយនៃគម្រោងធ្វើសមយុទ្ធរួមជាយុទ្ធសាស្ដ្រស៊ីជម្រៅរបស់ចិននិងរុស្ស៊ីក្នុងគោលដៅរៀបចំសណ្ដាប់ធ្នាប់សន្ដិសុខ ពិភពលោកឡើងវិញនោះគឺពឹងផ្អែកទៅលើឥទ្ធិពលប្រទេសទាំងពីរ។ ទាំងចិននិងរុស្ស៊ីបានយល់ឃើញថា ប្រទេសទាំង២មានសិទ្ធិច្រានចោលឬទទួលយកនូវអ្វីដែលកំពុងតែកើតមាននៅក្នុងប្រទេសជិតខាង។

រុស្ស៊ីបានចាត់ទុកអ៊ុយក្រែនថា ជាប្រទេសស្ថិតនៅក្រោមអាណានិគមរបស់ទីក្រុង មូស្គូជាច្រើនទសវត្សកន្លងមក ហើយពេលនេះបើអ៊ុយក្រែនចូលជាសមាជិកសហគមន៍អឺរ៉ុបគឺជារឿងមិនអាចទទួលយកបានឡើយ ។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌី មៀរ ពូទីន ក៏ជំរុញទស្សនៈបង្កើតសម្ពន្ធមិត្ដ អាស៊ីអឺរ៉ុបដើម្បីស្ដារកិត្ដិយសរបស់រុស្ស៊ី នៅតំបន់ដែលប្រទេសខ្លួនមានឥទ្ធិពលទៅលើជាយូរណាស់មកហើយ។

កន្លងមកថ្មីៗចិនក៏បានស្វែងរកវិធីសាស្ដ្របង្កើនឥទ្ធិពលរបស់ខ្លួននៅទ្វីបអាស៊ីដោយពឹងផ្អែកទៅលើកំណើនសេដ្ឋកិច្ចយ៉ាងខ្ពស់របស់ខ្លួន។ ប៉ុន្ដែចិនបែរជាអនុវត្ដគោលនយោបាយគំរាមកំហែងដល់សន្ដិសុខប្រទេសជិតខាងទៅវិញ។ បច្ចុប្បន្នចិនកំពុងជ្រៀតជ្រែកចូលក្នុងវិវាទដែនអធិបតេយ្យជាមួយប្រទេសជាច្រើនដែលមានព្រំដែនគោក និងព្រំដែនសមុទ្រជាប់គ្នាក្នុងនោះមានទាំងប្រទេសឥណ្ឌា និងជប៉ុនព្រមទាំងបណ្ដាប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍ ។ កាលពីឆ្នាំ២០១៣ចិនក៏បានប្រកាសបង្កើតតំបន់ការពារដែនអាកាសនៅតំបន់សមុទ្រចិនភាគខាងកើតក្នុងគោលដៅគ្រប់គ្រងទៅលើប្រជុំកោះដែលមានវិវាទ។

ទស្សនៈមួយចំនួនរបស់លោកខាងលិចបានលើកឡើងថា ដើម្បីសន្ដិភាពគួរតែទទួលស្គាល់ឥទ្ធិពលរបស់រុស្ស៊ីនិងចិននៅក្នុងតំបន់។ ឆ្លើយតបទៅនឹងបទសម្ភាសន៍មួយអតីតរដ្ឋមន្ដ្រីការបរទេសអាមេរិកលោក Henry Kissinger បាននិយាយ ដោយចំៗថា មានមូលហេតុជាច្រើនដែលធ្វើឱ្យអ៊ុយក្រែនមិនអាចសម្រេចអនាគតរបស់ខ្លួនបានឡើយ ដោយសារប្រទេសនេះ ស្ថិតក្រោមឥទ្ធិពលរបស់រុស្ស៊ី។ ដូច្នេះដើម្បីសន្ដិភាពលោកខាងលិចក៏ត្រូវទទួលស្គាល់ ឥទ្ធិពលទាំងនោះផងដែរ ។

រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ពិតជាមិនទទួល ស្គាល់នូវការចូលមកកៀកទាំងនោះរបស់ រុស្ស៊ី និងចិន។ អនុប្រធានក្រុមប្រឹក្សាសន្ដិសុខជាតិអាមេរិកក៏បានប្រឆាំងទៅនឹង ទស្សនៈជាប្រទេសមហាអំណាចនៅក្នុង តំបន់ផងដែរ ។

ជាមួយនឹងសក្ដានុពលទាំងសេដ្ឋកិច្ច និងយោធានាពេលបច្ចុប្បន្នអាមេរិកអាចនឹងបង្កើនឥទ្ធិពលនៅគ្រប់ទិសទីជុំវិញពិភពលោក ។ ចំពោះរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននាពេលបច្ចុប្បន្នមិនបានប្រើប្រាស់ ទស្សនៈជាប្រទេសមហាអំណាចក្នុងតំបន់ទៀតឡើយគឺជាមហាអំណាចពិភពលោកទាំងមូល។ អាមេរិកបានដាក់កម្លាំងទាហានជើងទឹកជាច្រើននៅជប៉ុន កូរ៉េខាងត្បូង ទីតាំងទ័ពអាកាសនៅបារ៉ែន និងកាតារ ។

ចំណែកណាតូក៏បានបង្កើតទីតាំងយោធានៅគ្រប់ទិសទីជុំវិញពិភពលោកដែរ ជា ពិសេសគឺប្រទេសដែលជាសមាជិក។

ជាការពិតចិននិងរុស្ស៊ីពិតជាមានក្តីព្រួយបារម្ភយ៉ាងខ្លាំងដែលប្រទេសទាំង២អាចប្រឈមនឹងការនៅឯកោនៅក្នុងយុទ្ធសាស្ដ្រ រារាំងអាមេរិក ។ អាមេរិកមានសម្ពន្ធមិត្ដនៅគ្រប់ទិសទីជុំវិញពិភពលោក ហើយបើសហរដ្ឋអាមេរិកកាត់ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសទាំង២នោះប្រទេសដទៃទៀតក៏ត្រូវដើរតាម អាមេរិកកាត់ផ្ដាច់ទំនាក់ ទំនងដូចគ្នាដែរ ។ ទាំងនោះហើយចិន និងរុស្ស៊ីប្រាកដជានៅឯកោ។

ការណ៍ដែលចិននិងរុស្ស៊ីចង់អនុវត្ដយុទ្ធសាស្ដ្ររៀបចំពិភពលោកឡើងវិញមិន មែនជារឿងងាយស្រួលនោះទេ ពីព្រោះបច្ចុប្បន្នយុទ្ធសាស្ដ្រនៅលើពិភពលោក ស្ថិតក្រោមការរៀបចំរបស់អាមេរិក និងសម្ពន្ធមិត្ដ។ បើចិននិងរុស្ស៊ីចង់ធ្វើរឿងនោះបានជោគជ័យលុះត្រាណាតែយកឈ្នះអាមេរិកជាមុនសិន ។ ការយកឈ្នះអាមេរិកក្លាយជាប្រទេសមហាអំណាចទី១លើពិភពលោកមិនមែនជារឿងដែលអាចកើតឡើង២-៣ឆ្នាំខាងមុខនោះឡើយគឺចិន និងរុស្ស៊ីចាំបាច់ត្រូវប្រើរយៈពេលពី២០ឆ្នាំឡើងទៅ ហើយក៏មិនប្រាកដថាយកឈ្នះ អាមេរិកទាំងស្រុងនោះដែរ ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • បើរុស្ស៊ីមិនរងការដាក់ទណ្ឌកម្ម ហើយចិនមិនរងការដាក់គំនាបពីអាមេរិកនោះ ពិភពលោកទាំងមូលនឹងធ្លាក់នៅក្នុងដៃប្រទេសទាំងពីរ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:កំសាន្ត
Tags: